4 ប៉ុន្តែ ស្ដេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ ប្រជាជននៅតែថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូបតាមទួលខ្ពស់ៗដដែល។
5 ព្រះអម្ចាស់បានធ្វើឲ្យព្រះបាទអសារាកើតឃ្លង់ រហូតដល់ថ្ងៃដែលស្ដេចអស់ព្រះជន្ម។ ស្ដេចត្រូវគង់ក្នុងដំណាក់មួយដាច់ឡែកពីគេ។ សម្ដេចយ៉ូថាម ជាបុត្រ មានភារកិច្ចមើលខុសត្រូវកិច្ចការក្នុងវាំង និងទទួលបន្ទុកគ្រប់គ្រងប្រជាជននៅក្នុងស្រុក។
6 រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអសារា និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
7 ព្រះបាទអសារាសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្ស នៅបុរីព្រះបាទដាវីឌ ហើយព្រះបាទយ៉ូថាម ជាបុត្រ ឡើងស្នងរាជ្យ។
8 នៅឆ្នាំទីសាមសិបប្រាំបីនៃរជ្ជកាលព្រះបាទអសារា ជាស្ដេចស្រុកយូដា ព្រះបាទសាការី ជាបុត្ររបស់ព្រះបាទយេរ៉ូបោម ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល ទ្រង់សោយរាជ្យបានប្រាំមួយខែនៅក្រុងសាម៉ារី។
9 ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចពួកអយ្យកោដែរ គឺស្ដេចពុំបានងាកចេញពីអំពើបាបដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។
10 គ្រានោះ លោកសាលូម ជាកូនរបស់លោកយ៉ាបេស បានក្បត់ស្ដេច ហើយធ្វើគុតស្ដេចនៅចំពោះមុខប្រជាជន រួចឡើងសោយរាជ្យជំនួស។