២ ពង្សា‌វតារ‌ក្សត្រ 19:9-15 KHSV

9 ពេល​នោះ ស្ដេច​ស្រុក​អាស្ស៊ីរី​ទទួល​ដំណឹង​ថា កង‌ទ័ព​អេស៊ីប​ដឹក​នាំ​ដោយ​ព្រះ‌ចៅ​ទីរ៉ា‌កា ជា​ជន‌ជាតិ​អេត្យូ‌ពី កំពុង​តែ​ចេញ​មក​ធ្វើ​សឹក​នឹង​ទ័ព​អាស្ស៊ីរី

10 ទ្រង់​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា​ថា៖ «សូម​កុំ​បណ្ដោយ​ឲ្យ​ព្រះ​របស់​ព្រះ‌ករុណា គឺ​ព្រះ​ដែល​ព្រះ‌ករុណា​ទុក​ចិត្ត បញ្ឆោត​ព្រះ‌ករុណា ដោយ​អះ‌អាង​ថា “ក្រុង​យេរូ‌សាឡឹម​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​ទេ”។

11 ព្រះ‌ករុណា​ជ្រាប​ស្រាប់​ហើយ​ថា ស្ដេច​ស្រុក​អាស្ស៊ីរី​នៅ​ជំនាន់​មុនៗ បាន​បំផ្លាញ​នគរ​ទាំង​ប៉ុន្មាន​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ​របស់​យើង។ ចុះ​ព្រះ‌ករុណា​វិញ តើ​ព្រះ‌ករុណា​ស្មាន​ថា​នឹង​រួច​ខ្លួន​កើត​ឬ?

12 ពេល​ពួក​អយ្យ‌កោ​របស់​យើង​កម្ទេច​នគរ​កូសាន ខារ៉ាន រេសែប និង​ក្រុង​របស់​ពួក​អេដែន នៅ​ស្រុក​ធេឡា‌ស៊ើរ គ្មាន​ព្រះ​ណា​មួយ​របស់​ប្រជា‌ជាតិ​ទាំង​នោះ​រំដោះ​ពួក​គេ​បាន​ឡើយ។

13 រីឯ​ស្ដេច​ទាំង‌ឡាយ​របស់​ក្រុង​ហា‌ម៉ាត ក្រុង​អើផាឌ ក្រុង​សេផា‌វែម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា ក៏​ត្រូវ​វិនាស​អស់​គ្មាន​សល់​ដែរ!»។

14 ព្រះ‌បាទ​ហេ‌សេគា​ទទួល​លិខិត​ពី​អ្នក​នាំ​សារ​មក​អាន រួច​ទ្រង់​យាង​ឡើង​ទៅ​ព្រះ‌វិហារ យក​លិខិត​នោះ​ទៅ​បង្ហាញ​ព្រះ‌អម្ចាស់។

15 ព្រះ‌បាទ​ហេ‌សេគា​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ថា៖«ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​គង់​នៅ​លើ​ពួក​ចេរូប៊ីន*​អើយ! មាន​តែ​ព្រះ‌អង្គ​មួយ​គត់ ដែល​ជា​ព្រះ​របស់​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។