4 ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ មានព្រះបន្ទូលដូចតទៅ៖ «ចូរឃ្វាលចៀមដែលគេបម្រុងយកទៅសម្លាប់នោះទៅ!។
5 អស់អ្នកដែលទិញចៀមទាំងនេះ នឹងយកពួកវាទៅសម្លាប់ ដោយគិតថាខ្លួនគ្មានកំហុសអ្វីទេ។ អស់អ្នកដែលលក់ចៀមទាំងនេះពោលថា “អរព្រះគុណព្រះអម្ចាស់ ដ្បិតខ្ញុំក្លាយទៅជាអ្នកមានហើយ!”។ គ្មានគង្វាលណាម្នាក់នឹកអាណិតចៀមទាំងនេះទេ។
6 យើងក៏មិនត្រាប្រណីប្រជាជននៅលើផែនដីដែរ យើងនឹងធ្វើឲ្យមនុស្សជិះជាន់គ្នាទៅវិញទៅមក យើងនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃស្ដេចរបស់ខ្លួន។ ពួកគេនឹងកម្ទេចស្រុកទេស តែយើងនឹងមិនរំដោះនរណាម្នាក់ឲ្យរួចឡើយ»។
7 ពេលនោះ ខ្ញុំក៏ឃ្វាលចៀមដែលគេត្រូវយកទៅសម្លាប់ គឺជាចៀមដែលវេទនាជាងគេ។ ខ្ញុំយកដំបងពីរមក ខ្ញុំហៅដំបងមួយថា «ចំណងមេត្រី» ដំបងមួយទៀតថា «មិត្តភាព» ហើយខ្ញុំឃ្វាលចៀមទាំងនោះ។
8 ខ្ញុំកំចាត់ពួកគង្វាលទាំងបីក្នុងពេលតែមួយខែ ខ្ញុំទ្រាំនឹងចៀមលែងបានទៀតហើយ ហើយពួកគេក៏ស្អប់ខ្ញុំដែរ។
9 ខ្ញុំពោលទៅហ្វូងចៀមថា “ខ្ញុំលែងឃ្វាលអ្នករាល់គ្នាទៀតហើយ!”។ ចៀមដែលត្រូវបាត់បង់ជីវិតឲ្យវាបាត់បង់ជីវិតទៅ! ចៀមដែលត្រូវវិនាសឲ្យវាវិនាសទៅ! រីឯចៀមដែលនៅសេសសល់ឲ្យវាហែកគ្នាស៊ីទៅ!
10 ខ្ញុំយកដំបងចំណងមេត្រីរបស់ខ្ញុំមកកាច់បំបាក់ ដើម្បីផ្ដាច់សម្ពន្ធមេត្រី ដែលខ្ញុំបានចងជាមួយជាតិសាសន៍ទាំងប៉ុន្មាន។