២ ពង្សា‌វតារ‌ក្សត្រ 2:3-9 KHSV

3 មាន​ព្យាការី​មួយ​ក្រុម​នៅ​បេត‌អែល​ចេញ​មក​ជួប​លោក​អេលីសេ ជម្រាប​ថា៖ «តើ​លោក​ជ្រាប​ឬ​ទេ​ថា ថ្ងៃ​នេះ ព្រះ‌អម្ចាស់​លើក​គ្រូ​របស់​លោក​ឡើង​ទៅ​លើ​មេឃ»។ លោក​ឆ្លើយ​ថា៖ «ខ្ញុំ​ក៏​ដឹង​ដែរ មិន​បាច់​ប្រាប់​ទេ!»។

4 លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អេលីសេ​អើយ ចូរ​ចាំ​ខ្ញុំ​នៅ​ទី​នេះ​ហើយ ដ្បិត​ព្រះ‌អម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ក្រុង​យេរីខូ»។ លោក​អេលីសេ​តប​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ផ្ទាល់ ដែល​នៅ​មាន​ជីវិត​ថា ខ្ញុំ​នឹង​មិន​ឃ្លាត​ចាក​ពី​លោក​ឡើយ»។ លោក​ទាំង​ពីរ​ក៏​ទៅ​ដល់​ក្រុង​យេរីខូ។

5 មាន​ព្យាការី​មួយ​ក្រុម​នៅ​ក្រុង​យេរីខូ​នាំ​គ្នា​មក​ជិត​លោក​អេលីសេ ជម្រាប​ថា៖ «តើ​លោក​ជ្រាប​ទេ​ថា ថ្ងៃ​នេះ​ព្រះ‌អម្ចាស់​លើក​គ្រូ​របស់​លោក​ឡើង​ទៅ​លើ​មេឃ»។ លោក​ឆ្លើយ​ថា៖ «ខ្ញុំ​ក៏​ដឹង​ដែរ មិន​បាច់​ប្រាប់​ទេ!»។

6 លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ចូរ​ចាំ​ខ្ញុំ​នៅ​ទី​នេះ​ហើយ ដ្បិត​ព្រះ‌អម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ទន្លេ​យ័រដាន់»។ លោក​អេលីសេ​តប​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា ខ្ញុំ​នឹង​មិន​ឃ្លាត​ចាក​ពី​លោក​ឡើយ»។ លោក​ទាំង​ពីរ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

7 មាន​ព្យាការី​ហា‌សិប​នាក់​ដើរ​តាម​ពី​ក្រោយ ហើយ​ឈរ​ពី​ចម្ងាយ។ លោក​ទាំង​ពីរ​ឈប់​នៅ​មាត់​ទន្លេ​យ័រដាន់។

8 ពេល​នោះ លោក​អេលីយ៉ា​យក​អាវ​ធំ​របស់​លោក​មក​មូរ ហើយ​វាយ​ទឹក​ទន្លេ ទឹក​ក៏​ញែក​ចេញ​ពី​គ្នា។ លោក​ទាំង​ពីរ​ដើរ​កាត់​បាត​ទន្លេ។

9 កាល​លោក​ទាំង​ពីរ​ឆ្លង​ផុត​ហើយ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេលីសេ​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី​ពី​ខ្ញុំ ចូរ​សុំ​ឲ្យ​បាន​មុន​ពេល​ព្រះ‌អម្ចាស់ លើក​ខ្ញុំ​ឡើង​ទៅ​ឆ្ងាយ​ពី​អ្នក!»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «សូម​មេត្តា​ឲ្យ​វិញ្ញាណ​ដែល​ស្ថិត​នៅ​លើ​លោក មក​សណ្ឋិត​លើ​ខ្ញុំ​មួយ​ជា​ទ្វេ!»។