សាការី 1:11-17 KHSV

11 អ្នក​ទាំង​នោះ​ពោល​ទៅ​កាន់​ទេវតា​របស់​ព្រះ‌អម្ចាស់ ដែល​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ​ថា៖ «យើង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី ឃើញ​មនុស្ស‌ម្នា​ទាំង​អស់​រស់​នៅ​យ៉ាង​សុខ‌សាន្ត ឥត​មាន​កង្វល់»។

12 ពេល​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​ឡើង​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល តើ​ដល់​ពេល​ណា​ទើប​ព្រះ‌អង្គ​អាណិត​មេត្តា​ក្រុង​យេរូ‌សាឡឹម និង​ក្រុង​ឯ​ទៀតៗ​ក្នុង​ស្រុក​យូដា? ព្រះ‌អង្គ​ខ្ញាល់​នឹង​ក្រុង​ទាំង​នេះ​អស់​រយៈ​ពេល​ចិត‌សិប​ឆ្នាំ​ហើយ»។

13 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​លើក​ទឹក​ចិត្ត និង​សម្រាល​ទុក្ខ​ទេវតា*​ដែល​និយាយ​ជា​មួយ​ខ្ញុំ។

14 ពេល​នោះ ទេវតា​ដែល​និយាយ​ជា​មួយ​ខ្ញុំ​ពោល​មក​ខ្ញុំ​ថា៖ «ចូរ​ប្រកាស​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា យើង​ស្រឡាញ់​ក្រុង​យេរូ‌សាឡឹម និង​ភ្នំ​ស៊ីយ៉ូន​ពន់​ពេក​ណាស់

15 តែ​យើង​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង​ទាស់​នឹង​ប្រជា‌ជាតិ​នានា ដែល​អាង​លើ​កម្លាំង​ខ្លួន​ឯង។ ពេល​យើង​ក្រេវ‌ក្រោធ​នឹង​អ៊ីស្រា‌អែល​តែ​បន្តិច ប្រជា‌ជាតិ​ទាំង​នោះ​បែរ​ជា​នាំ​គ្នា​ធ្វើ​បាប​ជន‌ជាតិ​អ៊ីស្រា‌អែល​យ៉ាង​សែន​វេទនា»។

16 ហេតុ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ ដោយ​ចិត្ត​អាណិត‌អាសូរ។ ដំណាក់​របស់​យើង​នឹង​ត្រូវ​សង់​ឡើង​វិញ ហើយ​គេ​នឹង​យក​ខ្សែ​រង្វាស់​មក​វាស់​ក្រុង​យេរូ‌សាឡឹម ដើម្បី​ជួស‌ជុល​ឡើង​វិញ​ដែរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

17 ចូរ​ប្រកាស​ទៀត​ថា «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ​នេះ: ក្រុង​នានា​របស់​យើង​នឹង​មាន​ភោគ​ទ្រព្យ​ហូរ‌ហៀរ​ឡើង​វិញ។ យើង​នឹង​សម្រាល​ទុក្ខ​ក្រុង​ស៊ីយ៉ូន​សា​ជា​ថ្មី ហើយ​យើង​ជ្រើស​រើស​ក្រុង​យេរូ‌សាឡឹម​ដូច​ពី​មុន»។