18 ហើយស្រែកហៅស្ដេចស្រុកយូដា។ ពេលនោះ លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង បានចេញទៅជួបពួកគេ ដោយមានលោកសេបណា ជាស្មៀនហ្លួង និងលោកយ៉ូអា កូនរបស់លោកអេសាភ ជាអ្នកនាំពាក្យរបស់ស្ដេចទៅជាមួយផង។
19 មេទ័ពរបស់ព្រះចៅរ៉ាប់សាកេពោលថា៖ «សូមអស់លោកទូលព្រះបាទហេសេគាដូចតទៅ: ព្រះមហាក្សត្រាធិរាជ គឺព្រះមហាក្សត្ររបស់ស្រុកអាស្ស៊ីរី មានរាជឱង្ការថា “តើព្រះករុណាពឹងផ្អែកលើអ្វីបានជាមានព្រះហឫទ័យអង់អាចបែបនេះ?
20 តើព្រះករុណាស្មានថា ពាក្យសម្ដីអាចជំនួសក្រុមប្រឹក្សាយោធា និងកម្លាំងទ័ពក្នុងការធ្វើសឹកសង្គ្រាមបានឬ? តើព្រះករុណាពឹងផ្អែកលើនរណាបានជាហ៊ានបះបោរនឹងយើងដូច្នេះ?
21 ព្រះករុណាទុកចិត្តលើស្រុកអេស៊ីប ដែលប្រៀបដូចជាដើមត្រែងបាក់ឬ? អស់អ្នកដែលទុកចិត្តលើព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប ប្រៀបបាននឹងមនុស្សដែលច្រត់ដៃលើដើមត្រែងបាក់ គឺនាំឲ្យតែធ្លុះបាតដៃប៉ុណ្ណោះ។
22 ព្រះករុណាប្រហែលជាមានរាជឱង្ការថា “យើងទុកចិត្តលើព្រះអម្ចាស់ ជាព្រះរបស់យើង!”។ ប៉ុន្តែ តើព្រះករុណាពុំបានឲ្យគេកម្ទេចកន្លែងសក្ការៈ និងអាសនៈរបស់ព្រះនេះ ហើយថែមទាំងបញ្ជាឲ្យអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ក្រាបថ្វាយបង្គំតែនៅមុខអាសនៈនៅក្រុងយេរូសាឡឹមនេះទេឬ?”
23 ឥឡូវនេះ សុំព្រះករុណាសាកល្បងភ្នាល់ជាមួយព្រះចៅក្រុងអាស្ស៊ីរី ជាអម្ចាស់របស់ទូលបង្គំទៅ នោះទូលបង្គំនឹងថ្វាយសេះពីរពាន់ក្បាល ប្រសិនបើព្រះករុណារកអ្នកជិះបាន!
24 ទោះបីព្រះករុណាពឹងលើរទេះចំបាំង និងកងទ័ពសេះរបស់ស្រុកអេស៊ីបក្ដី សូម្បីតែមេទ័ពអាស្ស៊ីរីម្នាក់ដែលខ្សោយជាងគេ ក៏ព្រះករុណាវាយមិនឈ្នះផង។