សាការី 11:2-8 KHSV

2 ដើម​កកោះ​អើយចូរ​ស្រែក​ឲ្យ​អស់​ទំហឹង​ទៅដ្បិត​ដើម​តាត្រៅ​រលំ​ហើយ!ដើម​ឈើ​ដ៏​ល្អ​ប្រណីត​រលំ​អស់​ហើយ!ដើម​គគីរ​នៅ​ស្រុក​បាសាន​អើយចូរ​នាំ​គ្នា​ស្រែក​ឲ្យ​អស់​ទំហឹង​ទៅដ្បិត​ព្រៃ​ស្រោង​វិនាស​អស់​ហើយ!

3 ចូរ​ស្ដាប់​សម្រែក​ថ្ងូរ​របស់​ពួក​មេ​ដឹក​នាំដ្បិត​ពួក​គេ​បាត់​បង់​យស‌ស័ក្ដិ​អស់​ហើយ។ចូរ​ស្ដាប់​សម្រែក​របស់​សិង្ហ​ស្ទាវដ្បិត​តំបន់​ទន្លេ​យ័រដាន់​ដែល​ធ្លាប់​តែ​មានព្រៃ​ទ្រុប‌ទ្រុល វិនាស​ហិន‌ហោច​អស់​ហើយ។

4 ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «ចូរ​ឃ្វាល​ចៀម​ដែល​គេ​បម្រុង​យក​ទៅ​សម្លាប់​នោះ​ទៅ!។

5 អស់​អ្នក​ដែល​ទិញ​ចៀម​ទាំង​នេះ នឹង​យក​ពួក​វា​ទៅ​សម្លាប់ ដោយ​គិត​ថា​ខ្លួន​គ្មាន​កំហុស​អ្វី​ទេ។ អស់​អ្នក​ដែល​លក់​ចៀម​ទាំង​នេះ​ពោល​ថា “អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ដ្បិត​ខ្ញុំ​ក្លាយ​ទៅ​ជា​អ្នក​មាន​ហើយ!”។ គ្មាន​គង្វាល​ណា​ម្នាក់​នឹក​អាណិត​ចៀម​ទាំង​នេះ​ទេ។

6 យើង​ក៏​មិន​ត្រា​ប្រណី​ប្រជា‌ជន​នៅ​លើ​ផែនដី​ដែរ យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជិះ‌ជាន់​គ្នា​ទៅ​វិញ​ទៅ​មក យើង​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​របស់​ខ្លួន។ ពួក​គេ​នឹង​កម្ទេច​ស្រុក​ទេស តែ​យើង​នឹង​មិន​រំដោះ​នរណា​ម្នាក់​ឲ្យ​រួច​ឡើយ»។

7 ពេល​នោះ ខ្ញុំ​ក៏​ឃ្វាល​ចៀម​ដែល​គេ​ត្រូវ​យក​ទៅ​សម្លាប់ គឺ​ជា​ចៀម​ដែល​វេទនា​ជាង​គេ។ ខ្ញុំ​យក​ដំបង​ពីរ​មក ខ្ញុំ​ហៅ​ដំបង​មួយ​ថា «ចំណង​មេត្រី» ដំបង​មួយ​ទៀត​ថា «មិត្ត‌ភាព» ហើយ​ខ្ញុំ​ឃ្វាល​ចៀម​ទាំង​នោះ។

8 ខ្ញុំ​កំចាត់​ពួក​គង្វាល​ទាំង​បី​ក្នុង​ពេល​តែ​មួយ​ខែ ខ្ញុំ​ទ្រាំ​នឹង​ចៀម​លែង​បាន​ទៀត​ហើយ ហើយ​ពួក​គេ​ក៏​ស្អប់​ខ្ញុំ​ដែរ។