1 នៅគ្រានោះ ព្រះបាទហេសេគាប្រឈួនជាទម្ងន់ ហៀបនឹងសុគត។ ព្យាការីអេសាយ ជាកូនរបស់លោកអម៉ូស មកគាល់ស្ដេច ទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា សូមព្រះករុណាផ្ដែផ្ដាំរាជវង្សានុវង្សឲ្យហើយទៅ ដ្បិតព្រះករុណាមិនរស់រានតទៅទៀតទេ ព្រះករុណាជិតសោយទិវង្គតហើយ»។
2 ព្រះបាទហេសេគាបែរព្រះភ័ក្ត្រទៅរកជញ្ជាំងទូលអង្វរព្រះអម្ចាស់ដូចតទៅ៖
3 «ឱ! ព្រះអម្ចាស់អើយ សូមកុំភ្លេចឡើយថា ទូលបង្គំបានដើរតាមមាគ៌ារបស់ព្រះអង្គ ដោយចិត្តស្មោះស្ម័គ្រ និងចិត្តទៀងត្រង់ ទូលបង្គំប្រព្រឹត្តតែអំពើដែលព្រះអង្គគាប់ព្រះហឫទ័យប៉ុណ្ណោះ!»។ ព្រះបាទហេសេគាបង្ហូរជលនេត្រយ៉ាងខ្លាំង។
4 ពេលនោះ ព្យាការីអេសាយមិនទាន់ចេញផុតពីធ្លាធំនៃរាជវាំងផង ស្រាប់តែព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកដូចតទៅ៖
5 «ចូរវិលទៅប្រាប់ស្ដេចហេសេគា ជាអ្នកដឹកនាំប្រជារាស្ត្ររបស់យើងថា: ព្រះអម្ចាស់ ជាព្រះរបស់ស្ដេចដាវីឌ ដែលជាអយ្យកោរបស់ព្រះករុណា ទ្រង់មានព្រះបន្ទូលដូចតទៅ: “យើងឮពាក្យអង្វររបស់អ្នក ហើយយើងក៏បានឃើញទឹកភ្នែករបស់អ្នកដែរ។ យើងនឹងប្រោសអ្នកឲ្យបានជា ហើយនៅថ្ងៃទីបី អ្នកនឹងឡើងទៅកាន់ដំណាក់ព្រះអម្ចាស់។
6 យើងនឹងបន្ថែមអាយុឲ្យអ្នកដប់ប្រាំឆ្នាំទៀត។ យើងនឹងរំដោះអ្នក ព្រមទាំងរំដោះក្រុងយេរូសាឡឹមនេះឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរី។ យើងក៏នឹងការពារក្រុងនេះដោយយល់ដល់នាមរបស់យើង និងយល់ដល់ដាវីឌ ជាអ្នកបម្រើយើង”»។
7 ព្យាការីអេសាយបង្គាប់ទៅរាជបម្រើថា៖ «ចូរយកម្សៅឧទុម្ពរមួយកញ្ចប់លាបលើដំបៅ នោះព្រះបាទហេសេគានឹងបានរស់រានមិនខាន»។