២ ពង្សា‌វតារ‌ក្សត្រ 19 KHSV

ព្រះ‌បាទ​ហេ‌សេគា​សួរ​យោបល់​លោក​អេសាយ

1 កាល​ព្រះ‌បាទ​ហេ‌សេគា​ទទួល​ដំណឹង​នេះ ទ្រង់​ហែក​ព្រះ‌ភូសា​ចោល យក​បាវ​មក​ស្លៀក រួច​យាង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

2 ព្រះ‌រាជា​ចាត់​លោក​អេលា‌គីម ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះ‌បរម‌រាជ​វាំង និង​លោក​សិប‌ណា ជា​ស្មៀន​ហ្លួង ព្រម​ទាំង​លោក​បូជា‌ចារ្យ​ចាស់ៗ ដែល​ស្លៀក​បាវ​ទាំង​អស់​គ្នា ឲ្យ​ទៅ​ជួប​ព្យាការី​អេសាយ ជា​កូន​របស់​លោក​អម៉ូស។

3 ពួក​គេ​ជម្រាប​លោក​ដូច​ត​ទៅ៖ «ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​ថា: ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​ទុក្ខ ជា​ថ្ងៃ​ដែល​យើង​ទទួល​ទណ្ឌ‌កម្ម និង​អាម៉ាស់​មុខ គឺ​ប្រៀប​ដូច​ជា​ថ្ងៃ​ដែល​ទារក​ត្រូវ​កើត តែ​ម្ដាយ​គ្មាន​កម្លាំង​បង្កើត​វា​មក​ទេ។

4 ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​ចាត់​មេ‌ទ័ព​ឲ្យ​មក​ជេរ​ប្រមាថ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​មាន​ព្រះ​ជន្ម​គង់​នៅ។ ប្រហែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​របស់​មេ‌ទ័ព​នោះ​ដែរ ហើយ​ព្រះ‌អង្គ​មុខ​ជា​ដាក់​ទោស​គេ ព្រោះ​តែ​ពាក្យ​ដែល​ព្រះ‌អង្គ​បាន​ឮ។ ហេតុ​នេះ សូម​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក សូម​ទ្រង់​មេត្តា​ប្រណី​ដល់​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​នេះ​ផង»។

5 មន្ត្រី​របស់​ព្រះ‌បាទ​ហេ‌សេគា​ក៏​នាំ​គ្នា​ទៅ​ជួប​លោក​អេសាយ

6 ហើយ​លោក​អេសាយ​ប្រាប់​ពួក​គេ​ថា៖ «អស់​លោក​ត្រូវ​ទូល​ព្រះ‌ករុណា​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “កុំ​ភ័យ​ខ្លាច​ព្រោះ​តែ​ពាក្យ​ដែល​អ្នក​បាន​ឮ គឺ​ពាក្យ​ដែល​ពួក​អាស្ស៊ីរី​បាន​ប្រមាថ​មាក់​ងាយ​យើង​នោះ​ឡើយ។

7 បន្តិច​ទៀត ស្ដេច​ស្រុក​អាស្ស៊ីរី​នឹង​ទទួល​ដំណឹង​មួយ យើង​នឹង​ធ្វើ​ឲ្យ​ស្ដេច​នេះ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ ហើយ​ត្រូវ​គេ​ធ្វើ​គុត​ដោយ​មុខ​ដាវ នៅ​ស្រុក​នោះ”»។

ការ​គំរាម​កំហែង​សា​ជា​ថ្មី​ពី​សំណាក់​ស្ដេច​សាន‌ហេរីប

8 មេ‌ទ័ព​បាន​វិល​ទៅ​ជួប​ស្ដេច​ស្រុក​អាស្ស៊ីរី​វិញ ក្នុង​ពេល​ដែល​ទ្រង់​កំពុង​តែ​លើក​ទ័ព​ចេញ​ពី​ក្រុង​ឡាគីស​ទៅ​វាយ​យក​ក្រុង​លីប‌ណា។

9 ពេល​នោះ ស្ដេច​ស្រុក​អាស្ស៊ីរី​ទទួល​ដំណឹង​ថា កង‌ទ័ព​អេស៊ីប​ដឹក​នាំ​ដោយ​ព្រះ‌ចៅ​ទីរ៉ា‌កា ជា​ជន‌ជាតិ​អេត្យូ‌ពី កំពុង​តែ​ចេញ​មក​ធ្វើ​សឹក​នឹង​ទ័ព​អាស្ស៊ីរី

10 ទ្រង់​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា​ថា៖ «សូម​កុំ​បណ្ដោយ​ឲ្យ​ព្រះ​របស់​ព្រះ‌ករុណា គឺ​ព្រះ​ដែល​ព្រះ‌ករុណា​ទុក​ចិត្ត បញ្ឆោត​ព្រះ‌ករុណា ដោយ​អះ‌អាង​ថា “ក្រុង​យេរូ‌សាឡឹម​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​ទេ”។

11 ព្រះ‌ករុណា​ជ្រាប​ស្រាប់​ហើយ​ថា ស្ដេច​ស្រុក​អាស្ស៊ីរី​នៅ​ជំនាន់​មុនៗ បាន​បំផ្លាញ​នគរ​ទាំង​ប៉ុន្មាន​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ​របស់​យើង។ ចុះ​ព្រះ‌ករុណា​វិញ តើ​ព្រះ‌ករុណា​ស្មាន​ថា​នឹង​រួច​ខ្លួន​កើត​ឬ?

12 ពេល​ពួក​អយ្យ‌កោ​របស់​យើង​កម្ទេច​នគរ​កូសាន ខារ៉ាន រេសែប និង​ក្រុង​របស់​ពួក​អេដែន នៅ​ស្រុក​ធេឡា‌ស៊ើរ គ្មាន​ព្រះ​ណា​មួយ​របស់​ប្រជា‌ជាតិ​ទាំង​នោះ​រំដោះ​ពួក​គេ​បាន​ឡើយ។

13 រីឯ​ស្ដេច​ទាំង‌ឡាយ​របស់​ក្រុង​ហា‌ម៉ាត ក្រុង​អើផាឌ ក្រុង​សេផា‌វែម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា ក៏​ត្រូវ​វិនាស​អស់​គ្មាន​សល់​ដែរ!»។

ពាក្យ​ទូល‌អង្វរ​របស់​ព្រះ‌បាទ​ហេ‌សេគា

14 ព្រះ‌បាទ​ហេ‌សេគា​ទទួល​លិខិត​ពី​អ្នក​នាំ​សារ​មក​អាន រួច​ទ្រង់​យាង​ឡើង​ទៅ​ព្រះ‌វិហារ យក​លិខិត​នោះ​ទៅ​បង្ហាញ​ព្រះ‌អម្ចាស់។

15 ព្រះ‌បាទ​ហេ‌សេគា​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ថា៖«ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​គង់​នៅ​លើ​ពួក​ចេរូប៊ីន*​អើយ! មាន​តែ​ព្រះ‌អង្គ​មួយ​គត់ ដែល​ជា​ព្រះ​របស់​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។

16 ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ! ព្រះ‌អម្ចាស់​អើយ សូម​បើក​ព្រះ​នេត្រ​ទត​មើល​ផង! សូម​ទ្រង់​ព្រះ‌សណ្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ស្ដេច​សាន‌ហេរីប​ផ្ញើ​មក​ជេរ​ប្រមាថ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ!

17 ព្រះ‌អម្ចាស់​អើយ ស្ដេច​ស្រុក​អាស្ស៊ីរី​ពិត​ជា​បាន​កម្ទេច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន និង​បំផ្លាញ​ទឹក​ដី​របស់​គេ

18 ព្រម​ទាំង​យក​ព្រះ​របស់​គេ​ទៅ​ដុត​ឲ្យ​វិនាស​សូន្យ​ថែម​ទៀត​ផង។ ប៉ុន្តែ ព្រះ​ទាំង​នោះ​មិន​មែន​ជា​ព្រះ​ទេ គឺ​គ្រាន់​តែ​ជា​រូប​ឈើ ឬ​ថ្ម ដែល​ជា​ស្នា‌ដៃ​របស់​មនុស្ស​ប៉ុណ្ណោះ។

19 ឥឡូវ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច​ផុត ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​សាន‌ហេរីប​ផង ដើម្បី​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ទទួល​ស្គាល់​ថា មាន​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ដែល​ពិត​ជា​ព្រះ‌ជាម្ចាស់!»។

លោក​អេសាយ​នាំ​ព្រះ‌បន្ទូល​មក​ថ្លែង​ប្រាប់​ព្រះ‌រាជា

20 ពេល​នោះ លោក​អេសាយ ជា​កូន​របស់​លោក​អម៉ូស បាន​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ហេ‌សេគា​ថា៖ «ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​បាន​ឮ​ពាក្យ​ដែល​អ្នក​ទូល‌អង្វរ​យើង​ស្ដី​អំពី​សាន‌ហេរីប ជា​ស្ដេច​របស់​ស្រុក​អាស្ស៊ីរី​ហើយ”។

21 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្ដេច​នោះ​ថា:សាន‌ហេរីប​អើយក្រុង​ស៊ីយ៉ូន ដែល​ប្រៀប​ដូច​ជា​ស្ត្រី​ព្រហ្មចារីប្រមាថ​មើល‌ងាយ​អ្នកអ្នក​ក្រុង​យេរូ‌សាឡឹម​គ្រវី​ក្បាល ចំអក​ឲ្យ​អ្នក។

22 តើ​អ្នក​បាន​ជេរ និង​ត្មះ‌តិះ‌ដៀល​នរណា?តើ​អ្នក​ស្រែក​ក្ដែងៗ​ប្រឆាំង​នឹង​នរណា?គឺ​អ្នក​ហ៊ាន​ព្រហើន​ដាក់​ព្រះ​ដ៏‌វិសុទ្ធ*របស់​ជន‌ជាតិ​អ៊ីស្រា‌អែល!

23 អ្នក​បាន​ចាត់​ពួក​នាំ​សារ​របស់​អ្នកឲ្យ​មក​ជេរ​ព្រះ‌អម្ចាស់ ហើយ​អ្នក​ពោល​ថា:ដោយ​អញ​មាន​រទេះ​ចំបាំង​ដ៏​ច្រើនអញ​ឡើង​ទៅ​លើ​កំពូល​ភ្នំអញ​ចូល​ទៅ​ដល់​ព្រៃ​ជ្រៅ​នៅ​ស្រុក​លីបង់ដើម្បី​កាប់​ដើម​តាត្រៅ និង​ដើម​ស្រឡៅ​ដ៏​ល្អៗអញ​នឹង​ឡើង​ទៅ​ដល់​ចុង​កំពូលហើយ​ចូល​ទៅ​ដល់​ព្រៃ​ស្រោង។

24 អញ​បាន​ជីក​អណ្ដូងហើយ​ផឹក​ទឹក​របស់​សាសន៍​ដទៃពេល​អញ​ឈាន​ជើង​ជាន់​តំបន់​ទន្លេ​នីលនោះ​ទឹក​ទន្លេ​រីង​អស់​ជា​មិន​ខាន។

25 សាន‌ហេរីប​អើយ អ្នក​មិន​ដឹង​ទេ​ឬ​ថាយើង​បាន​គ្រោង​ទុក និង​រៀបចំ​ព្រឹត្តិ‌ការណ៍ទាំង​នេះ តាំង​ពី​បុរាណ​កាល​មក​ម៉្លេះ!ឥឡូវ​នេះ យើង​ធ្វើ​ឲ្យ​សម្រេចដើម្បី​កម្ទេច​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំឲ្យ​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ។

26 អ្នក​ក្រុង​ទាំង​នោះ​គ្មាន​កម្លាំង​តទល់​ទេពួក​គេ​ភ័យ​ខ្លាច ហើយ​អាម៉ាស់​មុខពួក​គេ​ប្រៀប​បី​ដូច​ជា​ស្មៅ​នៅ​តាម​ទី​វាលឬ​ដូច​រុក្ខ‌ជាតិ​នៅ​តាម​ចម្ការនិង​ដូច​ស្មៅ​ដុះ​នៅ​លើ​ដំបូល​ផ្ទះឬ​ដូច​ស្រូវ​កំពុង​តែ​ក្រៀម​ស្វិត​ទៅមុន​ពេល​មាន​ពន្លក​លូត​ចេញ​មក។

27 ចំណែក​ឯ​យើង​វិញ អ្នក​ធ្វើ​អ្វី​ក៏​ដោយយើង​ដឹង​ទាំង​អស់!ពេល​ណា​អ្នក​អង្គុយ ពេល​ណា​អ្នក​ចេញ ឬ​ចូលពេល​អ្នក​ច្រឡោត​ខឹង​នឹង​យើង ក៏​យើង​ដឹង​ដែរ

28 ដ្បិត​អ្នក​ច្រឡោត​ខឹង​នឹង​យើងយើង​បាន​ឮ​ពាក្យ​សម្ដី​ព្រហើនៗ​របស់​អ្នកហេតុ​នេះ​ហើយ​បាន​ជា​យើង​យក​កន្លុះមក​ដាក់​ច្រមុះ​អ្នកនិង​យក​បង្ហៀរ​មក​ដាក់​មាត់​អ្នកហើយ​ដឹក​អ្នក​វិល​ត្រឡប់​ទៅ​ស្រុក​របស់​អ្នក​វិញតាម​ផ្លូវ​ដែល​អ្នក​បាន​ធ្វើ​ដំណើរ​មក។

29 ចំពោះ​អ្នក​វិញ ហេសេ‌គា​អើយ យើង​នឹង​បង្ហាញ​ទី​សម្គាល់​មួយ​ឲ្យ​អ្នក​ឃើញ គឺ​ឆ្នាំ​នេះ អ្នក​រាល់​គ្នា​បរិភោគ​ស្រូវ​ធ្លាក់​មក​ពី​លើ ឆ្នាំ​ក្រោយ អ្នក​រាល់​គ្នា​នឹង​បរិភោគ​ស្រូវ​ដែល​ដុះ​ចេញ​ពី​ដី​មក​ដោយ​ឯក​ឯង តែ​ឆ្នាំ​ក្រោយ​មួយ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​សាប​ព្រោះ​ច្រូត​កាត់ អ្នក​រាល់​គ្នា​ត្រូវ​ដាំ​ទំពាំង‌បាយជូរ រួច​បរិភោគ‌ផល​នោះ​ទៅ។

30 អ្នក​ស្រុក​យូដា​ដែល​បាន​រួច​ជីវិត និង​នៅ​សេស‌សល់​ប្រៀប​ដូច​ជា​ដើម​ឈើ ដែល​ចាក់​ឫស​ទៅ​ក្នុង​ដី ហើយ​មាន​មែក​ពេញ​ទៅ​ដោយ​ផ្លែ។

31 ដោយ​ព្រះ‌ហឫទ័យ​ស្រឡាញ់​ដ៏​លើស‌លប់​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ព្រះ‌អង្គ​នឹង​ទុក​ឲ្យ​ប្រជា‌ជន​មួយ​ចំនួន​សេស‌សល់​នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ឲ្យ​ប្រជា‌ជន​មួយ​ចំនួន​រួច​ជីវិត​នៅ​ភ្នំ​ស៊ីយ៉ូន។

32 ចំពោះ​ស្ដេច​អាស្ស៊ីរី​វិញ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ស្ដេច​នោះ​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​យេរូ‌សាឡឹម​ទេ ហើយ​ក៏​មិន​បាញ់​ព្រួញ​ចូល​មក ឬ​ប្រើ​ខែល និង​លើក​ដី ដើម្បី​វាយ​លុក​ក្រុង​នេះ​ដែរ”។

33 ស្ដេច​នោះ​នឹង​វិល​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​ដែល​គេ​ធ្វើ​ដំណើរ​មក គឺ​គេ​នឹង​មិន​ចូល​ក្នុង​ក្រុង​នេះ​ឡើយ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់

34 យើង​នឹង​ការ‌ពារ ហើយ​សង្គ្រោះ​ក្រុង​នេះ ដោយ​យល់​ដល់​នាម​របស់​យើង និង​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង​ដែរ»។

ជន‌ជាតិ​អាស្ស៊ីរី​ដក​ទ័ព​ថយ ស្ដេច​សាន‌ហេរីប​សោយ​ទិវង្គត

35 នៅ​យប់​នោះ ទេវតា*​របស់​ព្រះ‌អម្ចាស់​បាន​ចេញ​មក​វាយ​ទី​តាំង​ទ័ព​របស់​ពួក​អាស្ស៊ីរី ហើយ​ប្រហារ​ជីវិត​ពួក​គេ​អស់​មួយ​សែន​ប្រាំ​បី​ម៉ឺន​ប្រាំ​ពាន់​នាក់។ លុះ​ព្រឹក​ឡើង​ពេល​ភ្ញាក់​ពី​ដំណេក គេ​ឃើញ​មាន​សាក‌សព​នៅ​ពាស‌ពេញ​ទី​តាំង​ទ័ព។

36 ព្រះ‌ចៅ​សាន‌ហេរីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី ក៏​ដក​ទ័ព​ចេញ​ពី​ទី​នោះ វិល​ត្រឡប់​ទៅ​គង់​នៅ​ក្រុង​នីនីវេ​វិញ។

37 ថ្ងៃ​មួយ ពេល​ស្ដេច​កំពុង​តែ​ថ្វាយ‌បង្គំ​ព្រះ​នីស‌រ៉ុក នៅ​ក្នុង​វិហារ នោះ​បុត្រ​បង្កើត​ពីរ​អង្គ​របស់​ស្ដេច គឺ​អ័ឌរ៉ា‌ម៉ាឡេក និង​សារេ‌ស៊ើរ បាន​ធ្វើ​គុត​ស្ដេច​ដោយ​មុខ​ដាវ រួច​នាំ​គ្នា​គេច​ខ្លួន​ទៅ​តំបន់​អារ៉ា‌រ៉ាត។ ព្រះ‌រាជ​បុត្រ​មួយ​អង្គ​ទៀត​ព្រះ‌នាម​អេសារ-‌ហាដោន ឡើង​ស្នង​រាជ្យ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25