ជន‌គណនា 7:83-89 KHSV

83 ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​អហ៊ី‌រ៉ា ជា​កូន​របស់​លោក​អេណាន។

84 តង្វាយ​ដែល​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​មក​ថ្វាយ នៅ​ថ្ងៃ​ចាក់​ប្រេង​សម្ពោធ​អាសនៈ សរុប​ទាំង​អស់​មាន​ពាន​ប្រាក់​ដប់‌ពីរ ថូ​ប្រាក់​ដប់‌ពីរ ពែង​មាស​ដប់‌ពីរ។

85 ពាន​ប្រាក់​នីមួយៗ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​នីមួយៗ​ទម្ងន់​ម្ភៃ​តម្លឹង ដូច្នេះ គ្រឿង​ប្រដាប់​ជា​ប្រាក់​មាន​ទម្ងន់​ទាំង​អស់​ប្រាំ‌ពីរ​រយ​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី‌សក្ការៈ។

86 រីឯ​ពែង​មាស​ទាំង​ដប់‌ពីរ​ដែល​មាន​ដាក់​គ្រឿង​ក្រអូប​ពេញ​នោះ ក្នុង​ពែង​នីមួយៗ​មាន​ទម្ងន់​បី​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី‌សក្ការៈ។ សរុប​មក​ទម្ងន់​របស់​ពែង​មាស​ទាំង​អស់​មាន​សាម‌សិប​ប្រាំ​មួយ​តម្លឹង។

87 រីឯ​ចំនួន​សត្វ​សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​មាន​គោ​ស្ទាវ​ដប់‌ពីរ ចៀម​ឈ្មោល​ដប់‌ពីរ កូន​ចៀម​អាយុ​មួយ​ខួប​ដប់‌ពីរ ដែល​ត្រូវ​ថ្វាយ​ជា​មួយ​តង្វាយ​ម្សៅ។ រីឯ​យញ្ញ‌បូជា​រំដោះ​បាប​មាន​ពពែ​ឈ្មោល​ដប់‌ពីរ។

88 ចំនួន​សត្វ​សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​សរុប​ទាំង​អស់​មាន​គោ​ឈ្មោល​ម្ភៃ‌បួន ចៀម​ឈ្មោល​ហុក‌សិប ពពែ​ឈ្មោល​ហុក‌សិប និង​កូន​ចៀម​អាយុ​មួយ​ខួប​ហុក‌សិប។ នេះ​ជា​តង្វាយ​សម្រាប់​ពិធី​សម្ពោធ​អាសនៈ ក្រោយ​ពេល​ធ្វើ​ពិធី​លាប​ប្រេង​រួច។

89 នៅ​ពេល​លោក​ម៉ូសេ​ចូល​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ដើម្បី​សន្ទនា​ជា​មួយ​ព្រះ‌អង្គ លោក​បាន​ឮ​ព្រះ‌សូរសៀង​ពី​លើ​គម្រប​ហិប​នៃ​សន្ធិ‌សញ្ញា ដែល​ស្ថិត​នៅ​ចន្លោះ​ចេរូប៊ីន​ទាំង​ពីរ។ លោក​ក៏​សន្ទនា​ជា​មួយ​ព្រះ‌អង្គ។