4 ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេទ័ពឲ្យមកជេរប្រមាថព្រះអម្ចាស់ ជាព្រះដែលមានព្រះជន្មគង់នៅ។ ប្រហែលព្រះអម្ចាស់ ជាព្រះរបស់លោកឮពាក្យទាំងប៉ុន្មានរបស់មេទ័ពនោះដែរ ហើយព្រះអង្គមុខជាដាក់ទោសគេ ព្រោះតែពាក្យដែលព្រះអង្គបានឮ។ ហេតុនេះ សូមទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក សូមទ្រង់មេត្តាប្រណីដល់ប្រជាជនដែលនៅសេសសល់នេះផង»។
5 មន្ត្រីរបស់ព្រះបាទហេសេគាក៏នាំគ្នាទៅជួបលោកអេសាយ
6 ហើយលោកអេសាយប្រាប់ពួកគេថា៖ «អស់លោកត្រូវទូលព្រះករុណាថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “កុំភ័យខ្លាចព្រោះតែពាក្យដែលអ្នកបានឮ គឺពាក្យដែលពួកអាស្ស៊ីរីបានប្រមាថមាក់ងាយយើងនោះឡើយ។
7 បន្តិចទៀត ស្ដេចស្រុកអាស្ស៊ីរីនឹងទទួលដំណឹងមួយ យើងនឹងធ្វើឲ្យស្ដេចនេះវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ ហើយត្រូវគេធ្វើគុតដោយមុខដាវ នៅស្រុកនោះ”»។
8 មេទ័ពបានវិលទៅជួបស្ដេចស្រុកអាស្ស៊ីរីវិញ ក្នុងពេលដែលទ្រង់កំពុងតែលើកទ័ពចេញពីក្រុងឡាគីសទៅវាយយកក្រុងលីបណា។
9 ពេលនោះ ស្ដេចស្រុកអាស្ស៊ីរីទទួលដំណឹងថា កងទ័ពអេស៊ីបដឹកនាំដោយព្រះចៅទីរ៉ាកា ជាជនជាតិអេត្យូពី កំពុងតែចេញមកធ្វើសឹកនឹងទ័ពអាស្ស៊ីរី
10 ទ្រង់ក៏ចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទហេសេគា ជាស្ដេចស្រុកយូដាថា៖ «សូមកុំបណ្ដោយឲ្យព្រះរបស់ព្រះករុណា គឺព្រះដែលព្រះករុណាទុកចិត្ត បញ្ឆោតព្រះករុណា ដោយអះអាងថា “ក្រុងយេរូសាឡឹមនឹងមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីទេ”។