12 រីឯរាជកិច្ចផ្សេងទៀតរបស់ព្រះបាទយ៉ូអាស និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចរបស់ស្ដេច និងសង្គ្រាមជាមួយព្រះបាទអម៉ាស៊ីយ៉ា ជាស្ដេចស្រុកយូដា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
13 កាលព្រះបាទយ៉ូអាសសោយទិវង្គត គេយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្សរបស់ស្ដេចស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារី ហើយព្រះបាទយេរ៉ូបោមឡើងស្នងរាជ្យ។
14 នៅគ្រានោះ លោកអេលីសេមានជំងឺជាទម្ងន់ ហៀបនឹងស្លាប់។ ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល យាងមកសួរសុខទុក្ខលោក ស្ដេចយំសម្រក់ទឹកភ្នែកលើមុខលោក ហើយមានរាជឱង្ការថា៖ «លោកឪពុក! លោកឪពុកអើយ លោកប្រៀបដូចជារទេះចំបាំង និងទ័ពសេះរបស់អ៊ីស្រាអែល!»។
15 លោកអេលីសេទូលព្រះរាជាថា៖ «សូមព្រះករុណាយកធ្នូ និងព្រួញមក!»។ ស្ដេចក៏យកធ្នូ និងព្រួញមកកាន់។
16 ព្យាការីទូលព្រះរាជាថា៖ «សូមព្រះករុណាលើកធ្នូឡើងយឹតទៅ!»។ ព្រះរាជាក៏លើកធ្នូឡើង ហើយយឹត។ លោកអេលីសេដាក់ដៃលើព្រះហស្ដស្ដេច
17 រួចទូលថា៖ «សូមព្រះករុណាបើកបង្អួចដែលបែរទៅទិសខាងកើត!»។ ព្រះបាទយ៉ូអាសក៏បើកបង្អួចនោះ។ លោកអេលីសេទូលថា៖ «សូមបាញ់ទៅ!» ស្ដេចក៏បាញ់។ លោកអេលីសេទូលថា៖ «នេះជាព្រួញជ័យជំនះមកពីព្រះអម្ចាស់ គឺព្រួញជ័យជំនះលើជនជាតិស៊ីរី។ ព្រះករុណានឹងប្រហារកងទ័ពស៊ីរីនៅក្រុងអាផែក រហូតដល់ពួកគេវិនាសសូន្យ»។
18 លោកអេលីសេទូលព្រះរាជាទៀតថា៖ «សូមយកព្រួញទាំងនោះមក!»។ ស្ដេចក៏យកព្រួញទាំងនោះមកកាន់។ ព្យាការីទូលថា៖ «សូមវាយលើដី!» ស្ដេចវាយលើដីបីដង ហើយឈប់។