សាការី 1:15-21 KHSV

15 តែ​យើង​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង​ទាស់​នឹង​ប្រជា‌ជាតិ​នានា ដែល​អាង​លើ​កម្លាំង​ខ្លួន​ឯង។ ពេល​យើង​ក្រេវ‌ក្រោធ​នឹង​អ៊ីស្រា‌អែល​តែ​បន្តិច ប្រជា‌ជាតិ​ទាំង​នោះ​បែរ​ជា​នាំ​គ្នា​ធ្វើ​បាប​ជន‌ជាតិ​អ៊ីស្រា‌អែល​យ៉ាង​សែន​វេទនា»។

16 ហេតុ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ ដោយ​ចិត្ត​អាណិត‌អាសូរ។ ដំណាក់​របស់​យើង​នឹង​ត្រូវ​សង់​ឡើង​វិញ ហើយ​គេ​នឹង​យក​ខ្សែ​រង្វាស់​មក​វាស់​ក្រុង​យេរូ‌សាឡឹម ដើម្បី​ជួស‌ជុល​ឡើង​វិញ​ដែរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

17 ចូរ​ប្រកាស​ទៀត​ថា «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ​នេះ: ក្រុង​នានា​របស់​យើង​នឹង​មាន​ភោគ​ទ្រព្យ​ហូរ‌ហៀរ​ឡើង​វិញ។ យើង​នឹង​សម្រាល​ទុក្ខ​ក្រុង​ស៊ីយ៉ូន​សា​ជា​ថ្មី ហើយ​យើង​ជ្រើស​រើស​ក្រុង​យេរូ‌សាឡឹម​ដូច​ពី​មុន»។

18 ខ្ញុំ​ក្រឡេក​មើល​ទៅ ខ្ញុំ​និមិត្ត​ឃើញ​ស្នែង​បួន។

19 ខ្ញុំ​ក៏​សួរ​ទេវតា​ដែល​និយាយ​ជា​មួយ​ខ្ញុំ​ថា៖ «តើ​ស្នែង​ទាំង​បួន​នោះ​ជា​តំណាង​អ្វី?»។ ទេវតា​តប​មក​ខ្ញុំ​ថា៖ «ស្នែង​ទាំង​នោះ​ជា​តំណាង​ប្រជា‌ជាតិ​ដែល​បាន​កំចាត់‌កំចាយ​អ្នក​ស្រុក​យូដា អ្នក​ស្រុក​អ៊ីស្រា‌អែល និង​អ្នក​ក្រុង​យេរូ‌សាឡឹម»។

20 បន្ទាប់​មក ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​ឃើញ​ជាង​ដែក​បួន​នាក់។

21 ខ្ញុំ​សួរ​ថា៖ «តើ​អ្នក​ទាំង​នេះ​មក​ធ្វើ​អ្វី?»។ ព្រះ‌អង្គ​ពន្យល់​ប្រាប់​ខ្ញុំ​ថា៖ «ស្នែង​ទាំង​បួន​បាន​កំចាត់‌កំចាយ​អ្នក​ស្រុក​យូដា គ្មាន​នរណា​អាច​តទល់​នឹង​ពួក​គេ​បាន​ឡើយ។ ប៉ុន្តែ ជាង​ដែក​ទាំង​បួន​នាក់​នាំ​គ្នា​មក ដើម្បី​បំភ័យ និង​កម្ទេច​ស្នែង​នៃ​ប្រជា‌ជាតិ​ទាំង​បួន​ដែល​បាន​ប្រើ​កម្លាំង​វាយ​ស្រុក​យូដា និង​កំចាត់‌កំចាយ​ប្រជា‌ជន»។