2 កាលស្ដេចឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុម្ភៃប្រាំវស្សា ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា អប៊ីយ៉ា ជាកូនរបស់លោកសាការី។
3 ស្ដេចបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទដាវីឌ ជាអយ្យកោ ឥតចន្លោះត្រង់ណាឡើយ។
4 ស្ដេចបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗ វាយបំបាក់ស្តូបព្រះក្លែងក្លាយ កាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា ព្រមទាំងកម្ទេចរូបពស់លង្ហិន ដែលលោកម៉ូសេបានធ្វើផង ដ្បិតរហូតមកដល់គ្រានោះ កូនចៅអ៊ីស្រាអែលនាំគ្នាដុតគ្រឿងក្រអូបថ្វាយរូបពស់ ហើយហៅរូបនោះថា«នេហ៊ូសថាន់»។
5 ព្រះបាទហេសេគាផ្ញើជីវិតលើព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។ ក្នុងចំណោមស្ដេចស្រុកយូដាទាំងប៉ុន្មាន គឺស្ដេចដែលសោយរាជ្យមុន ឬស្ដេចដែលសោយរាជ្យក្រោយមកទៀត គ្មានស្ដេចអង្គណាប្រៀបស្មើនឹងព្រះបាទហេសេគាទេ។
6 ព្រះរាជាជំពាក់ចិត្តលើព្រះអម្ចាស់ ដោយឥតងាករេឡើយ។ ស្ដេចកាន់តាមបទបញ្ជាទាំងឡាយ ដែលព្រះអម្ចាស់បង្គាប់មក តាមរយៈលោកម៉ូសេ។
7 ព្រះអម្ចាស់គង់នៅជាមួយស្ដេច ដូច្នេះ ស្ដេចទទួលជោគជ័យក្នុងគ្រប់កិច្ចការដែលស្ដេចធ្វើ។ ព្រះបាទហេសេគាបានបះបោរប្រឆាំងនឹងស្ដេចស្រុកអាស្ស៊ីរី ហើយរំដោះខ្លួនរួចផុតពីនឹមរបស់ស្ដេចនោះ។
8 ស្ដេចបានវាយយកស្រុកភីលីស្ទីន រហូតដល់ក្រុងកាសា និងទឹកដីដែលនៅជុំវិញ គឺចាប់តាំងពីក្រុងដែលមានតែប៉មចាំយាម រហូតដល់ក្រុងដែលមានកំពែងរឹងមាំ។