អេសេ‌គាល 15 KHSV

អ៊ីស្រា‌អែល​ប្រៀប​បាន​នឹង​អុស​ដែល​គេ​ដុត

1 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ​នេះ៖

2 «កូន​មនុស្ស​អើយ តើ​ដើម​ទំពាំង‌បាយជូរជា​អុស​ល្អ​ជាង​អុស​ឯ​ទៀតៗ​ឬ? តើ​មែក​ទំពាំង‌បាយជូរ​ល្អ​ជាង​មែក​ឈើ​ឯ​ទៀតៗ​ឬ?

3 តើ​គេ​អាច​យក​ដើម​ទំពាំង‌បាយជូរ​នេះ​ទៅ​ឆ្លាក់​ធ្វើ​វត្ថុ​អ្វី​មួយ ឬ​ក៏​យក​ទៅ​ប្រើ​សម្រាប់​ព្យួរ​អ្វី​មួយ​បាន​ឬ?

4 គេ​ប្រើ​អុស​នេះ​បាន​ត្រឹម​តែ​ដុត​ប៉ុណ្ណោះ។ ពេល​ណា​ភ្លើង​ឆេះ​កន្ទុយ​អុស​ទាំង​សង​ខាង និង​ឆេះ​ផ្នែក​កណ្ដាល​អស់​ហើយ តើ​គេ​អាច​យក​ទៅ​ប្រើ​ការ​អ្វី​បាន​ទៀត?

5 កាល​វា​នៅ​ទាំង​មូល គេ​យក​ទៅ​ប្រើ​ការ​អ្វី​មិន​បាន​ផង ចុះ​ទំរាំ​បើ​ត្រូវ​ភ្លើង​ឆេះ​អស់ នោះ​វា​រឹង‌រឹត​តែ​លែង​បាន​ការ!»។

6 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «គេ​យក​អុស​ទំពាំង‌បាយជូរ​ពី​ចំណោម​ឈើ​ឯ​ទៀតៗ​នៅ​ក្នុង​ព្រៃ​ទៅ​ដុត​យ៉ាង​ណា យើង​ក៏​ដាក់​ទោស​អ្នក​ក្រុង​យេរូ‌សាឡឹម​យ៉ាង​នោះ​ដែរ។

7 យើង​នឹង​ដាក់​ទោស​ពួក​គេ ទោះ​បី​ពួក​គេ​ខំ​ប្រឹង​រត់​ចេញ​ពី​ភ្លើង​ក្ដី ក៏​ភ្លើង​នៅ​តែ​ឆេះ​បំផ្លាញ​ពួក​គេ​មិន​ខាន។ ពេល​ឃើញ​យើង​ដាក់​ទោស​ពួក​គេ នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន!

8 យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​គេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន ព្រោះ​ពួក​គេ​បាន​នាំ​គ្នា​ក្បត់​យើង»-នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48