ជន‌គណនា 9:15-21 KHSV

15 នៅ​ថ្ងៃ​ដែល​គេ​ដំឡើង​ព្រះ‌ពន្លា នោះ​មាន​ពពក*​មក​គ្រប​បាំង​ព្រះ‌ពន្លា គឺ​ពន្លា​នៃ​សក្ខីភាព។ ពពក​នោះ​មាន​ទ្រង់‌ទ្រាយ​ដូច​ភ្លើង ស្ថិត​នៅ​ពី​លើ​ព្រះ‌ពន្លា ចាប់​ពី​ល្ងាច​រហូត​ដល់​ព្រឹក។

16 ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​ដូច្នេះ រហូត​ត​រៀង​មក ហើយ​នៅ​ពេល​យប់ ពពក​នោះ​ប្រែ​ជា​មាន​ទ្រង់‌ទ្រាយ​ដូច​ភ្លើង។

17 ពេល​ណា​ពពក​អណ្ដែត​ឡើង​ផុត​ពី​ព្រះ‌ពន្លា ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចេញ​ដំណើរ ហើយ​ពេល​ណា​ពពក​ឈប់ នោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​បោះ​ជំរំ។

18 ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​បោះ​ជំរំ​តាម​បញ្ជា​របស់​ព្រះ‌អង្គ​ដែរ។ ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​អស់​រយៈ​ពេល​ប៉ុន‌ណា ពួក​គេ​ក៏​បោះ​ជំរំ​អស់​រយៈ​ពេល​ប៉ុណ្ណោះ​ដែរ។

19 ពេល​ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​យ៉ាង​យូរ​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ គឺ​ពួក​គេ​មិន​ចេញ​ដំណើរ​ទេ។

20 ប្រសិន​បើ​ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​តែ​ប៉ុន្មាន​ថ្ងៃ នោះ​ពួក​គេ​ត្រូវ​បោះ​ជំរំ និង​រើ​ជំរំ តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់។

21 ជួន​កាល ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​ពី​ល្ងាច​ដល់​ព្រឹក ហើយ​ពេល​ព្រលឹម ពពក​អណ្ដែត​ឡើង នោះ​ពួក​គេ​ត្រូវ​ចេញ​ដំណើរ។ ជួន​កាល​ពពក​ស្ថិត​នៅ​មួយ​ថ្ងៃ​មួយ​យប់ ពេល​ពពក​អណ្ដែត​ឡើង ពួក​គេ​ក៏​ត្រូវ​ចេញ​ដំណើរ​ដែរ។