២ ពង្សា‌វតារ‌ក្សត្រ 16:15-20 KHSV

15 ព្រះ‌បាទ​អហាស​ចេញ​បញ្ជា​ដល់​លោក​បូជា‌ចារ្យ​អ៊ូរី‌យ៉ា​ដូច​ត​ទៅ៖ «លោក​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​នៅ​ពេល​ព្រឹក និង​តង្វាយ​ម្សៅ​នៅ​ពេល​ល្ងាច លើ​អាសនៈ​ធំ​នេះ គឺ​តង្វាយ​ដុត​ទាំង​មូល និង​តង្វាយ​ម្សៅ​របស់​ស្ដេច ព្រម​ទាំង​តង្វាយ​ដុត​ទាំង​មូល​របស់​ប្រជា‌រាស្ត្រ រួម​ជា​មួយ​តង្វាយ​ម្សៅ និង​ពិធី​ច្រួច‌ស្រា។ ត្រូវ​ប្រោះ​ឈាម​ទាំង​អស់​របស់​សត្វ ដែល​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​នៅ​លើ​អាសនៈ​នេះ​ដែរ។ រីឯ​អាសនៈ​ពី​លង្ហិន​វិញ ទុក​ឲ្យ​យើង​ចាត់​ចែង​ចុះ»។

16 លោក​បូជា‌ចារ្យ​អ៊ូរី‌យ៉ា​ធ្វើ​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​អហាស។

17 ព្រះ‌បាទ​អហាស​បាន​កម្ទេច​បន្ទះ​លង្ហិន​របស់​រទេះ និង​យក​អាង​ដែល​នៅ​លើ​រទេះ​នោះ​ចេញ ហើយ​លើក​អាង​ធំ​ដែល​ទ្រ​ដោយ​រូប​គោ​លង្ហិន​ចុះ​មក​ដាក់​លើ​ឥដ្ឋ​វិញ។

18 ព្រះ‌បាទ​អហាស​បាន​រើ‌ថែវ​សប្ប័ទ ដែល​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ចេញ ដើម្បី​ផ្គាប់​ព្រះ‌ហឫទ័យ​ស្ដេច​ស្រុក​អាស្ស៊ីរី គឺ​ថែវ​ដែល​គេ​សង់​នៅ​ខាង​ក្នុង​ព្រះ‌ដំណាក់ និង​ថែវ​ច្រក​ចូល​របស់​ស្ដេច​ដែល​នៅ​ខាង​ក្រៅ។

19 រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អហាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។

20 ព្រះ‌បាទ​អហាស​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជ‌វង្ស​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​ហេ‌សេគា ជា​បុត្រ ឡើង​ស្នង​រាជ្យ។