13 ស្ដេចចាត់មេកងទីបីឲ្យនាំពលទាហានហាសិបនាក់ទៅសាជាថ្មី។ ពេលមេកងទីបីនេះឡើងទៅដល់លើកំពូលភ្នំ គាត់លុតជង្គង់នៅមុខលោកអេលីយ៉ា រួចអង្វរថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទុកជីវិតឲ្យខ្ញុំប្របាទ និងពលទាហានទាំងហាសិបនាក់នេះផង។
14 មានភ្លើងធ្លាក់ពីលើមេឃមកឆេះមេកងទាំងពីរ និងពលទាហានរបស់ពួកគេដែលមកមុនៗនោះអស់ហើយ ឥឡូវនេះ សូមអាណិតមេត្តាទុកជីវិតឲ្យខ្ញុំប្របាទផង!»។
15 ទេវតា*របស់ព្រះអម្ចាស់ប្រាប់លោកអេលីយ៉ាថា៖ «ចូរទៅជាមួយគេចុះ កុំភ័យខ្លាចឡើយ!»។ លោកអេលីយ៉ាក្រោកឡើង ហើយទៅជាមួយគេ ចូលគាល់ស្ដេច
16 ទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “ដោយអ្នកបានចាត់អ្នកនាំសារឲ្យទៅសួរព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូន ធ្វើហាក់ដូចជានៅក្នុងស្រុកអ៊ីស្រាអែលគ្មានព្រះដែលគេអាចសួរបាន។ ហេតុនេះ អ្នកនឹងមិនអាចក្រោកពីគ្រែ ដែលអ្នកដេកនោះឡើយ អ្នកពិតជាស្លាប់!”»។
17 ព្រះបាទអហាស៊ីយ៉ាសោយទិវង្គតស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលលោកអេលីយ៉ាបានថ្លែង។ ព្រះបាទអហាស៊ីយ៉ាគ្មានបុត្រទេ ដូច្នេះ ព្រះបាទយ៉ូរ៉ាម ជាអនុជ ឡើងស្នងរាជ្យនៅឆ្នាំទីពីរនៃរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះបាទយ៉ូសាផាត ស្ដេចស្រុកយូដា។
18 រីឯរាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអហាស៊ីយ៉ា និងអ្វីៗដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។