ជន‌គណនា 8:18-24 KHSV

18 ហេតុ​នេះ យើង​បាន​យក​ពួក​លេវី​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល ជំនួស​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ។

19 យើង​បាន​យក​ពួក​លេវី​ពី​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល ប្រគល់​ទៅ​ឲ្យ​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​ការ‌ងារ​បម្រើ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ឲ្យ​ពួក​គេ​ធ្វើ​ពិធី​រំដោះ​បាប​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ ធ្វើ​ដូច្នេះ អ៊ីស្រា‌អែល​នឹង​មិន​ជួប​គ្រោះ​កាច​ណា​មួយ ព្រោះ​តែ​ចូល​មក​ជិត​ទី‌សក្ការៈ​ឡើយ»។

20 លោក​ម៉ូសេ លោក​អើរ៉ុន និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល នាំ​គ្នា​អនុវត្ត​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ ស្ដី​អំពី​ពួក​លេវី។

21 ពួក​លេវី​នាំ​គ្នា​ធ្វើ​ពិធី​ជម្រះ​កាយ និង​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន។ លោក​អើរ៉ុន​បាន​ធ្វើ​ពិធី​ញែក​ពួក​គេ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ ហើយ​ធ្វើ​ពិធី​លោះ​បាប​ពួក​គេ និង​ជម្រះ​ពួក​គេ​ឲ្យ​បរិសុទ្ធ។

22 បន្ទាប់​មក ពួក​លេវី​នាំ​គ្នា​មក​បំពេញ​មុខ‌ងារ​របស់​ខ្លួន​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​អើរ៉ុន និង​កូន​ចៅ​របស់​លោក។ គេ​បាន​អនុវត្ត​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ ស្ដី​អំពី​ពួក​លេវី។

23 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

24 «ពួក​លេវី​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ត្រូវ​ចូល​ទៅ​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់​ទាំង​អស់​គ្នា។