២ ពង្សា‌វតារ‌ក្សត្រ 10:8-14 KHSV

8 អ្នក​នាំ​សារ​ម្នាក់​រត់​ទៅ​ជម្រាប​លោក​យេហ៊ូវ​ថា គេ​នាំ​ក្បាល​របស់​កូន​ស្ដេច​មក​ហើយ។ លោក​យេហ៊ូវ​បញ្ជា​ថា៖ «ចូរ​យក​ក្បាល​ទាំង​នោះ​ទៅ​ដាក់​ជា​ពីរ​គំនរ នៅ​ត្រង់​មាត់​ទ្វារ​ក្រុង រហូត​ដល់​ព្រឹក​ស្អែក»។

9 លុះ​ព្រឹក​ឡើង លោក​យេហ៊ូវ​ចេញ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង ហើយ​ប្រកាស​ប្រាប់​ប្រជា‌ជន​ទាំង​មូល​ថា៖ «អ្នក​រាល់​គ្នា​គ្មាន​ទោស​អ្វី​ទេ! គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច ព្រម​ទាំង​ធ្វើ​គុត​ស្ដេច​ទៀត​ផង។ រីឯ​អ្នក​ទាំង​នេះ​វិញ តើ​នរណា​ជា​អ្នក​សម្លាប់?

10 ដូច្នេះ សូម​អ្នក​រាល់​គ្នា​ជ្រាប​ថា ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​ថ្លែង​ប្រឆាំង​នឹង​រាជ‌វង្ស​របស់​ស្ដេច​អហាប់ សុទ្ធ​តែ​បាន​សម្រេច​ឥត​ខ្វះ​ត្រង់​ណា​ឡើយ! ព្រះ‌អម្ចាស់​បាន​សម្រេច​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តាម​រយៈ​លោក​អេលីយ៉ា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ»។

11 លោក​យេហ៊ូវ​ប្រហារ​ជីវិត​ញាតិ‌វង្ស​របស់​ព្រះ‌បាទ​អហាប់ ដែល​នៅ​សេស‌សល់​ក្នុង​ក្រុង​យេសរាល ព្រម​ទាំង​ពួក​នាម៉ឺន​ធំៗ អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ស្ដេច ពួក​បូជា‌ចារ្យ​របស់​ស្ដេច ដោយ​ពុំ​ទុក​នរណា​ម្នាក់​ឲ្យ​រួច​ជីវិត​ឡើយ។

12 បន្ទាប់​មក លោក​យេហ៊ូវ​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​សាម៉ារី។ ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​សាលា​សំណាក់​របស់​ពួក​គង្វាល

13 លោក​បាន​ជួប​នឹង​បង‌ប្អូន​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា។ លោក​សួរ​ពួក​គេ​ថា៖ «តើ​អស់​លោក​ជា​នរណា​ដែរ?»។ ពួក​គេ​ឆ្លើយ​ថា៖ «ពួក​យើង​ជា​បង‌ប្អូន​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ពួក​យើង​នាំ​គ្នា​ចុះ​មក​ធ្វើ​គារវ‌កិច្ច​ចំពោះ​បុត្រ​របស់​ព្រះ‌មហា‌ក្សត្រ និង​បុត្រ​របស់​ព្រះ‌មហា‌ក្សត្រិ‌យានី»។

14 លោក​យេហ៊ូវ​បញ្ជា​ថា៖ «ចូរ​ចាប់​ពួក​គេ​ទាំង​រស់!»។ គេ​ក៏​ចាប់​អ្នក​ទាំង​នោះ ទាំង​រស់ នាំ​យក​ទៅ​សម្លាប់ ហើយ​បោះ​សាក‌សព​ទៅ​ក្នុង​អណ្ដូង​ទឹក​នៃ​សាលា​សំណាក់​នោះ។ អ្នក​ទាំង​នោះ​មាន​គ្នា​ចំនួន​សែ‌សិប​ពីរ​នាក់ លោក​យេហ៊ូវ​ឥត​ទុក​នរណា​ម្នាក់​ឲ្យ​រត់​រួច​ឡើយ។