19 អ្នកក្រុងយេរីខូជម្រាបលោកអេលីសេថា៖ «លោកម្ចាស់ឃើញស្រាប់ហើយថា ក្រុងនេះមានទីតាំងប្រសើរណាស់ ប៉ុន្តែ ទឹកពុំល្អទេ ដូច្នេះ ដីមិនបង្កើតភោគផលឡើយ»។
20 លោកមានប្រសាសន៍ថា៖ «ចូរទៅយកចានគោមថ្មីមួយមកឲ្យខ្ញុំ ហើយដាក់អំបិលផង!»។ គេក៏ទៅយកមកជូនលោក។
21 លោកចេញទៅឯប្រភពទឹក ហើយចាក់អំបិលក្នុងទឹក ទាំងមានប្រសាសន៍ដូចតទៅ៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា “យើងនឹងធ្វើឲ្យទឹកនេះល្អឡើងវិញ គឺមិនបង្កឲ្យអ្វីៗស្លាប់ ឬក៏ធ្វើឲ្យដីឥតបង្កើតភោគផលទៀតដែរ”»។
22 ទឹកក៏ល្អរហូតដល់សព្វថ្ងៃ ស្របតាមពាក្យដែលលោកអេលីសេបានថ្លែង។
23 លោកអេលីសេធ្វើដំណើរពីទីនោះឡើងទៅបេតអែល។ ពេលកំពុងតែឡើងទៅនោះ មានក្មេងៗមួយក្រុមចេញពីទីក្រុងមក ហើយស្រែកប្រមាថលោកថា៖ «ឡើងទៅ តាទំពែក! ឡើងទៅ តាទំពែក!»។
24 លោកបែរមកមើលក្មេងទាំងនោះ ហើយដាក់បណ្ដាសាវាក្នុងនាមព្រះអម្ចាស់។ ស្រាប់តែមានមេខ្លាឃ្មុំពីរចេញពីព្រៃមក ហែកក្មេងទាំងនោះអស់សែសិបពីរនាក់។
25 លោកធ្វើដំណើរចេញពីទីនោះឆ្ពោះទៅកាន់ភ្នំកើមែល រួចត្រឡប់ទៅក្រុងសាម៉ារីវិញ។