សាការី 8:16-22 KHSV

16 ចូរ​នាំ​គ្នា​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​នេះ ចូរ​និយាយ​ការ​ពិត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ពេល​កាត់​ក្ដី​ត្រូវ​វិនិច្ឆ័យ​តាម​សេចក្ដី​ពិត ហើយ​សម្រុះ‌សម្រួល​គ្នា​តាម​យុត្តិធម៌។

17 កុំ​ឲ្យ​គិត‌គូរ​ប្រព្រឹត្ត​អំពើ​អាក្រក់​ចំពោះ​គ្នា​នឹង​គ្នា​ឡើយ។ កុំ​ចូល​ចិត្ត​ស្បថ​បំពាន​ឲ្យ​សោះ ដ្បិត​យើង​ស្អប់​អំពើ​ទាំង​នោះ​ណាស់» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

18 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

19 «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: ពិធី​តម​អាហារ​នៅ​ខែ​ទី​បួន ខែ​ទី​ប្រាំ ខែ​ទី​ប្រាំ‌ពីរ និង​ខែ​ទី​ដប់ នឹង​ប្រែ​ទៅ​ជា​ពិធី​បុណ្យ​ដ៏​សប្បាយ​រីក‌រាយ​សម្រាប់​កូន​ចៅ​យូដា គឺ​ជា​ឱកាស​មួយ​ប្រកប​ដោយ​អំណរ​ដ៏​មហោ‌ឡារិក។ ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​សេចក្ដី​ពិត និង​សេចក្ដី​សុខ‌សាន្ត»។

20 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ជាតិ​សាសន៍​នានា ព្រម​ទាំង​ប្រជា‌ជន​ពី​ទីក្រុង​ជា​ច្រើន​នឹង​នាំ​គ្នា​មក​ក្រុង​យេរូ‌សាឡឹម។

21 អ្នក​ក្រុង​មួយ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រាប់​អ្នក​ក្រុង​មួយ​ទៀត​ថា: “មក៍! យើង​នាំ​គ្នា​ទៅ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ យើង​នាំ​គ្នា​ទៅ​រក​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល!” ម្នាក់​ទៀត​តប​ថា “ខ្ញុំ​ក៏​ទៅ​ជា​មួយ​ដែរ!”។

22 ជាតិ​សាសន៍​ជា​ច្រើន និង​ប្រជា‌ជាតិ​មហា​អំណាច នឹង​នាំ​គ្នា​មក​រក​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ទូល‌អង្វរ​ព្រះ‌អង្គ។