29 ប៉ុន្តែ ប្រជាជាតិនីមួយៗបានធ្វើរូបសំណាកព្រះរបស់ខ្លួន យកទៅតម្កល់ក្នុងកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដែលអ្នកស្រុកសាម៉ារីពីមុនបានសង់។ ប្រជាជាតិនីមួយៗធ្វើដូច្នេះ នៅតាមក្រុងនានាដែលពួកគេរស់នៅ។
30 អ្នកក្រុងបាប៊ីឡូនធ្វើរូបព្រះសិកូតបេណូត អ្នកក្រុងគូថាធ្វើរូបព្រះនើកាល អ្នកក្រុងហាម៉ាត់ធ្វើរូបព្រះអស៊ីម៉ា។
31 អ្នកក្រុងអាវ៉ាធ្វើរូបព្រះនីប-ហាស និងព្រះថើថាក អ្នកក្រុងសេផាវែមយកកូនប្រុសរបស់ខ្លួន ទៅធ្វើបូជាយញ្ញ ថ្វាយព្រះអ័ឌរ៉ាម៉ាឡេក និងព្រះអណាម៉ាឡេក ជាព្រះនៃក្រុងសេផាវែម។
32 ប្រជាជាតិទាំងនោះក៏គោរពកោតខ្លាចព្រះអម្ចាស់ដែរ ព្រមទាំងតែងតាំងអ្នកខ្លះ ក្នុងចំណោមពួកគេ ឲ្យធ្វើជាបូជាចារ្យនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដើម្បីថ្វាយយញ្ញបូជាក្នុងនាមរបស់ពួកគេ នៅតាមកន្លែងទាំងនោះ។
33 ពួកគេគោរពកោតខ្លាចព្រះអម្ចាស់ផង និងគោរពព្រះរបស់ពួកគេ តាមទំនៀមទម្លាប់ជាតិដើមរបស់ពួកគេផង។
34 រហូតដល់សព្វថ្ងៃ ពួកគេនៅតែប្រព្រឹត្តតាមទម្លាប់ដើមដដែល ពួកគេមិនប្រាកដជាគោរពកោតខ្លាចព្រះអម្ចាស់ មិនប្រាកដជាប្រតិបត្តិតាមច្បាប់ និងវិន័យរបស់ខ្លួន ហើយក៏មិនប្រាកដជាកាន់តាមក្រឹត្យវិន័យ និងបទបញ្ជាដែលព្រះអម្ចាស់បង្គាប់មកកូនចៅលោកយ៉ាកុប ដែលព្រះអង្គប្រទានឈ្មោះថាអ៊ីស្រាអែល។
35 ព្រះអម្ចាស់បានចងសម្ពន្ធមេត្រីជាមួយកូនចៅលោកយ៉ាកុប ព្រមទាំងបញ្ជាដល់ពួកគេថា៖ «មិនត្រូវគោរពកោតខ្លាចព្រះដទៃ ហើយក៏មិនត្រូវក្រាបថ្វាយបង្គំព្រះទាំងនោះដែរ។ មិនត្រូវគោរពបម្រើ និងថ្វាយយញ្ញបូជាដល់ព្រះទាំងនោះឡើយ។