1 កាលព្រះបាទហេសេគាទទួលដំណឹងនេះ ទ្រង់ហែកព្រះភូសាចោល យកបាវមកស្លៀក រួចយាងទៅព្រះដំណាក់របស់ព្រះអម្ចាស់។
2 ព្រះរាជាចាត់លោកអេលាគីម ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង និងលោកសិបណា ជាស្មៀនហ្លួង ព្រមទាំងលោកបូជាចារ្យចាស់ៗ ដែលស្លៀកបាវទាំងអស់គ្នា ឲ្យទៅជួបព្យាការីអេសាយ ជាកូនរបស់លោកអម៉ូស។
3 ពួកគេជម្រាបលោកដូចតទៅ៖ «ព្រះបាទហេសេគាមានរាជឱង្ការថា: ថ្ងៃនេះជាថ្ងៃមានទុក្ខ ជាថ្ងៃដែលយើងទទួលទណ្ឌកម្ម និងអាម៉ាស់មុខ គឺប្រៀបដូចជាថ្ងៃដែលទារកត្រូវកើត តែម្ដាយគ្មានកម្លាំងបង្កើតវាមកទេ។
4 ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេទ័ពឲ្យមកជេរប្រមាថព្រះអម្ចាស់ ជាព្រះដែលមានព្រះជន្មគង់នៅ។ ប្រហែលព្រះអម្ចាស់ ជាព្រះរបស់លោកឮពាក្យទាំងប៉ុន្មានរបស់មេទ័ពនោះដែរ ហើយព្រះអង្គមុខជាដាក់ទោសគេ ព្រោះតែពាក្យដែលព្រះអង្គបានឮ។ ហេតុនេះ សូមទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក សូមទ្រង់មេត្តាប្រណីដល់ប្រជាជនដែលនៅសេសសល់នេះផង»។
5 មន្ត្រីរបស់ព្រះបាទហេសេគាក៏នាំគ្នាទៅជួបលោកអេសាយ
6 ហើយលោកអេសាយប្រាប់ពួកគេថា៖ «អស់លោកត្រូវទូលព្រះករុណាថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “កុំភ័យខ្លាចព្រោះតែពាក្យដែលអ្នកបានឮ គឺពាក្យដែលពួកអាស្ស៊ីរីបានប្រមាថមាក់ងាយយើងនោះឡើយ។
7 បន្តិចទៀត ស្ដេចស្រុកអាស្ស៊ីរីនឹងទទួលដំណឹងមួយ យើងនឹងធ្វើឲ្យស្ដេចនេះវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ ហើយត្រូវគេធ្វើគុតដោយមុខដាវ នៅស្រុកនោះ”»។
8 មេទ័ពបានវិលទៅជួបស្ដេចស្រុកអាស្ស៊ីរីវិញ ក្នុងពេលដែលទ្រង់កំពុងតែលើកទ័ពចេញពីក្រុងឡាគីសទៅវាយយកក្រុងលីបណា។
9 ពេលនោះ ស្ដេចស្រុកអាស្ស៊ីរីទទួលដំណឹងថា កងទ័ពអេស៊ីបដឹកនាំដោយព្រះចៅទីរ៉ាកា ជាជនជាតិអេត្យូពី កំពុងតែចេញមកធ្វើសឹកនឹងទ័ពអាស្ស៊ីរី
10 ទ្រង់ក៏ចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទហេសេគា ជាស្ដេចស្រុកយូដាថា៖ «សូមកុំបណ្ដោយឲ្យព្រះរបស់ព្រះករុណា គឺព្រះដែលព្រះករុណាទុកចិត្ត បញ្ឆោតព្រះករុណា ដោយអះអាងថា “ក្រុងយេរូសាឡឹមនឹងមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីទេ”។
11 ព្រះករុណាជ្រាបស្រាប់ហើយថា ស្ដេចស្រុកអាស្ស៊ីរីនៅជំនាន់មុនៗ បានបំផ្លាញនគរទាំងប៉ុន្មានថ្វាយផ្ដាច់*ដល់ព្រះរបស់យើង។ ចុះព្រះករុណាវិញ តើព្រះករុណាស្មានថានឹងរួចខ្លួនកើតឬ?
12 ពេលពួកអយ្យកោរបស់យើងកម្ទេចនគរកូសាន ខារ៉ាន រេសែប និងក្រុងរបស់ពួកអេដែន នៅស្រុកធេឡាស៊ើរ គ្មានព្រះណាមួយរបស់ប្រជាជាតិទាំងនោះរំដោះពួកគេបានឡើយ។
13 រីឯស្ដេចទាំងឡាយរបស់ក្រុងហាម៉ាត ក្រុងអើផាឌ ក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ា ក៏ត្រូវវិនាសអស់គ្មានសល់ដែរ!»។
14 ព្រះបាទហេសេគាទទួលលិខិតពីអ្នកនាំសារមកអាន រួចទ្រង់យាងឡើងទៅព្រះវិហារ យកលិខិតនោះទៅបង្ហាញព្រះអម្ចាស់។
15 ព្រះបាទហេសេគាទូលអង្វរព្រះអម្ចាស់ថា៖«ឱព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលគង់នៅលើពួកចេរូប៊ីន*អើយ! មានតែព្រះអង្គមួយគត់ ដែលជាព្រះរបស់នគរទាំងប៉ុន្មាននៅលើផែនដី ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី។
16 ព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ! ព្រះអម្ចាស់អើយ សូមបើកព្រះនេត្រទតមើលផង! សូមទ្រង់ព្រះសណ្ដាប់សេចក្ដីទាំងប៉ុន្មាន ដែលស្ដេចសានហេរីបផ្ញើមកជេរប្រមាថព្រះដ៏មានព្រះជន្មគង់នៅ!
17 ព្រះអម្ចាស់អើយ ស្ដេចស្រុកអាស្ស៊ីរីពិតជាបានកម្ទេចប្រជាជាតិទាំងប៉ុន្មាន និងបំផ្លាញទឹកដីរបស់គេ
18 ព្រមទាំងយកព្រះរបស់គេទៅដុតឲ្យវិនាសសូន្យថែមទៀតផង។ ប៉ុន្តែ ព្រះទាំងនោះមិនមែនជាព្រះទេ គឺគ្រាន់តែជារូបឈើ ឬថ្ម ដែលជាស្នាដៃរបស់មនុស្សប៉ុណ្ណោះ។
19 ឥឡូវនេះ ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំឲ្យរួចផុត ពីកណ្ដាប់ដៃរបស់ស្ដេចសានហេរីបផង ដើម្បីឲ្យនគរទាំងប៉ុន្មាននៅផែនដីទទួលស្គាល់ថា មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលពិតជាព្រះជាម្ចាស់!»។
20 ពេលនោះ លោកអេសាយ ជាកូនរបស់លោកអម៉ូស បានចាត់គេឲ្យទៅទូលព្រះបាទហេសេគាថា៖ «ព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលដូចតទៅ: “យើងបានឮពាក្យដែលអ្នកទូលអង្វរយើងស្ដីអំពីសានហេរីប ជាស្ដេចរបស់ស្រុកអាស្ស៊ីរីហើយ”។
21 ព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹងស្ដេចនោះថា:សានហេរីបអើយក្រុងស៊ីយ៉ូន ដែលប្រៀបដូចជាស្ត្រីព្រហ្មចារីប្រមាថមើលងាយអ្នកអ្នកក្រុងយេរូសាឡឹមគ្រវីក្បាល ចំអកឲ្យអ្នក។
22 តើអ្នកបានជេរ និងត្មះតិះដៀលនរណា?តើអ្នកស្រែកក្ដែងៗប្រឆាំងនឹងនរណា?គឺអ្នកហ៊ានព្រហើនដាក់ព្រះដ៏វិសុទ្ធ*របស់ជនជាតិអ៊ីស្រាអែល!
23 អ្នកបានចាត់ពួកនាំសាររបស់អ្នកឲ្យមកជេរព្រះអម្ចាស់ ហើយអ្នកពោលថា:ដោយអញមានរទេះចំបាំងដ៏ច្រើនអញឡើងទៅលើកំពូលភ្នំអញចូលទៅដល់ព្រៃជ្រៅនៅស្រុកលីបង់ដើម្បីកាប់ដើមតាត្រៅ និងដើមស្រឡៅដ៏ល្អៗអញនឹងឡើងទៅដល់ចុងកំពូលហើយចូលទៅដល់ព្រៃស្រោង។
24 អញបានជីកអណ្ដូងហើយផឹកទឹករបស់សាសន៍ដទៃពេលអញឈានជើងជាន់តំបន់ទន្លេនីលនោះទឹកទន្លេរីងអស់ជាមិនខាន។
25 សានហេរីបអើយ អ្នកមិនដឹងទេឬថាយើងបានគ្រោងទុក និងរៀបចំព្រឹត្តិការណ៍ទាំងនេះ តាំងពីបុរាណកាលមកម៉្លេះ!ឥឡូវនេះ យើងធ្វើឲ្យសម្រេចដើម្បីកម្ទេចក្រុងដែលមានកំពែងដ៏រឹងមាំឲ្យក្លាយទៅជាគំនរឥដ្ឋ។
26 អ្នកក្រុងទាំងនោះគ្មានកម្លាំងតទល់ទេពួកគេភ័យខ្លាច ហើយអាម៉ាស់មុខពួកគេប្រៀបបីដូចជាស្មៅនៅតាមទីវាលឬដូចរុក្ខជាតិនៅតាមចម្ការនិងដូចស្មៅដុះនៅលើដំបូលផ្ទះឬដូចស្រូវកំពុងតែក្រៀមស្វិតទៅមុនពេលមានពន្លកលូតចេញមក។
27 ចំណែកឯយើងវិញ អ្នកធ្វើអ្វីក៏ដោយយើងដឹងទាំងអស់!ពេលណាអ្នកអង្គុយ ពេលណាអ្នកចេញ ឬចូលពេលអ្នកច្រឡោតខឹងនឹងយើង ក៏យើងដឹងដែរ
28 ដ្បិតអ្នកច្រឡោតខឹងនឹងយើងយើងបានឮពាក្យសម្ដីព្រហើនៗរបស់អ្នកហេតុនេះហើយបានជាយើងយកកន្លុះមកដាក់ច្រមុះអ្នកនិងយកបង្ហៀរមកដាក់មាត់អ្នកហើយដឹកអ្នកវិលត្រឡប់ទៅស្រុករបស់អ្នកវិញតាមផ្លូវដែលអ្នកបានធ្វើដំណើរមក។
29 ចំពោះអ្នកវិញ ហេសេគាអើយ យើងនឹងបង្ហាញទីសម្គាល់មួយឲ្យអ្នកឃើញ គឺឆ្នាំនេះ អ្នករាល់គ្នាបរិភោគស្រូវធ្លាក់មកពីលើ ឆ្នាំក្រោយ អ្នករាល់គ្នានឹងបរិភោគស្រូវដែលដុះចេញពីដីមកដោយឯកឯង តែឆ្នាំក្រោយមួយទៀត អ្នករាល់គ្នាត្រូវសាបព្រោះច្រូតកាត់ អ្នករាល់គ្នាត្រូវដាំទំពាំងបាយជូរ រួចបរិភោគផលនោះទៅ។
30 អ្នកស្រុកយូដាដែលបានរួចជីវិត និងនៅសេសសល់ប្រៀបដូចជាដើមឈើ ដែលចាក់ឫសទៅក្នុងដី ហើយមានមែកពេញទៅដោយផ្លែ។
31 ដោយព្រះហឫទ័យស្រឡាញ់ដ៏លើសលប់របស់ព្រះអម្ចាស់នៃពិភពទាំងមូល ព្រះអង្គនឹងទុកឲ្យប្រជាជនមួយចំនួនសេសសល់នៅក្រុងយេរូសាឡឹម ហើយឲ្យប្រជាជនមួយចំនួនរួចជីវិតនៅភ្នំស៊ីយ៉ូន។
32 ចំពោះស្ដេចអាស្ស៊ីរីវិញ ព្រះអម្ចាស់មានព្រះបន្ទូលថា “ស្ដេចនោះនឹងមិនចូលមកក្នុងក្រុងយេរូសាឡឹមទេ ហើយក៏មិនបាញ់ព្រួញចូលមក ឬប្រើខែល និងលើកដី ដើម្បីវាយលុកក្រុងនេះដែរ”។
33 ស្ដេចនោះនឹងវិលត្រឡប់ទៅវិញ តាមផ្លូវដែលគេធ្វើដំណើរមក គឺគេនឹងមិនចូលក្នុងក្រុងនេះឡើយ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
34 យើងនឹងការពារ ហើយសង្គ្រោះក្រុងនេះ ដោយយល់ដល់នាមរបស់យើង និងយល់ដល់ដាវីឌ ជាអ្នកបម្រើរបស់យើងដែរ»។
35 នៅយប់នោះ ទេវតា*របស់ព្រះអម្ចាស់បានចេញមកវាយទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើយប្រហារជីវិតពួកគេអស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ លុះព្រឹកឡើងពេលភ្ញាក់ពីដំណេក គេឃើញមានសាកសពនៅពាសពេញទីតាំងទ័ព។
36 ព្រះចៅសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី ក៏ដកទ័ពចេញពីទីនោះ វិលត្រឡប់ទៅគង់នៅក្រុងនីនីវេវិញ។
37 ថ្ងៃមួយ ពេលស្ដេចកំពុងតែថ្វាយបង្គំព្រះនីសរ៉ុក នៅក្នុងវិហារ នោះបុត្របង្កើតពីរអង្គរបស់ស្ដេច គឺអ័ឌរ៉ាម៉ាឡេក និងសារេស៊ើរ បានធ្វើគុតស្ដេចដោយមុខដាវ រួចនាំគ្នាគេចខ្លួនទៅតំបន់អារ៉ារ៉ាត។ ព្រះរាជបុត្រមួយអង្គទៀតព្រះនាមអេសារ-ហាដោន ឡើងស្នងរាជ្យ។