សាការី 4 KHSV

និមិត្ត‌ហេតុ​អំពី​ជើង​ចង្កៀង​មាស និង​អូលីវ​ពីរ​ដើម

1 ទេវតា​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ​ពី​មុន​នោះ​វិល​មក​វិញ ហើយ​ដាស់​ខ្ញុំ​ឲ្យ​ភ្ញាក់​ស្មារតី ដូច​ដាស់​មនុស្ស​ឲ្យ​ក្រោក​ពី​ដំណេក។

2 ទេវតា​នោះ​ពោល​មក​ខ្ញុំ​ថា៖ «តើ​លោក​ឃើញ​អ្វី?»។ ខ្ញុំ​ឆ្លើយ​ថា៖ «ខ្ញុំ​ឃើញ​ជើង​ចង្កៀង​មួយ​ធ្វើ​អំពី​មាស នៅ​ចុង​ខាង​លើ មាន​កន្លែង​ដាក់​ប្រេង និង​ក្បាល​ចង្កៀង​ប្រាំ‌ពីរ ហើយ​មាន​បំពង់​បញ្ឆេះ​ប្រាំ‌ពីរ​ភ្ជាប់​ទៅ​នឹង​ក្បាល​ចង្កៀង​ដែល​នៅ​ចុង​ខាង​លើ។

3 នៅ​ក្បែរ​ជើង​ចង្កៀង​នោះ​មាន​អូលីវ​ពីរ​ដើម មួយ​នៅ​ខាង​ស្ដាំ​កន្លែង​ដាក់​ប្រេង មួយ​ទៀត​នៅ​ខាង​ឆ្វេង»។

4 ខ្ញុំ​ពោល​ទៅ​កាន់​ទេវតា​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ​នោះ​ថា៖ «លោក​ម្ចាស់ តើ​វត្ថុ​ទាំង​នេះ​មាន​ន័យ​ដូច​ម្ដេច?»។

5 ទេវតា​តប​មក​ខ្ញុំ​វិញ​ថា៖ «តើ​លោក​មិន​ដឹង​ទេ​ឬ?»។ ខ្ញុំ​តប​ថា៖ «ខ្ញុំ​ប្របាទ​មិន​ដឹង​ទេ លោក​ម្ចាស់»។

6 ពេល​នោះ ទេវតា​ក៏​ពោល​មក​ខ្ញុំ​ទៀត​ថា៖ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សូរ៉ូ‌បាបិល​ថា៖ «អ្នក​បំពេញ​កិច្ចការ​នេះ​បាន មិន​មែន​ដោយ​ប្រើ​អំណាច ឬ​ប្រើ​កម្លាំង​ទេ គឺ​ដោយ​ព្រះ‌វិញ្ញាណ​របស់​យើង​វិញ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

7 ភ្នំ​ធំ​អើយ តើ​អ្នក​ជា​អ្វី? អ្នក​នឹង​រលាយ​នៅ​ចំពោះ​មុខ​សូរ៉ូ‌បាបិល។ គាត់​នឹង​យក​ថ្ម​មួយ​ចេញ​ពី​ភ្នំ​នោះ ដើម្បី​យក​ទៅ​ធ្វើ​កំពូល​ព្រះ‌វិហារ។ ប្រជា‌ជន​នាំ​គ្នា​ស្រែក​ឡើង​ថា “ថ្ម​នេះ​ល្អ​ណាស់! ថ្ម​នេះ​ល្អ​ណាស់!”»។

8 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖

9 «សូរ៉ូ‌បាបិល​បាន​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​នេះ រួច​គាត់​ក៏​បង្ហើយ​ការ​សាង​សង់​ដែរ។ ពេល​ហេតុ‌ការណ៍​នេះ​សម្រេច​ជា​រូប​រាង អ្នក​នឹង​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ពិត​ជា​ចាត់​ខ្ញុំ​ឲ្យ​មក​រក​អ្នក​រាល់​គ្នា​មែន។

10 មិន​ត្រូវ​មាក់‌ងាយ​កិច្ចការ​តូច‌តាច​នៅ​ពេល​គេ​ផ្ដើម​កសាង​នោះ​ឡើយ តែ​ត្រូវ​សប្បាយ​រីក‌រាយ​ដោយ​ឃើញ​លោក​សូរ៉ូ‌បាបិល​ចាប់​ផ្ដើម​ចាក់​គ្រឹះ​ដូច្នេះ»។«ចង្កៀង​ទាំង​ប្រាំ‌ពីរ​នេះ​ជា​ព្រះ‌នេត្រ​របស់​ព្រះ‌អម្ចាស់​ដែល​ទត​មើល​ផែនដី​ទាំង​មូល»។

11 ខ្ញុំ​សួរ​ទេវតា​ថា៖ «ចុះ​អូលីវ​ទាំង​ពីរ​ដើម​ដែល​នៅ​ខាង​ស្ដាំ និង​ខាង​ឆ្វេង​ជើង​ចង្កៀង​ជា​អ្វី​ដែរ?»។

12 ខ្ញុំ​សួរ​ទេវតា​ទៀត​ថា៖ «តើ​មែក​អូលីវ​ពីរ​នៅ​ជិត​បំពង់​មាស​ទាំង​ពីរ ហើយ​បង្ហូរ​ប្រេង​មាស​ពី​ដើម​អូលីវ​ទៅ​ក្នុង​ចង្កៀង​នោះ​ជា​អ្វី​ដែរ?»។

13 ទេវតា​តប​មក​ខ្ញុំ​ថា៖ «តើ​លោក​មិន​ដឹង​ទេ​ឬ?»។ ខ្ញុំ​តប​ថា៖ «ទេ លោក​ម្ចាស់!»។

14 ទេវតា​ពោល​ថា៖ «មែក​អូលីវ​ទាំង​ពីរ​នេះ​ជា​តំណាង​មនុស្ស​ពីរ​នាក់ ដែល​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល​ចាក់​ប្រេង​តែង‌តាំង​ឲ្យ​នៅ​បម្រើ​ព្រះ‌អង្គ»។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14