1 ថ្ងៃរបស់ព្រះអម្ចាស់មកជិតដល់ហើយ!ប្រជាជនក្រុងយេរូសាឡឹមអើយថ្ងៃនោះ ខ្មាំងសត្រូវនឹងចែកទ្រព្យសម្បត្តិរបស់អ្នករាល់គ្នា នៅមុខអ្នករាល់គ្នា។
2 យើងនឹងប្រមូលប្រជាជាតិទាំងអស់ឲ្យលើកគ្នាមកវាយលុកក្រុងយេរូសាឡឹម។ពួកគេនឹងវាយយកបានទីក្រុងហើយរឹបអូសយកទ្រព្យសម្បត្តិអស់ពីផ្ទះព្រមទាំងរំលោភលើស្រីៗទៀតផង។អ្នកក្រុងចំនួនពាក់កណ្ដាលនឹងត្រូវគេកៀរយកទៅជាឈ្លើយតែប្រជាជនដែលនៅសេសសល់មិនត្រូវគេដេញចេញពីទីក្រុងឡើយ។
3 ព្រះអម្ចាស់នឹងយាងចេញមកប្រហារប្រជាជាតិទាំងនោះដូចនៅថ្ងៃព្រះអង្គធ្វើសឹកសង្គ្រាមនិងថ្ងៃព្រះអង្គប្រយុទ្ធនឹងគូសត្រូវ។
4 នៅថ្ងៃនោះ ព្រះអង្គដាក់ព្រះបាទាលើភ្នំដើមអូលីវ ដែលនៅទល់មុខនឹងក្រុងយេរូសាឡឹម គឺនៅខាងកើតទីក្រុង។ភ្នំដើមអូលីវនឹងត្រូវប្រេះជាពីរ ចំពាក់កណ្ដាលពីទិសខាងកើតទៅទិសខាងលិចហើយក្លាយទៅជាជ្រលងភ្នំមួយយ៉ាងធំ។ចំហៀងភ្នំម្ខាងកំរើកទៅខាងជើងម្ខាងទៀតទៅទិសខាងត្បូង។
5 ពេលនោះ អ្នករាល់គ្នានឹងរត់ភៀសខ្លួនទៅនៅតាមជ្រលងភ្នំរបស់យើងដ្បិតជ្រលងភ្នំនេះលាតសន្ធឹងរហូតដល់អាសែល។អ្នករាល់គ្នានឹងរត់ភៀសខ្លួនដូចអ្នករាល់គ្នារត់គេចពីការរញ្ជួយផែនដីនៅជំនាន់អូសៀស ជាស្ដេចស្រុកយូដា។ ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ នឹងយាងមកហើយប្រជាជនដ៏វិសុទ្ធទាំងអស់របស់ព្រះអង្គក៏មកជាមួយដែរ។
6 នៅថ្ងៃនោះនឹងលែងមានពន្លឺថ្ងៃលែងមានធាតុត្រជាក់ ឬទឹកកកទៀតដែរ។
7 ថ្ងៃនោះ ជាថ្ងៃមួយខុសប្លែកពីធម្មតាមានតែព្រះអម្ចាស់ទេដែលជ្រាប។ពេលនោះ គ្មានថ្ងៃគ្មានយប់ទេសូម្បីតែពេលល្ងាច ក៏នៅតែភ្លឺដែរ
8 នៅថ្ងៃនោះ នឹងមានទឹកផ្ដល់ជីវិតហូរចេញពីក្រុងយេរូសាឡឹមមួយផ្នែកហូរចាក់ទៅសមុទ្រខាងកើតមួយផ្នែកទៀតហូរទៅសមុទ្រខាងលិចរដូវប្រាំង ក៏ដូចជារដូវវស្សាដែរ។
9 ព្រះអម្ចាស់នឹងធ្វើជាព្រះមហាក្សត្រគ្រងរាជ្យលើផែនដីទាំងមូល។នៅថ្ងៃនោះ មនុស្សគ្រប់ៗគ្នានឹងថ្វាយបង្គំ ព្រះអម្ចាស់តែមួយព្រះអង្គគត់គឺមានតែព្រះនាមព្រះអង្គប៉ុណ្ណោះ។
10 ទឹកដីទាំងមូល គឺចាប់ពីកេបារហូតដល់រីម៉ូនដែលនៅខាងត្បូងក្រុងយេរូសាឡឹមនឹងទៅជាវាលទំនាប។គេនឹងសង់ក្រុងយេរូសាឡឹមឡើងវិញនៅលើកន្លែងដដែលគឺចាប់តាំងពីទ្វារបេនយ៉ាមីនរហូតដល់កន្លែងដែលមានទ្វារកាលពីមុននិងរហូតដល់ទ្វារមុមហើយចាប់តាំងពីប៉មហាណានាលរហូតដល់កន្លែងជាន់ផ្លែទំពាំងបាយជូររបស់ហ្លួង។
11 ក្រុងយេរូសាឡឹមនឹងមានប្រជាជនរស់នៅឡើងវិញហើយក៏គ្មាននរណាមកបំផ្លាញទៀតដែរយេរូសាឡឹមនឹងបានសុខសាន្តត្រាណ។
12 ព្រះអម្ចាស់នឹងប្រហារជាតិសាសន៍ទាំងប៉ុន្មានដែលបានលើកទ័ពមកវាយលុកក្រុងយេរូសាឡឹមដោយប្រើគ្រោះកាចដូចតទៅ:សាច់របស់ពួកគេនឹងត្រូវរលួយនៅពេលពួកគេឈរគ្រាប់ភ្នែករបស់ពួកគេនឹងរលួយក្នុងភ្នែកអណ្ដាតរបស់ពួកគេនឹងរលួយនៅក្នុងមាត់។
13 នៅថ្ងៃនោះ ព្រះអម្ចាស់នឹងធ្វើឲ្យកើតវឹកវរយ៉ាងខ្លាំងក្នុងជួរទ័ពរបស់ពួកគេម្នាក់ៗងាកទៅប្រហារអ្នកដែលនៅក្បែរខ្លួន។
14 អ្នកស្រុកយូដានាំគ្នាការពារក្រុងយេរូសាឡឹមពួកគេនឹងប្រមូលយកជយភ័ណ្ឌពីប្រជាជាតិទាំងអស់ដែលនៅជុំវិញគឺមាស ប្រាក់ និងសម្លៀកបំពាក់ដ៏ច្រើន។
15 គ្រោះកាចក៏នឹងកើតមានចំពោះសេះលាកាត់ អូដ្ឋ លា និងសត្វទាំងអស់នៅក្នុងជំរំរបស់ពួកគេគ្រោះកាចនេះ ក៏ដូចគ្រោះកាចមុនដែរ។
16 ពេលនោះ ក្នុងចំណោមប្រជាជាតិទាំងអស់ដែលបានវាយលុកក្រុងយេរូសាឡឹមអស់អ្នកដែលនៅសេសសល់នឹងនាំគ្នាមកជារៀងរាល់ឆ្នាំដើម្បីថ្វាយបង្គំព្រះអម្ចាស់នៃពិភពទាំងមូលដែលជាព្រះមហាក្សត្រហើយពួកគេប្រារព្ធពិធីបុណ្យបារាំ។
17 ប្រសិនបើមានអំបូរណានៅលើផែនដីមិនឡើងមកក្រុងយេរូសាឡឹមដើម្បីថ្វាយបង្គំព្រះអម្ចាស់នៃពិភពទាំងមូលដែលជាព្រះមហាក្សត្រទេនោះនឹងគ្មានភ្លៀងធ្លាក់លើទឹកដីគេឡើយ។
18 ប្រសិនបើអំបូររបស់ជនជាតិអេស៊ីបមិនឡើងមកទេ ព្រះអម្ចាស់នឹងធ្វើឲ្យគ្រោះកាចកើតមានចំពោះពួកគេដូចប្រជាជាតិនានាដែលមិនព្រមឡើងមកប្រារព្ធពិធីបុណ្យបារាំដែរ។
19 ទោសនេះនឹងកើតមានចំពោះស្រុកអេស៊ីបនិងប្រជាជាតិទាំងអស់ដែលមិនឡើងមកប្រារព្ធពិធីបុណ្យបារាំ។
20 នៅថ្ងៃនោះ គេនឹងចារឹកអក្សរនៅលើកណ្ដឹងដែលគេពាក់ឲ្យសេះថា“ញែកថ្វាយព្រះអម្ចាស់”។រីឯថ្លាងសម្រាប់ស្ងោរសាច់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ក៏គេចាត់ទុកជាសក្ការៈដូចចានសម្រាប់ប្រោះឈាមដែលស្ថិតនៅក្បែរអាសនៈដែរ។
21 ថ្លាងទាំងអស់នៅក្រុងយេរូសាឡឹមនិងនៅក្នុងស្រុកយូដាត្រូវញែកថ្វាយព្រះអម្ចាស់នៃពិភពទាំងមូល។អស់អ្នកដែលមកថ្វាយយញ្ញបូជានឹងប្រើថ្លាងទាំងនោះសម្រាប់ស្ងោរសាច់។នៅថ្ងៃនោះ លែងមានអ្នកលក់ដូរនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់នៃពិភពទាំងមូលទៀតហើយ។