8 មេទ័ពបានវិលទៅជួបស្ដេចស្រុកអាស្ស៊ីរីវិញ ក្នុងពេលដែលទ្រង់កំពុងតែលើកទ័ពចេញពីក្រុងឡាគីសទៅវាយយកក្រុងលីបណា។
9 ពេលនោះ ស្ដេចស្រុកអាស្ស៊ីរីទទួលដំណឹងថា កងទ័ពអេស៊ីបដឹកនាំដោយព្រះចៅទីរ៉ាកា ជាជនជាតិអេត្យូពី កំពុងតែចេញមកធ្វើសឹកនឹងទ័ពអាស្ស៊ីរី
10 ទ្រង់ក៏ចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទហេសេគា ជាស្ដេចស្រុកយូដាថា៖ «សូមកុំបណ្ដោយឲ្យព្រះរបស់ព្រះករុណា គឺព្រះដែលព្រះករុណាទុកចិត្ត បញ្ឆោតព្រះករុណា ដោយអះអាងថា “ក្រុងយេរូសាឡឹមនឹងមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីទេ”។
11 ព្រះករុណាជ្រាបស្រាប់ហើយថា ស្ដេចស្រុកអាស្ស៊ីរីនៅជំនាន់មុនៗ បានបំផ្លាញនគរទាំងប៉ុន្មានថ្វាយផ្ដាច់*ដល់ព្រះរបស់យើង។ ចុះព្រះករុណាវិញ តើព្រះករុណាស្មានថានឹងរួចខ្លួនកើតឬ?
12 ពេលពួកអយ្យកោរបស់យើងកម្ទេចនគរកូសាន ខារ៉ាន រេសែប និងក្រុងរបស់ពួកអេដែន នៅស្រុកធេឡាស៊ើរ គ្មានព្រះណាមួយរបស់ប្រជាជាតិទាំងនោះរំដោះពួកគេបានឡើយ។
13 រីឯស្ដេចទាំងឡាយរបស់ក្រុងហាម៉ាត ក្រុងអើផាឌ ក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ា ក៏ត្រូវវិនាសអស់គ្មានសល់ដែរ!»។
14 ព្រះបាទហេសេគាទទួលលិខិតពីអ្នកនាំសារមកអាន រួចទ្រង់យាងឡើងទៅព្រះវិហារ យកលិខិតនោះទៅបង្ហាញព្រះអម្ចាស់។