9 ស្រុកអេស៊ីបនឹងត្រូវហិនហោច ក្លាយជាគំនរបាក់បែក ហើយគេនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់។ ដោយអ្នកពោលថា ទន្លេនីលជារបស់អ្នក អ្នកបានបង្កើតទន្លេនេះ
10 យើងនឹងដាក់ទោសអ្នក ព្រមទាំងទន្លេរបស់អ្នក។ យើងនឹងបំផ្លាញស្រុកអេស៊ីប ឲ្យក្លាយទៅជាគំនរបាក់បែក និងជាទីស្មសាន ចាប់តាំងពីក្រុងមីគដូល រហូតដល់ក្រុងស៊ីយេន និងព្រំប្រទល់ស្រុកអេត្យូពី។
11 គ្មានដានជើងមនុស្ស ឬដានជើងសត្វណាមួយដើរកាត់ស្រុកនោះទៀតឡើយ ហើយទឹកដីនោះនឹងគ្មាននរណារស់នៅក្នុងអំឡុងពេលសែសិបឆ្នាំ។
12 ក្នុងរយៈពេលសែសិបឆ្នាំ យើងនឹងធ្វើឲ្យស្រុកអេស៊ីបក្លាយទៅជាទីស្មសាន ស្ងាត់ជាងវាលរហោស្ថានទៅទៀត។ ក្រុងរបស់គេក៏ត្រូវហិនហោចលើសក្រុងឯទៀតៗ។ យើងនឹងរំលាយជនជាតិអេស៊ីបក្នុងចំណោមប្រជាជាតិនានា យើងនឹងកំចាត់កំចាយពួកគេឲ្យទៅប្រទេសនានា»។
13 ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «លុះអំឡុងពេលសែសិបឆ្នាំនោះកន្លងផុតទៅ យើងនឹងប្រមូលជនជាតិអេស៊ីបពីក្នុងចំណោមជាតិសាសន៍នានា ដែលយើងបណ្ដេញពួកគេទៅនោះ ឲ្យត្រឡប់មកវិញ។
14 យើងនឹងស្ដារស្រុកអេស៊ីបឡើងវិញ យើងនឹងនាំពួកគេមកនៅស្រុកប៉ាត្រុស ជាស្រុកកំណើតរបស់ខ្លួន ហើយពួកគេនឹងប្រមូលផ្ដុំគ្នាជានគរមួយដ៏ទន់ខ្សោយ។
15 ស្រុកអេស៊ីបនឹងក្លាយទៅជានគរមួយទន់ខ្សោយជាងនគរឯទៀតៗ គេនឹងលែងត្រួតត្រាលើប្រជាជាតិនានា គឺយើងនឹងធ្វើឲ្យគេចុះអន់ថយ ដើម្បីកុំឲ្យគេត្រួតត្រាលើប្រជាជាតិនានាទៀត។