24 ទោះបីព្រះករុណាពឹងលើរទេះចំបាំង និងកងទ័ពសេះរបស់ស្រុកអេស៊ីបក្ដី សូម្បីតែមេទ័ពអាស្ស៊ីរីម្នាក់ដែលខ្សោយជាងគេ ក៏ព្រះករុណាវាយមិនឈ្នះផង។
25 មួយវិញទៀត យើងលើកទ័ពមកវាយកម្ទេចកន្លែងនេះ ស្របតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ ដ្បិតព្រះអម្ចាស់បង្គាប់ឲ្យយើងមកវាយកម្ទេចក្រុងនេះ»។
26 ពេលនោះ លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា លោកសេបណា និងលោកយ៉ូអា ពោលទៅកាន់មេទ័ពអាស្ស៊ីរីថា៖ «សូមលោកមេត្តាមានប្រសាសន៍មកយើងខ្ញុំជាភាសាអារ៉ាមចុះ ដ្បិតយើងខ្ញុំស្ដាប់ភាសាលោកបាន តែសូមកុំមានប្រសាសន៍ជាភាសាយូដា ក្រែងប្រជាជននៅតាមកំពែងក្រុងឮ»។
27 មេទ័ពអាស្ស៊ីរីតបមកវិញថា៖ «ព្រះមហាក្សត្ររបស់យើងប្រើយើងឲ្យមកនេះ មិនមែនគ្រាន់តែនាំពាក្យមកទូលស្ដេចរបស់អស់លោក ឬក៏ប្រាប់អស់លោកផ្ទាល់ប៉ុណ្ណោះទេ គឺព្រះរាជាឲ្យយើងមកប្រាប់ជនទាំងអស់ ដែលស្ថិតនៅតាមកំពែងនេះ។ អ្នកទាំងនោះមុខតែស៊ីលាមកខ្លួនឯង ហើយផឹកទឹកនោមខ្លួនឯង ដូចអស់លោកដែរ»។
28 បន្ទាប់មក មេទ័ពអាស្ស៊ីរីនោះក្រោកឈរ និងស្រែកក្ដែងៗយ៉ាងអស់ទំហឹង ជាភាសាយូដាថា៖ «ចូរនាំគ្នាស្ដាប់រាជឱង្ការរបស់ព្រះមហាក្សត្រាធិរាជ គឺព្រះចៅក្រុងអាស្ស៊ីរីដូចតទៅ:
29 ព្រះករុណាមានរាជឱង្ការថា កុំទុកឲ្យស្ដេចហេសេគាបោកប្រាស់អ្នករាល់គ្នាឡើយ ដ្បិតស្ដេចនេះពុំអាចរំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃរបស់យើងជាដាច់ខាត។
30 កុំទុកឲ្យស្ដេចហេសេគានាំអ្នករាល់គ្នា ទៅទុកចិត្តលើព្រះអម្ចាស់ដោយពោលថា “ព្រះអម្ចាស់នឹងរំដោះយើងពិតប្រាកដ ព្រះអង្គមិនបណ្ដោយឲ្យក្រុងនេះធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីឡើយ”។