10 កងទ័ពអាស្ស៊ីរីឡោមព័ទ្ធក្រុងនេះ អស់រយៈពេលបីឆ្នាំ។ នៅឆ្នាំទីប្រាំមួយនៃរជ្ជកាលព្រះបាទហេសេគា ត្រូវនឹងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទហូស៊ាជាស្ដេចស្រុកអ៊ីស្រាអែល កងទ័ពអាស្ស៊ីរីវាយយកបានក្រុងសាម៉ារី។
11 ស្ដេចស្រុកអាស្ស៊ីរីបានកៀរប្រជាជនអ៊ីស្រាអែល នាំទៅជាឈ្លើយនៅស្រុកអាស្ស៊ីរី ឲ្យពួកគេរស់នៅក្រុងហាឡា និងនៅតាមដងទន្លេហាបោរ ជាទន្លេនៃស្រុកកូសាន ព្រមទាំងនៅតាមក្រុងនានារបស់ជនជាតិមេឌីផង។
12 ហេតុការណ៍នេះកើតមាន ព្រោះតែជនជាតិអ៊ីស្រាអែលមិនបានស្ដាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ពួកគេក្បត់នឹងសម្ពន្ធមេត្រីរបស់ព្រះអង្គ ដ្បិតពួកគេពុំព្រមស្ដាប់ ឬប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអង្គបានបង្គាប់មកលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។
13 នៅឆ្នាំទីដប់បួននៃរជ្ជកាលព្រះបាទហេសេគា ព្រះចៅសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកវាយដណ្ដើមយកក្រុងទាំងប៉ុន្មានដែលមានកំពែងរឹងមាំរបស់ស្រុកយូដា។
14 ព្រះបាទហេសេគា ជាស្ដេចស្រុកយូដា ចាត់អ្នកនាំសារឲ្យទៅទូលស្ដេចស្រុកអាស្ស៊ីរីនៅក្រុងឡាគីសថា៖ «ទូលបង្គំប្រព្រឹត្តខុសហើយ សូមកុំវាយទូលបង្គំទៀតឡើយ។ ទូលបង្គំសុខចិត្តធ្វើតាមបង្គាប់ទាំងប៉ុន្មានរបស់ព្រះករុណា»។ ស្ដេចស្រុកអាស្ស៊ីរីក៏បង្គាប់ឲ្យព្រះបាទហេសេគា ជាស្ដេចស្រុកយូដាបង់ពន្ធជាប្រាក់សុទ្ធប្រាំបួនតោន និងមាសសុទ្ធប្រាំបួនរយគីឡូក្រាម។
15 ព្រះបាទហេសេគាប្រមូលប្រាក់ទាំងអស់ ដែលមាននៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងឃ្លាំងរាជ្យទ្រព្យ ទៅថ្វាយស្ដេចស្រុកអាស្ស៊ីរី។
16 នៅគ្រានោះ ព្រះបាទហេសេគាគាស់មាសដែលស្ដេចបានស្រោបនៅខ្លោងទ្វារ និងក្របទ្វារនៃព្រះដំណាក់របស់ព្រះអម្ចាស់ យកទៅថ្វាយស្ដេចស្រុកអាស្ស៊ីរី។