1 ខ្ញុំក្រឡេកមើលទៅសាជាថ្មី ខ្ញុំនិមិត្តឃើញរទេះបួន ចេញពីចន្លោះភ្នំលង្ហិនពីរ។
2 រទេះទីមួយទឹមដោយសេះសម្បុរក្រហម រទេះទីពីរទឹមដោយសេះសម្បុរខ្មៅ
3 រទេះទីបីទឹមដោយសេះសម្បុរស ហើយរទេះទីបួនទឹមដោយសេះសម្បុរពព្លាក់ ពណ៌ត្នោត។
4 ខ្ញុំក៏សួរទេវតាដែលសន្ទនាជាមួយខ្ញុំថា៖ «លោកម្ចាស់រទេះសេះទាំងនេះមានន័យដូចម្ដេចដែរ?»។
5 ទេវតាតបមកវិញថា៖ «រទេះសេះទាំងបួនជាខ្យល់ពីទិសទាំងបួន បក់ចេញមកពីកន្លែងដែលព្រះអម្ចាស់នៃផែនដីទាំងមូលគង់នៅ»។
6 សេះសម្បុរខ្មៅអូសរទេះចេញទៅកាន់ស្រុកខាងជើង សេះសម្បុរសចេញមកតាមក្រោយ។ សេះសម្បុរពព្លាក់ចេញទៅស្រុកខាងត្បូង។
7 សេះសម្បុរត្នោតចេញមក ហើយសុំធ្វើដំណើរឆ្លងកាត់ផែនដី។ ព្រះអម្ចាស់ប្រាប់ថា: ចូរធ្វើដំណើរឆ្លងកាត់ផែនដីចុះ! រទេះសេះនោះក៏ធ្វើដំណើរឆ្លងកាត់ផែនដី។
8 ព្រះអង្គហៅខ្ញុំប្រាប់ថា៖ «មើល! រទេះសេះដែលធ្វើដំណើរទៅស្រុកខាងជើង នឹងនាំវិញ្ញាណរបស់យើងឲ្យទៅសណ្ឋិតនៅស្រុកនោះ»។
9 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖
10 «ថ្ងៃនេះ ចូរទៅផ្ទះរបស់យ៉ូសៀសជាកូនរបស់សេផានា ទទួលយកតង្វាយរបស់ប្រជាជនដែលជាប់ជាឈ្លើយ ពីដៃរបស់ហែលដាយ ថូប៊ីយ៉ា និងយេដាយ៉ា ដែលមកពីស្រុកបាប៊ីឡូន។
11 ចូរយកប្រាក់ និងមាស ទៅសិតធ្វើជាមកុដ បំពាក់ឲ្យមហាបូជាចារ្យយេសួរ ជាកូនរបស់យូសាដាក។
12 ចូរប្រាប់គាត់ថា ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ:“បុរសម្នាក់ឈ្មោះពន្លក លោកនៅទីណាអ្វីៗទាំងអស់នឹងលូតលាស់ឡើងនៅទីនោះ។លោកនឹងសង់ព្រះវិហាររបស់ព្រះអម្ចាស់។
13 គឺលោកនោះហើយដែលនឹងសង់ព្រះវិហាររបស់ព្រះអម្ចាស់។លោកនឹងពាក់គ្រឿងឥស្សរិយយសដ៏ថ្កុំថ្កើងរុងរឿងលោកអង្គុយគ្រងរាជ្យលើបល្ល័ង្ករបស់លោក។បូជាចារ្យមួយរូបអង្គុយលើបល្ល័ង្កមួយទៀតហើយលោកទាំងពីរមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា។
14 មកុដទាំងនេះត្រូវទុកនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ដើម្បីរំឭកដល់ហែលដាយ ថូប៊ីយ៉ា និងយេដាយ៉ា ព្រមទាំងហេន ជាកូនរបស់សេផានា។
15 អស់អ្នកដែលបែកខ្ញែកទៅស្រុកឆ្ងាយនឹងនាំគ្នាវិលមកវិញ ដើម្បីបំពេញការងារសង់ព្រះវិហាររបស់ព្រះអម្ចាស់”។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា ព្រះអម្ចាស់នៃពិភពទាំងមូលពិតជាចាត់ខ្ញុំឲ្យមករកអ្នករាល់គ្នាមែន។ ហេតុការណ៍នេះនឹងសម្រេចជារូបរាង ប្រសិនបើអ្នករាល់គ្នាធ្វើតាមព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាដោយចិត្តស្មោះ»។