29 ព្រះករុណាមានរាជឱង្ការថា កុំទុកឲ្យស្ដេចហេសេគាបោកប្រាស់អ្នករាល់គ្នាឡើយ ដ្បិតស្ដេចនេះពុំអាចរំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃរបស់យើងជាដាច់ខាត។
30 កុំទុកឲ្យស្ដេចហេសេគានាំអ្នករាល់គ្នា ទៅទុកចិត្តលើព្រះអម្ចាស់ដោយពោលថា “ព្រះអម្ចាស់នឹងរំដោះយើងពិតប្រាកដ ព្រះអង្គមិនបណ្ដោយឲ្យក្រុងនេះធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីឡើយ”។
31 កុំស្ដាប់ស្ដេចហេសេគាឲ្យសោះ ដ្បិតព្រះចៅក្រុងអាស្ស៊ីរីមានរាជឱង្ការថា “ចូរនាំគ្នាចុះសន្ធិសញ្ញាសុំសន្តិភាពពីយើង ចូរនាំគ្នាមកចុះចូលនឹងយើងទៅ នោះអ្នករាល់គ្នានឹងបានបរិភោគផ្លែទំពាំងបាយជូរ និងផ្លែឧទុម្ពរ*របស់ខ្លួន ព្រមទាំងបានផឹកទឹកពីអណ្ដូងរបស់ខ្លួនដែរ”។
32 ក្រោយហើយ យើងនឹងមកនាំអ្នករាល់គ្នាយកទៅស្រុកមួយទៀតដែលសម្បូណ៌សប្បាយ ដូចស្រុករបស់អ្នករាល់គ្នា គឺស្រុកដែលមានពោរពេញដោយស្រូវ និងស្រាទំពាំងបាយជូរ ជាស្រុកដែលសម្បូណ៌អាហារ និងចម្ការទំពាំងបាយជូរ ជាស្រុកសម្បូណ៌ផ្លែអូលីវយកប្រេង និងទឹកឃ្មុំ។ ដូច្នេះ អ្នករាល់គ្នានឹងបានរស់រានឥតស្លាប់ឡើយ។ កុំស្ដាប់ស្ដេចហេសេគាឲ្យសោះ ដ្បិតស្ដេចនេះបញ្ឆោតអ្នករាល់គ្នា ដោយពោលថា “ព្រះអម្ចាស់នឹងរំដោះយើង”។
33 ក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងឡាយ គ្មានព្រះណារំដោះស្រុកគេឲ្យរួចពីព្រះហស្ដរបស់ព្រះចៅក្រុងអាស្ស៊ីរីទាល់តែសោះ! តើព្រះរបស់ក្រុងហាម៉ាត និងក្រុងអើផាឌ ទៅណាបាត់អស់ហើយ?
34 តើព្រះរបស់ក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ា ទៅណាបាត់អស់ហើយ? ម្ដេចក៏មិនឃើញព្រះទាំងនោះរំដោះក្រុងសាម៉ារី ឲ្យរួចពីកណ្ដាប់ដៃរបស់យើង?
35 ក្នុងចំណោមព្រះទាំងប៉ុន្មានរបស់ស្រុកទាំងនោះ គ្មានព្រះមួយណាបានរំដោះស្រុករបស់ខ្លួន ឲ្យរួចផុតពីកណ្ដាប់ដៃរបស់យើងឡើយ។ ដូច្នេះ ព្រះអម្ចាស់ក៏ពុំអាចរំដោះក្រុងយេរូសាឡឹម ឲ្យរួចពីកណ្ដាប់ដៃរបស់យើងដែរ!»។