២ ពង្សា‌វតារ‌ក្សត្រ 16:4-10 KHSV

4 ស្ដេច​បាន​ធ្វើ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ នៅ​តាម​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី​ផង។

5 ពេល​នោះ ព្រះ‌បាទ​រេស៊ីន ជា​ស្ដេច​ស្រុក​ស៊ីរី និង​ព្រះ‌បាទ​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា ស្ដេច​ស្រុក​អ៊ីស្រា‌អែល នាំ​គ្នា​ឡើង​មក​វាយ​លុក​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​ឡោម‌ព័ទ្ធ​ព្រះ‌បាទ​អហាស តែ​មិន​អាច​យក​ជ័យ‌ជំនះ​បាន​ទេ។

6 នៅ​គ្រា​ដដែល​នោះ ព្រះ‌បាទ​រេស៊ីន ជា​ស្ដេច​ស្រុក​ស៊ីរី ដណ្ដើម​យក​ក្រុង​អេឡាត​បាន​វិញ រួច​បណ្ដេញ​ជន‌ជាតិ​យូដា​ចេញ​ពី​ក្រុង​នោះ។ ជន‌ជាតិ​អេដុម​ក៏​វិល​មក​តាំង​ទី​លំ‌នៅ​ក្នុង​ក្រុង​អេឡាត រហូត​ដល់​សព្វ​ថ្ងៃ។

7 ព្រះ‌បាទ​អហាស​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌ចៅ​ទីក‌ឡាត-‌ពីលេ‌ស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​ថា៖ «ទូលបង្គំ​ជា​អ្នក​បម្រើ និង​ជា​កូន​ចៅ​របស់​ព្រះ‌ករុណា សូម​ព្រះ‌ករុណា​យាង​មក​រំដោះ​ទូលបង្គំ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​ស៊ីរី និង​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ដែល​លើក​គ្នា​មក​វាយ​ទូលបង្គំ​ផង»។

8 ព្រះ‌បាទ​អហាស​យក​មាស ប្រាក់​ដែល​មាន​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​នៅ​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ ផ្ញើ​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី។

9 ស្ដេច​ស្រុក​អាស្ស៊ីរី​យល់​ព្រម​តាម​សំណើ​របស់​ព្រះ‌បាទ​អហាស។ ស្ដេច​យាង​ទៅ​វាយ​ក្រុង​ដាម៉ាស ដណ្ដើម​យក​បាន​ក្រុង​នោះ រួច​កៀរ​អ្នក​ក្រុង​នោះ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​គៀរ ព្រម​ទាំង​ធ្វើ​គុត​ព្រះ‌បាទ​រេស៊ីន​ទៀត​ផង។

10 ព្រះ‌បាទ​អហាស​យាង​ទៅ​គាល់​ព្រះ‌ចៅ​ទីក‌ឡាត-‌ពីលេ‌ស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី នៅ​ក្រុង​ដាម៉ាស។ ស្ដេច​ទត​ឃើញ​អាសនៈ​មួយ​ដែល​ស្ថិត​នៅ​ក្រុង​ដាម៉ាស ស្ដេច​ក៏​ផ្ញើ​គំរូ និង​គម្រោង​សង់​អាសនៈ​នោះ ជូន​លោក​បូជា‌ចារ្យ​អ៊ូរី‌យ៉ា។