សាការី 2 KHSV

និមិត្ត‌ហេតុ​អស្ចារ្យ​អំពី​ខ្សែ​រង្វាស់

1 ខ្ញុំ​ក្រឡេក​មើល​ទៅ ខ្ញុំ​និមិត្ត​ឃើញ​បុរស​ម្នាក់​កាន់​ខ្សែ​រង្វាស់​មួយ។

2 ខ្ញុំ​សួរ​បុរស​នោះ​ថា លោក​អញ្ជើញ​ទៅ​ណា។ លោក​តប​មក​វិញ​ថា៖ «ខ្ញុំ​ទៅ​វាស់​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​ដឹង​ប្រវែង​ទទឹង និង​បណ្ដោយ»។

3 ពេល​នោះ ទេវតា​ដែល​និយាយ​ជា​មួយ​ខ្ញុំ ដើរ​ទៅ​មុខ ហើយ​មាន​ទេវតា​មួយ​រូប​ទៀត​មក​ជួប

4 ដោយ​ប្រាប់​ថា៖ «ចូរ​រត់​ទៅ​ប្រាប់​យុវជន​ដែល​កាន់​ខ្សែ​រង្វាស់​នោះ​ថា: យេរូ‌សាឡឹម​នឹង​ទៅ​ជា​ក្រុង​មួយ​ដែល​គ្មាន​កំពែង ព្រោះ​មាន​មនុស្ស និង​សត្វ​ជា​ច្រើន​រស់​នៅ។

5 រីឯ​យើង​វិញ យើង​នឹង​នៅ​ទី​នេះ​ធ្វើ​ជា​កំពែង​ភ្លើង​ការពារ​ក្រុង ហើយ​យើង​ក៏​ទៅ​ជា​សិរី‌រុងរឿង​របស់​ក្រុង​នេះ​ដែរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ព្រះ‌អម្ចាស់​ហៅ​អ្នក​ជាប់​ជា​ឈ្លើយ​ត្រឡប់​មក​វិញ

6 «យើង​បាន​កំចាត់‌កំចាយ​អ្នក​រាល់​គ្នាទៅ​តាម​ទិស​ទាំង​បួន!- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ឥឡូវ​នេះ ចូរ​នាំ​គ្នា​ប្រញាប់‌ប្រញាល់រត់​ចាក​ចេញ​ពី​ស្រុក​ខាង​ជើង​មក!- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

7 ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​ដែល​តាំង​ទី​លំ‌នៅក្នុង​ស្រុក​បាប៊ី‌ឡូន​អើយចូរ​នាំ​គ្នា​រត់​ចេញ​ពី​ទី​នោះ​ជា​ប្រញាប់!»។

8 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលទ្រង់​ប្រទាន​អំណាច និង​ចាត់​ខ្ញុំ​ឲ្យ​ទៅប្រាប់​ប្រជា‌ជាតិ​នានាដែល​រឹប​អូស​យក​ស្រុក​របស់​អ្នក​រាល់​គ្នា​ថា:«អ្នក​ណា​ប៉ះ‌ពាល់​អ្នក​រាល់​គ្នាក៏​ដូច​ជា​ប៉ះ‌ពាល់​ប្រស្រី​ភ្នែក​របស់​យើង​ដែរ។

9 យើង​នឹង​លើក​ដៃ​ប្រហារ​ប្រជា‌ជាតិ​ទាំង​នោះពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ឈ្លើយនៃ​ពួក​ទាសករ​របស់​ខ្លួន»ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលពិត​ជា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។

10 «ប្រជា‌ជន​នៃ​ក្រុង​ស៊ីយ៉ូន​អើយចូរ​ស្រែក​ហ៊ោ​ដោយ​អំណរ!ចូរ​សប្បាយ​រីក‌រាយ​ឡើង!ដ្បិត​យើង​មក​រក​អ្នក​ហើយយើង​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក!»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

11 «នៅ​ថ្ងៃ​នោះ ប្រជា‌ជាតិ​ជា​ច្រើននឹង​ជំពាក់​ចិត្ត​លើ​យើង ជា​ព្រះ‌អម្ចាស់ហើយ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើងតែ​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក»។ពេល​នោះ អ្នក​នឹង​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលបាន​ចាត់​ខ្ញុំ​ឲ្យ​មក​រក​អ្នក។

12 ព្រះ‌អម្ចាស់​នឹង​យក​ស្រុក​យូដាធ្វើ​ជា​ទឹក​ដី​របស់​ព្រះ‌អង្គ​ផ្ទាល់ក្នុង​ទឹក​ដី​ដ៏‌វិសុទ្ធព្រះ‌អង្គ​នឹង​ជ្រើស​រើសក្រុង​យេរូ‌សាឡឹម​ដូច​ពី​មុន។

13 សត្វ​លោក​ទាំង‌ឡាយ​ត្រូវ​ស្ងៀម‌ស្ងាត់នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ដ្បិត​ព្រះ‌អង្គ​តើន​ឡើង ហើយ​យាង​ចេញ​ពីព្រះ‌ដំណាក់​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14