1 ខ្ញុំមុខជាត្រូវវេទនាហើយ!ដ្បិតខ្ញុំប្រៀបដូចជាអ្នកដែលទៅរកបេះផ្លែឈើ ក្រោយរដូវផ្លែឈើទុំហើយទៅរកបេះផ្លែទំពាំងបាយជូរក្រោយរដូវផ្លែទំពាំងបាយជូរទុំគឺគ្មានផ្លែទំពាំងបាយជូរសោះហើយសូម្បីតែឧទុម្ពរ*មួយផ្លែដែលខ្ញុំចូលចិត្តក៏គ្មានដែរ។
2 នៅក្នុងស្រុក គ្មានសល់មនុស្សណាម្នាក់ដែលស្មោះត្រង់នឹងព្រះជាម្ចាស់ហើយក៏គ្មានសល់មនុស្សសុចរិតដែរគឺពួកគេទាំងអស់គ្នាគិតតែពីពួនស្ទាក់ចាំប្រហារជីវិតគ្នាម្នាក់ៗគិតតែពីរកឧបាយកលធ្វើបាបបងប្អូនរបស់ខ្លួន។
3 ពួកគេពូកែប្រព្រឹត្តអំពើអាក្រក់ណាស់ទាំងមេដឹកនាំ ទាំងចៅក្រម នាំគ្នាស៊ីសំណូក។អ្នកធំមានចិត្តលោភលន់ ហើយឃុបឃិតគ្នាប្រព្រឹត្តតាមបំណងរបស់ខ្លួន។
4 ក្នុងចំណោមពួកគេអ្នកដែលល្អជាងគេប្រៀបបាននឹងខ្ញែអ្នកសុចរិតជាងគេប្រៀបបាននឹងគុម្ពបន្លា។ប៉ុន្តែ ថ្ងៃដែលព្រះអម្ចាស់ដាក់ទោសពួកគេមកដល់ហើយគឺថ្ងៃដែលពួកព្យាការី ជាអ្នកយាមល្បាតបានប្រកាសទុក។ឥឡូវនេះពួកគេត្រូវអាម៉ាស់មុខហើយ។
5 កុំជឿមិត្តសម្លាញ់ កុំទុកចិត្តញាតិសន្ដានសូម្បីនៅមុខប្រពន្ធរបស់អ្នកក៏មិនត្រូវហាមាត់និយាយអ្វីឡើយ។
6 កូនប្រុសជេរប្រទេចឪពុកកូនស្រីប្រឆាំងទាស់នឹងម្ដាយកូនប្រសាស្រីទាស់នឹងម្ដាយក្មេកហើយអ្នកដែលនៅក្នុងផ្ទះជាមួយគ្នានឹងក្លាយទៅជាសត្រូវនឹងគ្នា។
7 រីឯខ្ញុំវិញ ខ្ញុំសម្លឹងមើលទៅព្រះអម្ចាស់ខ្ញុំសង្ឃឹមលើព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំព្រះរបស់ខ្ញុំមុខជាសណ្ដាប់ពាក្យខ្ញុំពុំខាន។
8 ខ្មាំងសត្រូវរបស់ខ្ញុំអើយ!កុំអាលអរសប្បាយ ដោយឃើញខ្ញុំដួលដូច្នេះ!ខ្ញុំពិតជាដួលមែនតែខ្ញុំនឹងងើបឡើងវិញពុំខាន។ទោះបីខ្ញុំស្ថិតនៅក្នុងភាពងងឹតក្ដីក៏ព្រះអម្ចាស់ជាពន្លឺរបស់ខ្ញុំដែរ។
9 ខ្ញុំសុខចិត្តស៊ូទ្រាំនឹងព្រះពិរោធរបស់ព្រះអម្ចាស់ដ្បិតខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ទាស់នឹងព្រះហឫទ័យព្រះអង្គ។គង់តែមានថ្ងៃណាមួយព្រះអង្គនឹងការពារក្ដីរបស់ខ្ញុំហើយរកយុត្តិធម៌ឲ្យខ្ញុំមិនខាន។ព្រះអង្គនឹងនាំខ្ញុំចេញទៅរកពន្លឺខ្ញុំនឹងឃើញសេចក្ដីសុចរិតរបស់ព្រះអង្គ។
10 សត្រូវរបស់ខ្ញុំនឹងឃើញ ហើយអាម៉ាស់មុខគេធ្លាប់ពោលមកខ្ញុំថា “តើព្រះអម្ចាស់ជាព្រះរបស់អ្នក ទៅណាបាត់ហើយ?”ខ្ញុំនឹងឃើញសត្រូវរងទុក្ខម្ដងគឺអ្នកទាំងនោះនឹងត្រូវគេជាន់ឈ្លីដូចភក់ជ្រាំដែលគេដើរជាន់នៅតាមផ្លូវ។
11 នៅថ្ងៃដែលគេសង់កំពែងក្រុងរបស់អ្នកឡើងវិញទឹកដីរបស់អ្នកនឹងលាតសន្ធឹងកាន់តែឆ្ងាយ។
12 នៅថ្ងៃនោះ ប្រជាជនរបស់អ្នកនឹងវិលមករកអ្នកវិញពីស្រុកអាស្ស៊ីរី និងស្រុកអេស៊ីបចាប់ពីទន្លេនីលរហូតដល់ទន្លេអឺប្រាតចាប់ពីសមុទ្រម្ខាងទៅដល់សមុទ្រម្ខាងចាប់ពីភ្នំមួយទៅភ្នំមួយទៀត។
13 ផែនដីនឹងក្លាយទៅជាទីស្មសានព្រោះតែអំពើអាក្រក់របស់អស់អ្នកដែលរស់នៅលើផែនដី។
14 ព្រះអម្ចាស់អើយ សូមថែរក្សាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គដូចគង្វាលធ្លាប់ថែរក្សាហ្វូងសត្វរបស់ខ្លួន។យើងខ្ញុំដែលជាហ្វូងចៀមរបស់ព្រះអង្គរស់នៅលើទឹកដីគ្មានជីជាតិដែលមានចម្ការព័ទ្ធជុំវិញ។សូមនាំយើងខ្ញុំទៅរស់នៅកន្លែងដែលមានជីជាតិល្អនៅស្រុកបាសាននិងស្រុកកាឡាដ ដូចដើមវិញ។
15 សូមសម្តែងព្រះបារមីដ៏រុងរឿងអស្ចារ្យ ដូចកាលព្រះអង្គនាំយើងខ្ញុំចេញពីស្រុកអេស៊ីប។
16 ប្រជាជាតិនានានឹងឃើញ ហើយត្រូវអាម៉ាស់ទោះបីគេមានឫទ្ធិខ្លាំងពូកែយ៉ាងណាក្ដី។ពួកគេងឿងឆ្ងល់ពេក រកនិយាយមិនរួចហើយស្ដាប់អ្វីក៏លែងឮដែរ។
17 ពួកគេនឹងស៊ីធូលីដីដូចពស់និងដូចសត្វលូនវារឯទៀតៗ។ពួកគេចេញពីកន្លែងពួនមករកព្រះអម្ចាស់ជាព្រះនៃយើង ដោយភ័យញ័រពួកគេនឹងភ័យតក់ស្លុត ហើយខ្លាចព្រះអង្គ។
18 បពិត្រព្រះអម្ចាស់! តើមានព្រះណាដែលមានព្រះហឫទ័យសប្បុរសដូចព្រះអង្គ?ព្រះអង្គលើកលែងទោសឲ្យយើងខ្ញុំព្រះអង្គមិនពិរោធរហូតឡើយ។ព្រះអង្គមានព្រះហឫទ័យស្រឡាញ់ប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសេសសល់ហើយព្រះអង្គប្រណីសន្ដោសដល់ពួកគេ។
19 ព្រះអង្គមុខជាអាណិតអាសូរយើងខ្ញុំសាជាថ្មីព្រះអង្គមិនប្រកាន់ទោសរបស់យើងខ្ញុំទេព្រះអង្គនឹងយកអំពើបាបទាំងប៉ុន្មានរបស់យើងខ្ញុំ ទៅបោះចោលនៅបាតសមុទ្រ។
20 ព្រះអង្គនឹងសម្តែងព្រះហឫទ័យស្មោះស្ម័គ្រដល់កូនចៅរបស់លោកយ៉ាកុបហើយសម្តែងព្រះហឫទ័យមេត្តាករុណាដល់កូនចៅរបស់លោកអប្រាហាំដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើងខ្ញុំកាលពីជំនាន់ដើម។