10 ពួកគេនាំគ្នាដំឡើងស្តូប និងបង្គោលថ្វាយព្រះអាសេរ៉ា នៅលើកំពូលភ្នំទាំងឡាយ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។
11 នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗទាំងអស់ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើយញ្ញបូជា និងដុតគ្រឿងក្រអូប ដូចប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខពួកគេ។ ពួកគេបានប្រព្រឹត្តអំពើអាក្រក់ ធ្វើឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ។
12 ពួកគេនាំគ្នាគោរពបម្រើព្រះក្លែងក្លាយ ជាអំពើដែលព្រះអម្ចាស់ហាមមិនឲ្យធ្វើ។
13 ព្រះអម្ចាស់ព្រមានជនជាតិអ៊ីស្រាអែល និងជនជាតិយូដា តាមរយៈព្យាការី និងគ្រូទាយឆុតទាំងអស់ថា «ចូរបោះបង់ចោលផ្លូវអាក្រក់ ហើយកាន់តាមបទបញ្ជា និងច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមទាំងស្រុងនូវក្រឹត្យវិន័យ ដែលយើងបានប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា និងអ្នករាល់គ្នាផ្ទាល់ តាមរយៈពួកព្យាការី ជាអ្នកបម្រើរបស់យើង»។
14 ប៉ុន្តែ ពួកគេពុំស្ដាប់តាមទេ ពួកគេមានចិត្តរឹងចចេសដូចដូនតារបស់ពួកគេ ដែលមិនព្រមជឿលើព្រះអម្ចាស់ ជាព្រះរបស់ខ្លួន។
15 ពួកគេបានបោះបង់ចោលច្បាប់របស់ព្រះអង្គ ពួកគេផ្ដាច់សម្ពន្ធមេត្រី ដែលព្រះអង្គបានចងជាមួយដូនតារបស់ពួកគេ ពួកគេមិនអើពើនឹងដំបូន្មានដែលព្រះអង្គព្រមានពួកគេ ហើយនាំគ្នាបែរទៅគោរពព្រះឥតបានការ ដែលបណ្ដាលឲ្យខ្លួនទៅជាឥតបានការដែរ។ ពួកគេជាប់ពាក់ព័ន្ធនឹងប្រជាជាតិនានាដែលនៅជុំវិញ ជាប្រជាជាតិដែលព្រះអម្ចាស់បានហាមឃាត់មិនឲ្យពួកគេយកតម្រាប់តាម។
16 ពួកគេបោះបង់ចោលបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ហើយនាំគ្នាសិតធ្វើរូបកូនគោពីរ ដំឡើងបង្គោលថ្វាយព្រះអាសេរ៉ា ព្រមទាំងនាំគ្នាក្រាបថ្វាយបង្គំផ្កាយទាំងប៉ុន្មាន នៅលើមេឃ និងគោរពបម្រើព្រះបាល។