1 នៅឆ្នាំទីដប់ពីរនៃរជ្ជកាលព្រះបាទអហាសជាស្ដេចស្រុកយូដា ព្រះបាទហូស៊ា ជាកូនរបស់លោកអេឡា ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានប្រាំបួនឆ្នាំ។
2 ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ តែពុំអាចប្រៀបស្មើនឹងស្ដេចអ៊ីស្រាអែលមុនៗទេ។
3 គ្រានោះ ព្រះចៅសាលម៉ានេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកច្បាំងនឹងព្រះបាទហូស៊ា។ ព្រះបាទហូស៊ាក៏សុំចុះចូល ព្រមទាំងនាំសួយសារអាករទៅថ្វាយស្ដេចស្រុកអាស្ស៊ីរីផង។
4 ប៉ុន្តែ ស្ដេចស្រុកអាស្ស៊ីរីជ្រាបថា ព្រះបាទហូស៊ាមានគំនិតក្បត់ ដ្បិតព្រះបាទហូស៊ាចាត់អ្នកនាំសារឲ្យទៅគាល់ព្រះចៅសូ ជាស្ដេចស្រុកអេស៊ីប ព្រមទាំងលែងនាំសួយសារអាករ ទៅថ្វាយស្ដេចជារៀងរាល់ឆ្នាំដូចមុនទៀតហើយ។ ដូច្នេះ ស្ដេចស្រុកអាស្ស៊ីរីឲ្យគេឃុំឃាំងព្រះបាទហូស៊ាក្នុងគុកមួយ ដោយដាក់ច្រវាក់ផង។
5 បន្ទាប់មក ស្ដេចស្រុកអាស្ស៊ីរីឡើងមកវាយស្រុកអ៊ីស្រាអែលទាំងមូល ហើយឡោមព័ទ្ធក្រុងសាម៉ារីអស់រយៈពេលបីឆ្នាំ។
6 នៅឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទហូស៊ា ស្ដេចស្រុកអាស្ស៊ីរីវាយយកបានក្រុងសាម៉ារី ហើយកៀរជនជាតិអ៊ីស្រាអែលទៅស្រុកអាស្ស៊ីរី ឲ្យពួកគេរស់នៅក្រុងហាឡា និងនៅតាមដងទន្លេហាបោ ជាទន្លេនៃស្រុកកូសាន ព្រមទាំងនៅតាមក្រុងនានារបស់ជនជាតិមេឌីផង។
7 ហេតុការណ៍នេះកើតឡើង ព្រោះតែជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ជាព្រះរបស់គេ ព្រះអង្គបាននាំពួកគេចេញពីស្រុកអេស៊ីប និងរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប តែពួកគេបែរជាគោរពថ្វាយបង្គំព្រះដទៃទៅវិញ។
8 ពួកគេធ្វើតាមទំនៀមទម្លាប់របស់ប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខជនជាតិអ៊ីស្រាអែល ព្រមទាំងធ្វើតាមទម្លាប់ផ្សេងៗ ដែលស្ដេចស្រុកអ៊ីស្រាអែលបានបង្កើតឡើងនោះផង។
9 ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើមិនគួរគប្បីដោយលួចលាក់ ប្រឆាំងនឹងព្រះអម្ចាស់ ជាព្រះរបស់ខ្លួន។ ពួកគេបានសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ នៅគ្រប់ទីក្រុងរបស់គេ គឺចាប់តាំងពីក្រុងដែលមានប៉មចាំយាម រហូតដល់ក្រុងដែលមានកំពែងដ៏រឹងមាំ។
10 ពួកគេនាំគ្នាដំឡើងស្តូប និងបង្គោលថ្វាយព្រះអាសេរ៉ា នៅលើកំពូលភ្នំទាំងឡាយ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។
11 នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗទាំងអស់ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើយញ្ញបូជា និងដុតគ្រឿងក្រអូប ដូចប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខពួកគេ។ ពួកគេបានប្រព្រឹត្តអំពើអាក្រក់ ធ្វើឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ។
12 ពួកគេនាំគ្នាគោរពបម្រើព្រះក្លែងក្លាយ ជាអំពើដែលព្រះអម្ចាស់ហាមមិនឲ្យធ្វើ។
13 ព្រះអម្ចាស់ព្រមានជនជាតិអ៊ីស្រាអែល និងជនជាតិយូដា តាមរយៈព្យាការី និងគ្រូទាយឆុតទាំងអស់ថា «ចូរបោះបង់ចោលផ្លូវអាក្រក់ ហើយកាន់តាមបទបញ្ជា និងច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមទាំងស្រុងនូវក្រឹត្យវិន័យ ដែលយើងបានប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា និងអ្នករាល់គ្នាផ្ទាល់ តាមរយៈពួកព្យាការី ជាអ្នកបម្រើរបស់យើង»។
14 ប៉ុន្តែ ពួកគេពុំស្ដាប់តាមទេ ពួកគេមានចិត្តរឹងចចេសដូចដូនតារបស់ពួកគេ ដែលមិនព្រមជឿលើព្រះអម្ចាស់ ជាព្រះរបស់ខ្លួន។
15 ពួកគេបានបោះបង់ចោលច្បាប់របស់ព្រះអង្គ ពួកគេផ្ដាច់សម្ពន្ធមេត្រី ដែលព្រះអង្គបានចងជាមួយដូនតារបស់ពួកគេ ពួកគេមិនអើពើនឹងដំបូន្មានដែលព្រះអង្គព្រមានពួកគេ ហើយនាំគ្នាបែរទៅគោរពព្រះឥតបានការ ដែលបណ្ដាលឲ្យខ្លួនទៅជាឥតបានការដែរ។ ពួកគេជាប់ពាក់ព័ន្ធនឹងប្រជាជាតិនានាដែលនៅជុំវិញ ជាប្រជាជាតិដែលព្រះអម្ចាស់បានហាមឃាត់មិនឲ្យពួកគេយកតម្រាប់តាម។
16 ពួកគេបោះបង់ចោលបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ហើយនាំគ្នាសិតធ្វើរូបកូនគោពីរ ដំឡើងបង្គោលថ្វាយព្រះអាសេរ៉ា ព្រមទាំងនាំគ្នាក្រាបថ្វាយបង្គំផ្កាយទាំងប៉ុន្មាន នៅលើមេឃ និងគោរពបម្រើព្រះបាល។
17 ពួកគេយកកូនប្រុសកូនស្រីទៅធ្វើបូជាយញ្ញ ពួកគេតែងតែបញ្ជាន់រូប និងប្រើមន្តអាគម។ ពួកគេបណ្ដោយខ្លួនប្រព្រឹត្តអំពើដ៏អាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាហេតុបណ្ដាលឲ្យព្រះអង្គទ្រង់ព្រះពិរោធ។
18 ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធយ៉ាងខ្លាំង ទាស់នឹងជនជាតិអ៊ីស្រាអែល ព្រះអង្គដេញពួកគេចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ នៅសល់តែកុលសម្ព័ន្ធយូដាមួយប៉ុណ្ណោះ។
19 រីឯប្រជាជនយូដាវិញក៏ដូច្នោះដែរ ពួកគេពុំបានកាន់តាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួនទេ តែពួកគេបែរជានាំគ្នាធ្វើតាមច្បាប់ដែលជនជាតិអ៊ីស្រាអែលបានបង្កើតទៅវិញ។
20 ដូច្នេះ ព្រះអម្ចាស់បោះបង់ចោលជនជាតិអ៊ីស្រាអែលទាំងមូល ព្រះអង្គធ្វើឲ្យពួកគេអាម៉ាស់ ដោយប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ហើយដេញពួកគេចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ។
21 កាលព្រះអម្ចាស់ផ្ដាច់ជនជាតិអ៊ីស្រាអែលចេញពីរាជវង្សរបស់ព្រះបាទដាវីឌ ជនជាតិអ៊ីស្រាអែលបានតែងតាំងព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត ឡើងជាស្ដេច។ ព្រះបាទយេរ៉ូបោមបានអូសទាញជនជាតិអ៊ីស្រាអែលឲ្យឃ្លាតឆ្ងាយពីព្រះអម្ចាស់ ព្រមទាំងនាំពួកគេឲ្យប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ទៀតផង។
22 កូនចៅអ៊ីស្រាអែលប្រព្រឹត្តអំពើបាបទាំងប៉ុន្មាន ដែលព្រះបាទយេរ៉ូបោមបានប្រព្រឹត្ត គឺពួកគេពុំបានងាកចេញពីអំពើទាំងនោះឡើយ។
23 ហេតុនេះ ព្រះអម្ចាស់បណ្ដេញជនជាតិអ៊ីស្រាអែលចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ ស្របតាមព្រះបន្ទូលដែលព្រះអង្គថ្លែងតាមរយៈព្យាការីទាំងអស់ ជាអ្នកបម្រើរបស់ព្រះអង្គ។ ជនជាតិអ៊ីស្រាអែលត្រូវគេកៀរចេញឆ្ងាយពីទឹកដីរបស់ខ្លួន នាំទៅស្រុកអាស្ស៊ីរីរហូតដល់សព្វថ្ងៃ។
24 ស្ដេចស្រុកអាស្ស៊ីរីជន្លៀសប្រជាជនពីក្រុងបាប៊ីឡូន ក្រុងគូថា ក្រុងអាវ៉ា ក្រុងហាម៉ាត់ និងក្រុងសេផាវែម ឲ្យមករស់នៅតាមក្រុងនានាក្នុងស្រុកសាម៉ារី ជំនួសជនជាតិអ៊ីស្រាអែល។ អ្នកទាំងនោះចាប់យកស្រុកសាម៉ារីមកធ្វើជាកម្មសិទ្ធិ ហើយតាំងទីលំនៅតាមក្រុងនានា។
25 នៅគ្រាដំបូងដែលពួកគេមកតាំងទីលំនៅក្នុងស្រុកសាម៉ារី ពួកគេមិនគោរពកោតខ្លាចព្រះអម្ចាស់ទេ ព្រះអម្ចាស់ក៏ប្រើសិង្ហឲ្យមកប្រហារពួកគេ។
26 មានគេទូលស្ដេចស្រុកអាស្ស៊ីរីថា៖ «ប្រជាជាតិទាំងឡាយដែលព្រះករុណាជន្លៀសឲ្យទៅតាំងទីលំនៅតាមក្រុងនានា ក្នុងស្រុកសាម៉ារី ពុំស្គាល់របៀបគោរពថ្វាយបង្គំព្រះរបស់ស្រុកនោះទេ។ ព្រះនៅស្រុកនោះប្រើសិង្ហឲ្យមកប្រហារពួកគេ ដ្បិតពួកគេពុំស្គាល់របៀបគោរពថ្វាយបង្គំព្រះរបស់ស្រុកនោះ»។
27 ស្ដេចស្រុកអាស្ស៊ីរីបង្គាប់ថា៖ «ចូរនាំបូជាចារ្យសាម៉ារីម្នាក់ ដែលអ្នករាល់គ្នាកៀរយកទៅ ឲ្យវិលមកស្រុកវិញ ដើម្បីបង្ហាត់បង្រៀនរបៀបគោរពថ្វាយបង្គំព្រះរបស់ស្រុកនោះ»។
28 ដូច្នេះ គេទៅនាំបូជាចារ្យម្នាក់ដែលគេបានកៀរពីស្រុកសាម៉ារី ឲ្យវិលមករស់នៅបេតអែលវិញ។ បូជាចារ្យនោះបង្ហាត់បង្រៀនពួកគេអំពីរបៀប ដែលត្រូវគោរពកោតខ្លាចព្រះអម្ចាស់។
29 ប៉ុន្តែ ប្រជាជាតិនីមួយៗបានធ្វើរូបសំណាកព្រះរបស់ខ្លួន យកទៅតម្កល់ក្នុងកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដែលអ្នកស្រុកសាម៉ារីពីមុនបានសង់។ ប្រជាជាតិនីមួយៗធ្វើដូច្នេះ នៅតាមក្រុងនានាដែលពួកគេរស់នៅ។
30 អ្នកក្រុងបាប៊ីឡូនធ្វើរូបព្រះសិកូតបេណូត អ្នកក្រុងគូថាធ្វើរូបព្រះនើកាល អ្នកក្រុងហាម៉ាត់ធ្វើរូបព្រះអស៊ីម៉ា។
31 អ្នកក្រុងអាវ៉ាធ្វើរូបព្រះនីប-ហាស និងព្រះថើថាក អ្នកក្រុងសេផាវែមយកកូនប្រុសរបស់ខ្លួន ទៅធ្វើបូជាយញ្ញ ថ្វាយព្រះអ័ឌរ៉ាម៉ាឡេក និងព្រះអណាម៉ាឡេក ជាព្រះនៃក្រុងសេផាវែម។
32 ប្រជាជាតិទាំងនោះក៏គោរពកោតខ្លាចព្រះអម្ចាស់ដែរ ព្រមទាំងតែងតាំងអ្នកខ្លះ ក្នុងចំណោមពួកគេ ឲ្យធ្វើជាបូជាចារ្យនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដើម្បីថ្វាយយញ្ញបូជាក្នុងនាមរបស់ពួកគេ នៅតាមកន្លែងទាំងនោះ។
33 ពួកគេគោរពកោតខ្លាចព្រះអម្ចាស់ផង និងគោរពព្រះរបស់ពួកគេ តាមទំនៀមទម្លាប់ជាតិដើមរបស់ពួកគេផង។
34 រហូតដល់សព្វថ្ងៃ ពួកគេនៅតែប្រព្រឹត្តតាមទម្លាប់ដើមដដែល ពួកគេមិនប្រាកដជាគោរពកោតខ្លាចព្រះអម្ចាស់ មិនប្រាកដជាប្រតិបត្តិតាមច្បាប់ និងវិន័យរបស់ខ្លួន ហើយក៏មិនប្រាកដជាកាន់តាមក្រឹត្យវិន័យ និងបទបញ្ជាដែលព្រះអម្ចាស់បង្គាប់មកកូនចៅលោកយ៉ាកុប ដែលព្រះអង្គប្រទានឈ្មោះថាអ៊ីស្រាអែល។
35 ព្រះអម្ចាស់បានចងសម្ពន្ធមេត្រីជាមួយកូនចៅលោកយ៉ាកុប ព្រមទាំងបញ្ជាដល់ពួកគេថា៖ «មិនត្រូវគោរពកោតខ្លាចព្រះដទៃ ហើយក៏មិនត្រូវក្រាបថ្វាយបង្គំព្រះទាំងនោះដែរ។ មិនត្រូវគោរពបម្រើ និងថ្វាយយញ្ញបូជាដល់ព្រះទាំងនោះឡើយ។
36 ផ្ទុយទៅវិញ ត្រូវគោរពកោតខ្លាចព្រះអម្ចាស់ ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដោយឫទ្ធិបារមី និងតេជានុភាពដ៏ខ្លាំងពូកែ។ អ្នករាល់គ្នាត្រូវគោរពថ្វាយបង្គំ និងថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់តែមួយប៉ុណ្ណោះ។
37 រីឯបញ្ញត្តិ ច្បាប់ វិន័យ ក្រឹត្យវិន័យ និងបទបញ្ជាដែលព្រះអង្គបានចែងទុកសម្រាប់អ្នករាល់គ្នានោះ ត្រូវប្រតិបត្តិតាមជារៀងរាល់ថ្ងៃ ហើយមិនត្រូវគោរពកោតខ្លាចព្រះដទៃឡើយ។
38 កុំបំភ្លេចសម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នករាល់គ្នាឲ្យសោះ ហើយមិនត្រូវគោរពកោតខ្លាចព្រះដទៃឡើយ។
39 ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នោះព្រះអង្គនឹងរំដោះអ្នករាល់គ្នា ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវទាំងប៉ុន្មាន»។
40 ប៉ុន្តែ ពួកគេពុំស្ដាប់តាមទេ គឺពួកគេនៅតែប្រព្រឹត្តតាមទំនៀមទម្លាប់ដើមរបស់ខ្លួនដដែល។
41 ប្រជាជាតិទាំងនោះគោរពកោតខ្លាចព្រះអម្ចាស់ផង គោរពបម្រើរូបព្រះរបស់គេផង។ កូនចៅរបស់ពួកគេនៅតែធ្វើរបៀបនេះរហូតមកដល់សព្វថ្ងៃ ដូចដូនតារបស់ខ្លួនដែរ។