1 នៅឆ្នាំទីដប់មួយ ថ្ងៃទីមួយ ក្នុងខែនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖
2 «កូនមនុស្សអើយ អ្នកក្រុងទីរ៉ុសបានសើចចំអកឲ្យក្រុងយេរូសាឡឹមថា “ក្រុងដែលមានអំណាចលើជាតិសាសន៍នានារលំហើយ! តំណែងរបស់វានឹងធ្លាក់មកលើយើងម្ដង ក្រុងយេរូសាឡឹមក្លាយទៅជាវាលរហោស្ថានហើយ!”
3 ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ទីរ៉ុសអើយ យើងនឹងប្រហារអ្នក យើងនឹងនាំប្រជាជាតិយ៉ាងច្រើន ដូចរលកសមុទ្រមកវាយអ្នក។
4 ពួកគេនឹងកម្ទេចកំពែងក្រុងទីរ៉ុស ព្រមទាំងរំលំប៉ម យើងនឹងបោសធូលីដីឲ្យរលីង ទុកតែផ្ទាំងថ្មមួយឲ្យនៅសល់ប៉ុណ្ណោះ។
5 ក្រុងទីរ៉ុសនឹងក្លាយទៅជាកូនកោះមួយ ដែលគេប្រើសម្រាប់ហាលសំណាញ់ ហើយប្រជាជាតិនានានឹងត្របាក់លេបក្រុងនេះ ដ្បិតយើងជាព្រះជាអម្ចាស់បានប្រកាសសេចក្ដីទាំងនេះ។
6 រីឯប្រជាជនក្នុងស្រុកភូមិនានានៅជុំវិញក្រុងទីរ៉ុស នឹងត្រូវស្លាប់ដោយមុខដាវ។ ពេលនោះ គេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
7 ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ក្រុងទីរ៉ុសអើយយើងនឹងហៅស្ដេចនេប៊ូក្នេសា ជាមហាក្សត្រលើក្សត្រនានា ឲ្យមកវាយប្រហារអ្នក នេប៊ូក្នេសានឹងលើកទ័ពពីទិសខាងជើងមក គឺមានកងពលសេះ រទេះចំបាំង ព្រមទាំងទាហានដ៏ច្រើនផង។
8 សត្រូវនឹងសម្លាប់ប្រជាជន តាមស្រុកភូមិដែលនៅជុំវិញអ្នក ព្រមទាំងលើកទួលសម្រាប់វាយលុក សង់លេណដ្ឋាន និងលើកកំពែងការពារខ្លួន។
9 សត្រូវនឹងយករនុកដែកមកបុកទម្លុះកំពែងរបស់អ្នក ព្រមទាំងប្រើអាវុធកម្ទេចប៉មរបស់អ្នកទៀតផង។
10 ទ័ពសេះដ៏ច្រើនរបស់ពួកគេនឹងសម្រុកចូលមក ធ្វើឲ្យដីហុយជុំជិតលើអ្នក ហើយកំពែងរបស់អ្នកនឹងរញ្ជួយញាប់ញ័រដោយសន្ធឹកទ័ពសេះ កង់រទេះចំបាំង នៅពេលសត្រូវសម្រុកចូលមកតាមទ្វាររបស់អ្នក ដូចគេចូលទៅក្នុងក្រុងដែលគេវាយយកបាន។
11 ជើងសេះរបស់ពួកគេនឹងជាន់កម្ទេចផ្លូវទាំងប៉ុន្មានរបស់អ្នក គេនឹងប្រហារជីវិតប្រជាជនរបស់អ្នក ហើយរំលំស្តូបដែលជាតំណាងឫទ្ធិអំណាចរបស់អ្នកដែរ។
12 សត្រូវនឹងដណ្ដើមយកទ្រព្យសម្បត្តិរបស់អ្នក គេរឹបអូសយកទំនិញរបស់អ្នក ទុកជារបស់ជយភ័ណ្ឌ គេនឹងរំលំកំពែងរបស់អ្នក បំផ្លាញវិមានរបស់អ្នក ហើយយកថ្ម ឈើ និងអ្វីៗដែលនៅសេសសល់បោះទៅក្នុងសមុទ្រ។
13 យើងនឹងបំបាត់ស្នូរចម្រៀងរបស់អ្នក ហើយសំឡេងពិណរបស់អ្នកក៏នឹងលែងឮទៀតដែរ។
14 យើងនឹងទុកឲ្យអ្នកនៅសល់តែផ្ទាំងថ្មមួយ ដែលគេប្រើសម្រាប់ហាលសំណាញ់ ហើយគ្មាននរណាសង់អ្នកឡើងវិញឡើយ ដ្បិតយើងជាព្រះជាអម្ចាស់បានប្រកាសសេចក្ដីទាំងនេះ»។
15 ព្រះជាអម្ចាស់មានព្រះបន្ទូលទៅកាន់ក្រុងទីរ៉ុសដូចតទៅ៖ «ប្រជាជននៅតាមកោះនានានឹងញ័ររន្ធត់ នៅពេលឮដំណឹងថា សត្រូវវាយយកអ្នកបាន ហើយឮសម្រែកថ្ងូររបស់អ្នករបួស និងការសម្លាប់រង្គាលនៅក្នុងអ្នក។
16 ស្ដេចរបស់ស្រុកនានានៅតាមឆ្នេរសមុទ្រនឹងនាំគ្នាចុះពីបល្ល័ង្ក ដោះសម្លៀកបំពាក់ និងអាវប៉ាក់ចេញ រួចយកការភ័យខ្លាចមកពាក់ជំនួស ហើយអង្គុយផ្ទាល់ដី ទាំងភ័យញាប់ញ័រឥតឈប់ឈរ ព្រោះឃើញអ្នកធ្លាក់ខ្លួនបែបនេះ។
17 ពួកគេស្មូត្រទំនួញមួយបទស្រណោះអ្នក ដោយពោលថា “ទីក្រុងដ៏ល្បីល្បាញអើយ អ្នកជាជម្រករបស់ប្រជាជនដែលធ្វើដំណើរតាមសមុទ្រ អ្នក និងប្រជាជនរបស់អ្នកជាមហាអំណាចនៅដែនសមុទ្រ ហើយធ្លាប់តែធ្វើឲ្យជាតិសាសន៍នៅជុំវិញព្រឺខ្លាច ឥឡូវនេះ ម្ដេចក៏អ្នកវិនាសបាត់បង់ដូច្នេះ?”។
18 នៅថ្ងៃដែលខ្មាំងវាយយកអ្នកបាន ប្រជាជននៅតាមកោះភ័យញាប់ញ័រ ប្រជាជននៅតាមឆ្នេរសមុទ្ររន្ធត់ចិត្ត ព្រោះឃើញអ្នកវិនាសបាត់បង់»។
19 ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ពេលណាយើងធ្វើឲ្យអ្នកក្លាយទៅជាក្រុងដែលនៅសល់តែសំណល់បាក់បែក គឺដូចក្រុងដែលគ្មានមនុស្សរស់នៅ ពេលណាយើងធ្វើឲ្យទឹកពីទីជម្រៅ និងមហាសាគរជន់ឡើងគ្របពីលើអ្នក
20 យើងនឹងទម្លាក់អ្នកចុះទៅជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅមុនអ្នក។ យើងនឹងឲ្យអ្នករស់នៅក្នុងទីជម្រៅនៃផែនដី ជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ ជាកន្លែងវិនាសបង់អស់កល្បជានិច្ច។ អ្នកនឹងមិនវិលត្រឡប់មកផែនដីទទួលកន្លែងក្នុងពិភពរបស់អស់អ្នកដែលមានជីវិតឡើយ។
21 យើងនឹងធ្វើឲ្យមនុស្សតក់ស្លុត នៅពេលឃើញអ្នកវេទនាដូច្នេះ គេនឹងស្វែងរកអ្នក តែរកមិនឃើញទៀតឡើយ» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។