២ ពង្សា‌វតារ‌ក្សត្រ 1:10-16 KHSV

10 លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​មេ​កង​នោះ​ថា៖ «ប្រសិន​បើ​ខ្ញុំ​ពិត​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មែន សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ មក​ឆេះ​លោក និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​របស់​លោក​ចុះ!»។ ភ្លើង​ក៏​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​មេ​កង និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​នោះ​មែន។

11 ស្ដេច​ចាត់​មេ‌ទ័ព​ម្នាក់​ទៀត​ឲ្យ​នាំ​ពល​ទាហាន​ហា‌សិប​នាក់​ទៅ​រក​ចាប់​លោក​អេលីយ៉ា។ មេ​កង​នោះ​និយាយ​ទៅ​កាន់​លោក​ថា៖ «អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​អើយ ចូរ​ប្រញាប់​ចុះ​មក! នេះ​ជា​បញ្ជា​របស់​ព្រះ‌រាជា!»។

12 លោក​អេលីយ៉ា​មាន​ប្រសាសន៍​មក​ពួក​គេ​ថា៖ «ប្រសិន​បើ​ខ្ញុំ​ពិត​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មែន សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ មក​ឆេះ​លោក និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​របស់​លោក​ចុះ!»។ ភ្លើង​ក៏​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​មេ​កង និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​នោះ​មែន។

13 ស្ដេច​ចាត់​មេ​កង​ទី​បី​ឲ្យ​នាំ​ពល​ទាហាន​ហា‌សិប​នាក់​ទៅ​សា​ជា​ថ្មី។ ពេល​មេ​កង​ទី​បី​នេះ​ឡើង​ទៅ​ដល់​លើ​កំពូល​ភ្នំ គាត់​លុត​ជង្គង់​នៅ​មុខ​លោក​អេលីយ៉ា រួច​អង្វរ​ថា៖ «អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​អើយ! សូម​អាណិត​មេត្តា​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ប្របាទ និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​នេះ​ផង។

14 មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​ឆេះ​មេ​កង​ទាំង​ពីរ និង​ពល​ទាហាន​របស់​ពួក​គេ​ដែល​មក​មុនៗ​នោះ​អស់​ហើយ ឥឡូវ​នេះ សូម​អាណិត​មេត្តា​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ប្របាទ​ផង!»។

15 ទេវតា*​របស់​ព្រះ‌អម្ចាស់​ប្រាប់​លោក​អេលីយ៉ា​ថា៖ «ចូរ​ទៅ​ជា​មួយ​គេ​ចុះ កុំ​ភ័យ​ខ្លាច​ឡើយ!»។ លោក​អេលីយ៉ា​ក្រោក​ឡើង ហើយ​ទៅ​ជា​មួយ​គេ ចូល​គាល់​ស្ដេច

16 ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “ដោយ​អ្នក​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​សួរ​ព្រះ​បាល-‌សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន ធ្វើ​ហាក់​ដូច​ជា​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​គ្មាន​ព្រះ​ដែល​គេ​អាច​សួរ​បាន។ ហេតុ​នេះ អ្នក​នឹង​មិន​អាច​ក្រោក​ពី​គ្រែ ដែល​អ្នក​ដេក​នោះ​ឡើយ អ្នក​ពិត​ជា​ស្លាប់!”»។