14 ព្រះបាទហេសេគា ជាស្ដេចស្រុកយូដា ចាត់អ្នកនាំសារឲ្យទៅទូលស្ដេចស្រុកអាស្ស៊ីរីនៅក្រុងឡាគីសថា៖ «ទូលបង្គំប្រព្រឹត្តខុសហើយ សូមកុំវាយទូលបង្គំទៀតឡើយ។ ទូលបង្គំសុខចិត្តធ្វើតាមបង្គាប់ទាំងប៉ុន្មានរបស់ព្រះករុណា»។ ស្ដេចស្រុកអាស្ស៊ីរីក៏បង្គាប់ឲ្យព្រះបាទហេសេគា ជាស្ដេចស្រុកយូដាបង់ពន្ធជាប្រាក់សុទ្ធប្រាំបួនតោន និងមាសសុទ្ធប្រាំបួនរយគីឡូក្រាម។
15 ព្រះបាទហេសេគាប្រមូលប្រាក់ទាំងអស់ ដែលមាននៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងឃ្លាំងរាជ្យទ្រព្យ ទៅថ្វាយស្ដេចស្រុកអាស្ស៊ីរី។
16 នៅគ្រានោះ ព្រះបាទហេសេគាគាស់មាសដែលស្ដេចបានស្រោបនៅខ្លោងទ្វារ និងក្របទ្វារនៃព្រះដំណាក់របស់ព្រះអម្ចាស់ យកទៅថ្វាយស្ដេចស្រុកអាស្ស៊ីរី។
17 ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេទ័ព មេបញ្ជាការ និងរាជបម្រើផ្ទាល់របស់ស្ដេច ពីកន្លែងបោះទ័ពនៅឡាគីស ឲ្យមកជួបព្រះបាទហេសេគានៅក្រុងយេរូសាឡឹម ទាំងនាំកងពលយ៉ាងច្រើនមកជាមួយផង។ ពួកគេឡើងមកដល់ក្រុងយេរូសាឡឹម។ ពេលមកដល់ ពួកគេឈរនៅក្បែរព្រែកជីកដែលនៅជាប់នឹងស្រះខាងលើ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ
18 ហើយស្រែកហៅស្ដេចស្រុកយូដា។ ពេលនោះ លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង បានចេញទៅជួបពួកគេ ដោយមានលោកសេបណា ជាស្មៀនហ្លួង និងលោកយ៉ូអា កូនរបស់លោកអេសាភ ជាអ្នកនាំពាក្យរបស់ស្ដេចទៅជាមួយផង។
19 មេទ័ពរបស់ព្រះចៅរ៉ាប់សាកេពោលថា៖ «សូមអស់លោកទូលព្រះបាទហេសេគាដូចតទៅ: ព្រះមហាក្សត្រាធិរាជ គឺព្រះមហាក្សត្ររបស់ស្រុកអាស្ស៊ីរី មានរាជឱង្ការថា “តើព្រះករុណាពឹងផ្អែកលើអ្វីបានជាមានព្រះហឫទ័យអង់អាចបែបនេះ?
20 តើព្រះករុណាស្មានថា ពាក្យសម្ដីអាចជំនួសក្រុមប្រឹក្សាយោធា និងកម្លាំងទ័ពក្នុងការធ្វើសឹកសង្គ្រាមបានឬ? តើព្រះករុណាពឹងផ្អែកលើនរណាបានជាហ៊ានបះបោរនឹងយើងដូច្នេះ?