២ ពង្សា‌វតារ‌ក្សត្រ 2:11-17 KHSV

11 ក្នុង​ពេល​លោក​ទាំង​ពីរ​ដើរ​បណ្ដើរ​និយាយ​បណ្ដើរ ស្រាប់​តែ​មាន​រទេះ​ជា​ភ្លើង ទឹម​ដោយ​សេះ​ភ្លើង មក​ញែក​លោក​ទាំង​ពីរ​ឲ្យ​ឃ្លាត​ចេញ​ពី​គ្នា។ ពេល​នោះ ខ្យល់​ក៏​កួច​លោក​អេលីយ៉ា​ឡើង​ទៅ​ស្ថាន​បរម‌សុខ។

12 កាល​លោក​អេលីសេ​ឃើញ​ដូច្នេះ លោក​ស្រែក​ថា៖ «លោក​ឪពុក! លោក​ឪពុក​អើយ! លោក​ប្រៀប​ដូច​ជា​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​អ៊ីស្រា‌អែល!»។ បន្ទាប់​មក លោក​មើល​លោក​អេលីយ៉ា​លែង​ឃើញ​ទៀត។ លោក​យក​សម្លៀក‌បំពាក់​របស់​លោក​មក​ហែក​ជា​ពីរ

13 រួច​រើស​អាវ​ធំ​របស់​លោក​អេលីយ៉ា​ដែល​ជ្រុះ​មក​លើ​លោក​នោះ ហើយ​ត្រឡប់​ទៅ​មាត់​ទន្លេ​យ័រដាន់​វិញ។

14 លោក​អេលីសេ​យក​អាវ​ធំ​របស់​លោក​អេលីយ៉ា​វាយ​ទឹក​ទន្លេ ទាំង​មាន​ប្រសាសន៍​ថា៖ «តើ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​លោក​អេលីយ៉ា​គង់​នៅ​ទី​ណា?»។ ពេល​លោក​វាយ​ទឹក ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ហើយ​លោក​ដើរ​ឆ្លង​កាត់​ទៅ។

15 ក្រុម​ព្យាការី​ដែល​ឈរ​មើល​ពី​ត្រើយ​ម្ខាង​ក្បែរ​ក្រុង​យេរីខូ ពោល​ឡើង​ថា៖ «វិញ្ញាណ​របស់​លោក​អេលីយ៉ា មក​សណ្ឋិត​លើ​លោក​អេលីសេ​ហើយ!»។ ពួក​គេ​ទៅ​ជួប​លោក​អេលីសេ រួច​នាំ​គ្នា​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​លោក

16 ទាំង​ពោល​ថា៖ «ក្នុង​ចំណោម​យើង​ខ្ញុំ​ប្របាទ មាន​មនុស្ស​ពូកែ​អង់‌អាច​ហា‌សិប​នាក់ សូម​លោក​អនុញ្ញាត​ឲ្យ​គេ​ចេញ​ទៅ​រក​គ្រូ​របស់​លោក​ចុះ ក្រែង‌លោ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​នាំ​យក​គាត់​ទៅ​ទម្លាក់​នៅ​លើ​ភ្នំ ឬ​ក្នុង​ជ្រោះ​ណា​មួយ»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «កុំ​ចាត់​គេ​ឲ្យ​ទៅ​អី!»។

17 ប៉ុន្តែ ដោយ​គេ​ទទូច​ខ្លាំង​ពេក លោក​ក៏​យល់​ព្រម ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​ចាត់​ពួក​គេ​ឲ្យ​ទៅ​ចុះ!»។ គេ​ចាត់​មនុស្ស​ទាំង​ហា‌សិប​នាក់​នោះ​ឲ្យ​ទៅ​រក​លោក​អេលីយ៉ា អស់​រយៈ​ពេល​បី​ថ្ងៃ តែ​រក​មិន​ឃើញ​សោះ។