អេសេ‌គាល 2 KHSV

ព្រះ‌អម្ចាស់​ត្រាស់​ហៅ​លោក​អេសេ‌គាល

1 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ក្រោក​ឈរ​ឡើង យើង​ចង់​និយាយ​ជា​មួយ​អ្នក»។

2 ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ ព្រះ‌វិញ្ញាណ​ក៏​យាង​ចូល​មក​គង់​នៅ​ក្នុង​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ក្រោក​ឈរ​ឡើង​បាន ហើយ​ស្ដាប់​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។

3 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! យើង​ចាត់​អ្នក​ឲ្យ​ទៅ​រក​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ទៅ​រក​ប្រជា‌ជាតិ​ដែល​បះ‌បោរ​ប្រឆាំង​នឹង​យើង។ ពួក​គេ​បះ‌បោរ​ប្រឆាំង​នឹង​យើង​រហូត​ដល់​សព្វ​ថ្ងៃ ដូច​ដូនតា​របស់​ពួក​គេ​ដែរ។

4 ពួក​គេ​ជា​កូន​ក្បាល​រឹង និង​មាន​ចិត្ត​ចចេស​ទៀត​ផង។ យើង​ចាត់​អ្នក​ឲ្យ​ទៅ​រក​ពួក​គេ ហើយ​ត្រូវ​និយាយ​ថា: “នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់”។

5 ទោះ​បី​ពួក​គេ​ស្ដាប់ ឬ​មិន​ស្ដាប់​ក្ដី -ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ- ពួក​គេ​នឹង​ដឹង​ថា មាន​ព្យាការី​មួយ​រូប​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ។

6 រីឯ​អ្នក​វិញ កូន​មនុស្ស​អើយ កុំ​ខ្លាច​ពួក​គេ​ឡើយ ហើយ​ក៏​កុំ​ខ្លាច​ពាក្យ​ដែល​ពួក​គេ​ប្រកែក​តវ៉ា​នឹង​អ្នក​ដែរ ដ្បិត​ពួក​នោះ​ប្រៀប​ដូច​ជា​បន្លា និង​អញ្ចាញ អ្នក​នឹង​អង្គុយ​ជា​មួយ​មនុស្ស​ដែល​មាន​ចិត្ត​ដូច​ខ្យា‌ដំរី។ កុំ​ខ្លាច​ពាក្យ​របស់​ពួក​គេ ហើយ​ក៏​កុំ​ញ័រ​រន្ធត់ ដោយ​ឃើញ​ទឹក​មុខ​របស់​ពួក​គេ​ឡើយ ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ។

7 ទោះ​បី​ពួក​គេ​ស្ដាប់ ឬ​មិន​ស្ដាប់​ក្ដី -ដ្បិត​ពួក​គេ​ជា​មនុស្ស​បះ‌បោរ - អ្នក​ត្រូវ​តែ​នាំ​ពាក្យ​យើង​ទៅ​ប្រាប់​ពួក​គេ។

8 កូន​មនុស្ស​អើយ ចូរ​ស្ដាប់​សេចក្ដី​ដែល​យើង​ប្រាប់! កុំ​មាន​ចិត្ត​រឹង‌រូស​ដូច​ពូជ​បះ‌បោរ​នេះ​ឡើយ ចូរ​ហា​មាត់ ហើយ​បរិភោគ​អាហារ​ដែល​យើង​នឹង​ឲ្យ​អ្នក​នៅ​ពេល​នេះ»។

9 ពេល​នោះ ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​ដៃ​មួយ​កាន់​ក្រាំង​ហុច​មក​ឲ្យ​ខ្ញុំ។

10 ដៃ​នោះ​បើក​ក្រាំង​នៅ​ចំពោះ​មុខ​ខ្ញុំ ក្រាំង​នោះ​មាន​សរសេរ​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ដែល​កត់‌ត្រា​សុទ្ធ​តែ​ពាក្យ​សំណោក ពាក្យ​ទំនួញ និង​ពាក្យ​ត្អូញ‌ត្អែរ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48