២ ពង្សា‌វតារ‌ក្សត្រ 17:23-29 KHSV

23 ហេតុ​នេះ ព្រះ‌អម្ចាស់​បណ្ដេញ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​ថ្លែង​តាម​រយៈ​ព្យាការី​ទាំង​អស់ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​គេ​កៀរ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន នាំ​ទៅ​ស្រុក​អាស្ស៊ីរី​រហូត​ដល់​សព្វ​ថ្ងៃ។

24 ស្ដេច​ស្រុក​អាស្ស៊ីរី​ជន្លៀស​ប្រជា‌ជន​ពី​ក្រុង​បាប៊ី‌ឡូន ក្រុង​គូថា ក្រុង​អាវ៉ា ក្រុង​ហា‌ម៉ាត់ និង​ក្រុង​សេផា‌វែម ឲ្យ​មក​រស់​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​សាម៉ារី ជំនួស​ជន‌ជាតិ​អ៊ីស្រា‌អែល។ អ្នក​ទាំង​នោះ​ចាប់​យក​ស្រុក​សា‌ម៉ារី​មក​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​តាំង​ទី​លំ‌នៅ​តាម​ក្រុង​នានា។

25 នៅ​គ្រា​ដំបូង​ដែល​ពួក​គេ​មក​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​សា‌ម៉ារី ពួក​គេ​មិន​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ទេ ព្រះ‌អម្ចាស់​ក៏​ប្រើ​សិង្ហ​ឲ្យ​មក​ប្រហារ​ពួក​គេ។

26 មាន​គេ​ទូល​ស្ដេច​ស្រុក​អាស្ស៊ីរី​ថា៖ «ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​ព្រះ‌ករុណា​ជន្លៀស​ឲ្យ​ទៅ​តាំង​ទី​លំ‌នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​សា‌ម៉ារី ពុំ​ស្គាល់​របៀប​គោរព​ថ្វាយ‌បង្គំ​ព្រះ​របស់​ស្រុក​នោះ​ទេ។ ព្រះ​នៅ​ស្រុក​នោះ​ប្រើ​សិង្ហ​ឲ្យ​មក​ប្រហារ​ពួក​គេ ដ្បិត​ពួក​គេ​ពុំ​ស្គាល់​របៀប​គោរព​ថ្វាយ‌បង្គំ​ព្រះ​របស់​ស្រុក​នោះ»។

27 ស្ដេច​ស្រុក​អាស្ស៊ីរី​បង្គាប់​ថា៖ «ចូរ​នាំ​បូជា‌ចារ្យ​សាម៉ារី​ម្នាក់ ដែល​អ្នក​រាល់​គ្នា​កៀរ​យក​ទៅ ឲ្យ​វិល​មក​ស្រុក​វិញ ដើម្បី​បង្ហាត់​បង្រៀន​របៀប​គោរព​ថ្វាយ‌បង្គំ​ព្រះ​របស់​ស្រុក​នោះ»។

28 ដូច្នេះ គេ​ទៅ​នាំ​បូជា‌ចារ្យ​ម្នាក់​ដែល​គេ​បាន​កៀរ​ពី​ស្រុក​សាម៉ារី ឲ្យ​វិល​មក​រស់​នៅ​បេត‌អែល​វិញ។ បូជា‌ចារ្យ​នោះ​បង្ហាត់​បង្រៀន​ពួក​គេ​អំពី​របៀប ដែល​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់។

29 ប៉ុន្តែ ប្រជា‌ជាតិ​នីមួយៗ​បាន​ធ្វើ​រូប​សំណាក​ព្រះ​របស់​ខ្លួន យក​ទៅ​តម្កល់​ក្នុង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដែល​អ្នក​ស្រុក​សា‌ម៉ារី​ពី​មុន​បាន​សង់។ ប្រជា‌ជាតិ​នីមួយៗ​ធ្វើ​ដូច្នេះ នៅ​តាម​ក្រុង​នានា​ដែល​ពួក​គេ​រស់​នៅ។