11 លោកបូជាចារ្យអ៊ូរីយ៉ាសង់អាសនៈមួយ តាមគំរូដែលព្រះបាទអហាសផ្ញើពីក្រុងដាម៉ាស។ លោកបូជាចារ្យអ៊ូរីយ៉ាបានសង់អាសនៈនេះរួចជាស្រេច មុនពេលព្រះបាទអហាសយាងមកពីក្រុងដាម៉ាសវិញ។
12 កាលស្ដេចយាងត្រឡប់មកវិញ ទតឃើញអាសនៈនោះ ទ្រង់ក៏យាងឡើងទៅអាសនៈ
13 រួចថ្វាយតង្វាយដុតទាំងមូល រួមជាមួយតង្វាយម្សៅ និងធ្វើពិធីច្រួចស្រា ព្រមទាំងប្រោះឈាមរបស់សត្វ ដែលស្ដេចថ្វាយជាយញ្ញបូជាមេត្រីភាពផង។
14 រីឯអាសនៈធ្វើពីលង្ហិន ដែលស្ថិតនៅខាងមុខទីសក្ការៈរបស់ព្រះអម្ចាស់ ស្ដេចឲ្យគេលើកចេញពីកន្លែងដើម ដែលស្ថិតនៅចន្លោះអាសនៈថ្មី និងទីសក្ការៈរបស់ព្រះអម្ចាស់យកទៅដាក់នៅខាងជើងអាសនៈថ្មីវិញ។
15 ព្រះបាទអហាសចេញបញ្ជាដល់លោកបូជាចារ្យអ៊ូរីយ៉ាដូចតទៅ៖ «លោកត្រូវថ្វាយតង្វាយដុតទាំងមូលនៅពេលព្រឹក និងតង្វាយម្សៅនៅពេលល្ងាច លើអាសនៈធំនេះ គឺតង្វាយដុតទាំងមូល និងតង្វាយម្សៅរបស់ស្ដេច ព្រមទាំងតង្វាយដុតទាំងមូលរបស់ប្រជារាស្ត្រ រួមជាមួយតង្វាយម្សៅ និងពិធីច្រួចស្រា។ ត្រូវប្រោះឈាមទាំងអស់របស់សត្វ ដែលថ្វាយជាតង្វាយដុតទាំងមូល និងយញ្ញបូជានៅលើអាសនៈនេះដែរ។ រីឯអាសនៈពីលង្ហិនវិញ ទុកឲ្យយើងចាត់ចែងចុះ»។
16 លោកបូជាចារ្យអ៊ូរីយ៉ាធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់ព្រះបាទអហាស។
17 ព្រះបាទអហាសបានកម្ទេចបន្ទះលង្ហិនរបស់រទេះ និងយកអាងដែលនៅលើរទេះនោះចេញ ហើយលើកអាងធំដែលទ្រដោយរូបគោលង្ហិនចុះមកដាក់លើឥដ្ឋវិញ។