1 នៅឆ្នាំទីម្ភៃបីនៃរជ្ជកាលព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទអហាស៊ីយ៉ា ស្ដេចស្រុកយូដា ព្រះបាទយ៉ូអាហាស ជាបុត្ររបស់ព្រះបាទយេហ៊ូវ បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានដប់ប្រាំពីរឆ្នាំ។
2 ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ គឺទ្រង់ប្រព្រឹត្តអំពើបាបដូចព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត ដែលនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ ស្ដេចមិនងាកចេញពីផ្លូវនោះទេ។
3 ព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងជនជាតិអ៊ីស្រាអែល ហើយប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី និងព្រះបាទបេនហាដាដ ជាបុត្ររបស់ព្រះបាទហាសែល ក្នុងអំឡុងពេលដ៏យូរ។
4 ប៉ុន្តែ ព្រះបាទយ៉ូអាហាសទូលអង្វរព្រះអម្ចាស់ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វរនេះ ដ្បិតព្រះអង្គទតឃើញស្ដេចស្រុកស៊ីរីជិះជាន់សង្កត់សង្កិនប្រជាជនអ៊ីស្រាអែល
5 ព្រះអម្ចាស់ប្រោសប្រទានឲ្យមានអ្នកដឹកនាំមួយរូបមកសង្គ្រោះជនជាតិអ៊ីស្រាអែល ពីកណ្ដាប់ដៃរបស់ជនជាតិស៊ីរី និងឲ្យពួកគេរស់នៅដោយសុខសាន្តក្នុងស្រុករបស់ខ្លួនដូចកាលពីមុន។
6 ប៉ុន្តែ ពួកគេពុំបានងាកចេញពីអំពើបាប ដែលរាជវង្សរបស់ព្រះបាទយេរ៉ូបោមនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។ ពួកគេនៅតែប្រព្រឹត្តអំពើបាបនោះតទៅទៀត គឺសូម្បីតែបង្គោលរបស់ព្រះអាសេរ៉ាក៏មាននៅក្នុងក្រុងសាម៉ារីដែរ។
7 កងទ័ពរបស់ព្រះបាទយ៉ូអាហាសមាននៅសល់ត្រឹមតែទ័ពសេះហាសិបនាក់ រទេះចំបាំងដប់ និងកងពលថ្មើរជើងមួយម៉ឺននាក់ប៉ុណ្ណោះ ដ្បិតស្ដេចស្រុកស៊ីរីបានបំផ្លាញស្ទើរតែទាំងអស់ ទុកទ័ពឲ្យនៅសេសសល់បន្តិចបន្តួច ប្រៀបដូចជាធូលីដែលគេដើរជាន់។
8 រាជកិច្ចផ្សេងទៀតរបស់ព្រះបាទយ៉ូអាហាស និងអ្វីៗទាំងប៉ុន្មានដែលស្ដេចបានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចរបស់ស្ដេច សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
9 កាលស្ដេចសោយទិវង្គត គេយកសពទៅបញ្ចុះនៅក្រុងសាម៉ារី ហើយព្រះបាទយ៉ូអាស ជាបុត្រ ឡើងស្នងរាជ្យ។
10 នៅឆ្នាំទីសាមសិបប្រាំពីរនៃរជ្ជកាលព្រះបាទយ៉ូអាស ជាស្ដេចស្រុកយូដា ព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាហាស បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានដប់ប្រាំមួយឆ្នាំ។
11 ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដោយពុំបានងាកចេញពីអំពើបាបដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះទេ គឺស្ដេចប្រព្រឹត្តតាមផ្លូវអាក្រក់ដូចគេដែរ។
12 រីឯរាជកិច្ចផ្សេងទៀតរបស់ព្រះបាទយ៉ូអាស និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចរបស់ស្ដេច និងសង្គ្រាមជាមួយព្រះបាទអម៉ាស៊ីយ៉ា ជាស្ដេចស្រុកយូដា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
13 កាលព្រះបាទយ៉ូអាសសោយទិវង្គត គេយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្សរបស់ស្ដេចស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារី ហើយព្រះបាទយេរ៉ូបោមឡើងស្នងរាជ្យ។
14 នៅគ្រានោះ លោកអេលីសេមានជំងឺជាទម្ងន់ ហៀបនឹងស្លាប់។ ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល យាងមកសួរសុខទុក្ខលោក ស្ដេចយំសម្រក់ទឹកភ្នែកលើមុខលោក ហើយមានរាជឱង្ការថា៖ «លោកឪពុក! លោកឪពុកអើយ លោកប្រៀបដូចជារទេះចំបាំង និងទ័ពសេះរបស់អ៊ីស្រាអែល!»។
15 លោកអេលីសេទូលព្រះរាជាថា៖ «សូមព្រះករុណាយកធ្នូ និងព្រួញមក!»។ ស្ដេចក៏យកធ្នូ និងព្រួញមកកាន់។
16 ព្យាការីទូលព្រះរាជាថា៖ «សូមព្រះករុណាលើកធ្នូឡើងយឹតទៅ!»។ ព្រះរាជាក៏លើកធ្នូឡើង ហើយយឹត។ លោកអេលីសេដាក់ដៃលើព្រះហស្ដស្ដេច
17 រួចទូលថា៖ «សូមព្រះករុណាបើកបង្អួចដែលបែរទៅទិសខាងកើត!»។ ព្រះបាទយ៉ូអាសក៏បើកបង្អួចនោះ។ លោកអេលីសេទូលថា៖ «សូមបាញ់ទៅ!» ស្ដេចក៏បាញ់។ លោកអេលីសេទូលថា៖ «នេះជាព្រួញជ័យជំនះមកពីព្រះអម្ចាស់ គឺព្រួញជ័យជំនះលើជនជាតិស៊ីរី។ ព្រះករុណានឹងប្រហារកងទ័ពស៊ីរីនៅក្រុងអាផែក រហូតដល់ពួកគេវិនាសសូន្យ»។
18 លោកអេលីសេទូលព្រះរាជាទៀតថា៖ «សូមយកព្រួញទាំងនោះមក!»។ ស្ដេចក៏យកព្រួញទាំងនោះមកកាន់។ ព្យាការីទូលថា៖ «សូមវាយលើដី!» ស្ដេចវាយលើដីបីដង ហើយឈប់។
19 អ្នកជំនិតរបស់ព្រះជាម្ចាស់ក្រេវក្រោធនឹងព្រះរាជា ហើយទូលថា៖ «គួរតែវាយឲ្យបានប្រាំ ឬប្រាំមួយដង នោះព្រះករុណាពិតជាច្បាំងឈ្នះជនជាតិស៊ីរី រហូតដល់បំផ្លាញពួកគេឲ្យវិនាសសូន្យ។ ប៉ុន្តែ ឥឡូវនេះ ព្រះករុណាវាយពួកគេឈ្នះបានត្រឹមតែបីដងប៉ុណ្ណោះ»។
20 បន្ទាប់មក លោកអេលីសេទទួលមរណភាព ហើយគេក៏យកសពលោកទៅបញ្ចុះ។ជារៀងរាល់ឆ្នាំ ទាហានជនជាតិម៉ូអាប់តែងតែចូលមកទន្ទ្រានក្នុងស្រុក។
21 ថ្ងៃមួយ អ្នកស្រុកបានយកសពមនុស្សម្នាក់ទៅបញ្ចុះ ស្រាប់តែជួបប្រទះនឹងទាហានជនជាតិម៉ូអាប់ ពួកគេក៏បោះសពនោះក្នុងផ្នូររបស់ព្យាការី។ ពេលសពនោះធ្លាក់ទៅប៉ះលើធាតុរបស់លោកអេលីសេ គេក៏រស់ឡើងវិញ ហើយក្រោកឈរ។
22 ក្នុងរជ្ជកាលព្រះបាទយ៉ូអាហាស ព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី តែងតែជិះជាន់សង្កត់សង្កិនជនជាតិអ៊ីស្រាអែលជានិច្ច។
23 ប៉ុន្តែ ព្រះអម្ចាស់ប្រណីសន្ដោសដល់កូនចៅអ៊ីស្រាអែល ព្រះអង្គអាណិតអាសូរ និងសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះពួកគេ ដោយយល់ដល់សម្ពន្ធមេត្រី ដែលព្រះអង្គបានចងជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។ ព្រះអង្គមិនសព្វព្រះហឫទ័យបំផ្លាញពួកគេទេ ហើយរហូតដល់ពេលនេះ ព្រះអង្គក៏មិនបោះបង់ចោលពួកគេឲ្យទៅឆ្ងាយពីព្រះអង្គដែរ។
24 ព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី សោយទិវង្គត ហើយព្រះបាទបេនហាដាដ ជាបុត្រ ឡើងស្នងរាជ្យ។
25 ព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាហាស បានដណ្ដើមក្រុងទាំងប៉ុន្មានរបស់អ៊ីស្រាអែលពីព្រះបាទបេនហាដាដ ជាបុត្ររបស់ព្រះបាទហាសែល យកមកវិញ គឺក្រុងទាំងប៉ុន្មាន ដែលព្រះបាទហាសែលបានវាយដណ្ដើមយកពីព្រះបាទយ៉ូអាហាស ជាបិតាក្នុងពេលធ្វើសង្គ្រាម។ ព្រះបាទយ៉ូអាសវាយព្រះបាទបេនហាដាដបីលើក រួចដណ្ដើមយកទីក្រុងទាំងប៉ុន្មានរបស់អ៊ីស្រាអែលមកវិញ។