10 លោកបូជាចារ្យចែកលំពែង ព្រមទាំងខែលរបស់ព្រះបាទដាវីឌ ដែលតម្កល់ទុកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ជូនពួកមេទ័ពទាំងនោះ។
11 ពលទាហានប្រដាប់អាវុធគ្រប់ៗដៃ ឈរយាមនៅមុខព្រះដំណាក់ និងនៅជិតអាសនៈចាប់ពីប៉ែកខាងស្ដាំរហូតដល់ប៉ែកខាងឆ្វេងព្រះដំណាក់ ដើម្បីការពារព្រះមហាក្សត្រ។
12 ពេលនោះ លោកបូជាចារ្យយាងព្រះរាជបុត្ររបស់ស្ដេចចេញមក ហើយយកមកុដរាជ្យមកបំពាក់ ព្រមទាំងថ្វាយឯកសារនៃសម្ពន្ធមេត្រីផង រួចគេចាក់ប្រេងអភិសេករាជកុមារតែងតាំងជាស្ដេច។ គេនាំគ្នាទះដៃស្រែកជយឃោសថា៖ «ជយោ! ព្រះមហាក្សត្រ!»។
13 កាលព្រះនាងអថាលាឮសម្រែកពលទាហាន និងប្រជាជន ព្រះនាងក៏យាងទៅមើលពួកគេនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
14 ព្រះនាងទតឃើញព្រះមហាក្សត្រថ្មី ឈរនៅលើវេទិកា តាមទំនៀមទម្លាប់ ដោយមានមេទ័ព និងអ្នកផ្លុំត្រែឈរអមផង។ ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយគេក៏ផ្លុំត្រែឡើង។ ព្រះនាងអថាលាហែកព្រះភូសា ស្រែកថា៖ «នេះជាអំពើក្បត់! នេះជាអំពើក្បត់!»។
15 លោកបូជាចារ្យយេហូយ៉ាដាបញ្ជាពួកមេទ័ពដែលគ្រប់គ្រងលើពលទ័ពថា៖ «ចូរនាំព្រះនាងចេញទៅក្រៅ! បើនរណាគាំទ្រព្រះនាង ចូរសម្លាប់ដោយមុខដាវទៅ!»។ លោកបូជាចារ្យមានប្រសាសន៍ទៀតថា៖ «មិនត្រូវប្រហារជីវិតព្រះនាងនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ឡើយ!»។
16 គេចាប់ព្រះនាងនាំទៅវាំងវិញ។ កាលមកដល់ខ្លោងទ្វារសេះ គេប្រហារជីវិតព្រះនាងនៅទីនោះ។