10 ទ្រង់ក៏ចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទហេសេគា ជាស្ដេចស្រុកយូដាថា៖ «សូមកុំបណ្ដោយឲ្យព្រះរបស់ព្រះករុណា គឺព្រះដែលព្រះករុណាទុកចិត្ត បញ្ឆោតព្រះករុណា ដោយអះអាងថា “ក្រុងយេរូសាឡឹមនឹងមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីទេ”។
11 ព្រះករុណាជ្រាបស្រាប់ហើយថា ស្ដេចស្រុកអាស្ស៊ីរីនៅជំនាន់មុនៗ បានបំផ្លាញនគរទាំងប៉ុន្មានថ្វាយផ្ដាច់*ដល់ព្រះរបស់យើង។ ចុះព្រះករុណាវិញ តើព្រះករុណាស្មានថានឹងរួចខ្លួនកើតឬ?
12 ពេលពួកអយ្យកោរបស់យើងកម្ទេចនគរកូសាន ខារ៉ាន រេសែប និងក្រុងរបស់ពួកអេដែន នៅស្រុកធេឡាស៊ើរ គ្មានព្រះណាមួយរបស់ប្រជាជាតិទាំងនោះរំដោះពួកគេបានឡើយ។
13 រីឯស្ដេចទាំងឡាយរបស់ក្រុងហាម៉ាត ក្រុងអើផាឌ ក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ា ក៏ត្រូវវិនាសអស់គ្មានសល់ដែរ!»។
14 ព្រះបាទហេសេគាទទួលលិខិតពីអ្នកនាំសារមកអាន រួចទ្រង់យាងឡើងទៅព្រះវិហារ យកលិខិតនោះទៅបង្ហាញព្រះអម្ចាស់។
15 ព្រះបាទហេសេគាទូលអង្វរព្រះអម្ចាស់ថា៖«ឱព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលគង់នៅលើពួកចេរូប៊ីន*អើយ! មានតែព្រះអង្គមួយគត់ ដែលជាព្រះរបស់នគរទាំងប៉ុន្មាននៅលើផែនដី ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី។
16 ព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ! ព្រះអម្ចាស់អើយ សូមបើកព្រះនេត្រទតមើលផង! សូមទ្រង់ព្រះសណ្ដាប់សេចក្ដីទាំងប៉ុន្មាន ដែលស្ដេចសានហេរីបផ្ញើមកជេរប្រមាថព្រះដ៏មានព្រះជន្មគង់នៅ!