២ ពង្សា‌វតារ‌ក្សត្រ 13:11-17 KHSV

11 ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដោយ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប​ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ទេ គឺ​ស្ដេច​ប្រព្រឹត្ត​តាម​ផ្លូវ​អាក្រក់​ដូច​គេ​ដែរ។

12 រីឯ​រាជ​កិច្ច​ផ្សេង​ទៀត​របស់​ព្រះ‌បាទ​យ៉ូអាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ ព្រម​ទាំង​វីរ‌ភាព​ដ៏​អង់‌អាច​របស់​ស្ដេច និង​សង្គ្រាម​ជា​មួយ​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

13 កាល​ព្រះ‌បាទ​យ៉ូអាស​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជ‌វង្ស​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​នៅ​ក្រុង​សាម៉ារី ហើយ​ព្រះ‌បាទ​យេរ៉ូ‌បោម​ឡើង​ស្នង​រាជ្យ។

14 នៅ​គ្រា​នោះ លោក​អេលីសេ​មាន​ជំងឺ​ជា​ទម្ងន់ ហៀប​នឹង​ស្លាប់។ ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល យាង​មក​សួរ​សុខ​ទុក្ខ​លោក ស្ដេច​យំ​សម្រក់​ទឹក​ភ្នែក​លើ​មុខ​លោក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «លោក​ឪពុក! លោក​ឪពុក​អើយ លោក​ប្រៀប​ដូច​ជា​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​អ៊ីស្រា‌អែល!»។

15 លោក​អេលីសេ​ទូល​ព្រះ‌រាជា​ថា៖ «សូម​ព្រះ‌ករុណា​យក​ធ្នូ និង​ព្រួញ​មក!»។ ស្ដេច​ក៏​យក​ធ្នូ និង​ព្រួញ​មក​កាន់។

16 ព្យាការី​ទូល​ព្រះ‌រាជា​ថា៖ «សូម​ព្រះ‌ករុណា​លើក​ធ្នូ​ឡើង​យឹត​ទៅ!»។ ព្រះ‌រាជា​ក៏​លើក​ធ្នូ​ឡើង ហើយ​យឹត។ លោក​អេលីសេ​ដាក់​ដៃ​លើ​ព្រះ‌ហស្ដ​ស្ដេច

17 រួច​ទូល​ថា៖ «សូម​ព្រះ‌ករុណា​បើក​បង្អួច​ដែល​បែរ​ទៅ​ទិស​ខាង​កើត!»។ ព្រះ‌បាទ​យ៉ូអាស​ក៏​បើក​បង្អួច​នោះ។ លោក​អេលីសេ​ទូល​ថា៖ «សូម​បាញ់​ទៅ!» ស្ដេច​ក៏​បាញ់។ លោក​អេលីសេ​ទូល​ថា៖ «នេះ​ជា​ព្រួញ​ជ័យ‌ជំនះ​មក​ពី​ព្រះ‌អម្ចាស់ គឺ​ព្រួញ​ជ័យ‌ជំនះ​លើ​ជន‌ជាតិ​ស៊ីរី។ ព្រះ‌ករុណា​នឹង​ប្រហារ​កង‌ទ័ព​ស៊ីរី​នៅ​ក្រុង​អាផែក រហូត​ដល់​ពួក​គេ​វិនាស​សូន្យ»។