1 ខ្ញុំក្រឡេកមើលទៅសាជាថ្មី ខ្ញុំនិមិត្តឃើញក្រាំងមួយកំពុងហោះ។
2 ទេវតាសួរខ្ញុំថា «តើអ្នកឃើញអ្វី?»។ ខ្ញុំតបថា «ខ្ញុំឃើញក្រាំងមួយកំពុងហោះ»។ ក្រាំងនោះមានបណ្ដោយម្ភៃហត្ថ និងទទឹងដប់ហត្ថ។
3 ទេវតាពោលមកខ្ញុំថា៖ «នេះជាបណ្ដាសាដែលកើតមានក្នុងស្រុកទាំងមូល។ ផ្នែកខាងមុខនៃក្រាំងមានសរសេរថា ពួកចោរនឹងត្រូវដេញចេញពីស្រុក ហើយផ្នែកខាងខ្នងមានសរសេរថា ពួកស្បថបំពានក៏ត្រូវដេញចេញពីស្រុកដែរ។
4 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: យើងនឹងឲ្យបណ្ដាសានេះចូលទៅក្នុងផ្ទះរបស់ចោរ និងផ្ទះរបស់អ្នកនិយាយស្បថបំពាន ក្នុងនាមយើង។ បណ្ដាសានឹងស្ថិតនៅក្នុងផ្ទះនោះ ហើយធ្វើឲ្យផ្ទះនោះឆេះ ទាំងឈើធ្នឹម ទាំងថ្មសំណង់»។
5 ទេវតាដែលសន្ទនាជាមួយខ្ញុំ បានខិតចូលមកជិតខ្ញុំ ប្រាប់ថា៖ «ចូរងើយសម្លឹងមើលទៅវត្ថុដែលកំពុងតែចេញមកនោះ!»។
6 ខ្ញុំសួរថា៖ «តើវត្ថុនោះជាអ្វី?»។ ទេវតាឆ្លើយថា៖ «វត្ថុចេញមកនោះ គឺហិបដែលពោរពេញទៅដោយអំពើអាក្រក់របស់មនុស្សនៅក្នុងស្រុកទាំងមូល»។
7 ពេលគម្របសំណរបើកឡើង ខ្ញុំឃើញមានស្ត្រីម្នាក់អង្គុយនៅក្នុងហិប។
8 ទេវតាប្រាប់ខ្ញុំថា ស្ត្រីនោះគឺជាតំណាងនៃអំពើអាក្រក់។ បន្ទាប់មក លោកបោះនាងទៅក្នុងហិបវិញ ហើយយកគម្របស្ពាន់បិទពីលើ។
9 ខ្ញុំក្រឡេកមើលទៅ និមិត្តឃើញស្ត្រីពីរនាក់ចេញមកមានស្លាបដូចស្លាបកុក ហើយខ្យល់បក់មកប៉ះនឹងស្លាបរបស់នាង។ នាងទាំងពីរលើកហិបឡើង ផុតពីដី។
10 ខ្ញុំសួរទេវតាដែលសន្ទនាជាមួយខ្ញុំនោះថា៖ «តើនាងទាំងពីរយកហិបទៅណា?»។
11 ទេវតាឆ្លើយថា៖ «នាងទាំងពីរសង់ផ្ទះមួយនៅស្រុកស៊ីណើរ សម្រាប់ស្ត្រីនៅក្នុងហិបនោះ។ ពេលសង់រួចរាល់ហើយ ពួកនាងយកហិបទៅដាក់នៅកន្លែងរបស់វា»។