សាការី 1:7-13 KHSV

7 នៅ​ថ្ងៃ​ទី​ម្ភៃ​បួន ខែ​ទី​ដប់​មួយ ដែល​ត្រូវ​នឹង​ខែ​មាឃ ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះចៅ​ដារី‌យូស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​សាការី ជា​កូន​របស់​លោក​បេរេ‌គា និង​ជា​ចៅ​របស់​លោក​អ៊ីដោ ដូច​ត​ទៅ:

8 នៅ​ពេល​យប់ ខ្ញុំ​បាន​និមិត្ត​ឃើញ​បុរស​ម្នាក់​ជិះ​សេះ​មួយ​សម្បុរ​ក្រហម ឈប់​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ​ក្នុង​ជ្រលង​ភ្នំ​មួយ​ដ៏​ជ្រៅ។ នៅ​ពី​ក្រោយ​លោក មាន​សេះ​ឯ​ទៀតៗ​សម្បុរ​ក្រហម ត្នោត និង​ស ដែល​មាន​អ្នក​ជិះ​ពី​លើ។

9 ខ្ញុំ​ក៏​សួរ​ថា៖ «លោក​ម្ចាស់ អ្នក​ទាំង​នោះ​ជា​នរណា?»។ ទេវតា*​ដែល​និយាយ​ជា​មួយ​ខ្ញុំ ពោល​ថា៖ «ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​លោក​ដឹង​ថា អ្នក​ទាំង​នោះ​ជា​នរណា»។

10 បុរស​ដែល​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ ពោល​ថា៖ «ពួក​គេ​ជា​អ្នក​ដែល​ព្រះ‌អម្ចាស់​បាន​ចាត់​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី»។

11 អ្នក​ទាំង​នោះ​ពោល​ទៅ​កាន់​ទេវតា​របស់​ព្រះ‌អម្ចាស់ ដែល​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ​ថា៖ «យើង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី ឃើញ​មនុស្ស‌ម្នា​ទាំង​អស់​រស់​នៅ​យ៉ាង​សុខ‌សាន្ត ឥត​មាន​កង្វល់»។

12 ពេល​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​ឡើង​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល តើ​ដល់​ពេល​ណា​ទើប​ព្រះ‌អង្គ​អាណិត​មេត្តា​ក្រុង​យេរូ‌សាឡឹម និង​ក្រុង​ឯ​ទៀតៗ​ក្នុង​ស្រុក​យូដា? ព្រះ‌អង្គ​ខ្ញាល់​នឹង​ក្រុង​ទាំង​នេះ​អស់​រយៈ​ពេល​ចិត‌សិប​ឆ្នាំ​ហើយ»។

13 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​លើក​ទឹក​ចិត្ត និង​សម្រាល​ទុក្ខ​ទេវតា*​ដែល​និយាយ​ជា​មួយ​ខ្ញុំ។